ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​របស់​ខ្លួន​ទាំង ២ ចិន និង​រុស្ស៊ី​ គឺ​កំពុង​រង​ការ​សាកល្បង​យ៉ាង​ខ្លាំង ​ខណៈ​ពេល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​បង្ហាញ​ជំហរ​តឹងរ៊ឹង​ចំពោះ​ប្រទេស​ទាំង ២ នេះ កាល​ពី​សប្ដាហ៍​មុន។

ជម្លោះ​ជា​សាធារណៈ​របស់​អាមេរិក​ជាមួយ​ចិន និង​រុស្ស៊ី​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ពុធ ទី ១៧ មីនា នៅ​ពេល​ដែល​លោក Biden បាន​និយាយ​លើ​កញ្ចក់​ទូរទស្សន៍​ថា លោក​ចាត់​ទុក​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជា «ឃាតក» និង​ជា​មនុស្ស​គ្មាន​ព្រលឹង ហើយ​ចោទ​ប្រកាន់​រុស្ស៊ី​ថា បាន​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០២០។ រដ្ឋបាល​លោក Biden បាន​និយាយ​ថា ខ្លួន​កំពុង​រៀបចំ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​វាយ​ការ​ប្រហារ​តាម​អ៊ីនធឺណិត និង​ការ​ជ្រៀត​ចូល​ក្នុង​ការ​បោះឆ្នោត។

ក្រុង​ម៉ូស្គូ​បាន​ឆ្លើយ​តប​នឹង​សម្ដី​របស់​លោក Biden ដោយ​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន ​ឱ្យ​ត្រឡប់​មក​វិញ ដើម្បី​ពិភាក្សា​អនាគត​នៃ​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក។ នៅ​ថ្ងៃ​ព្រហស្បតិ៍​លោក Putin បាន​ឆ្លើយ​តប​ដោយ​និយាយ​ថា រដ្ឋ​របស់​អាមេរិក​ទាំង​អស់​បាន​ប្រឈម​នឹង «ព្រឹត្តិការណ៍​បង្ហូរ​ឈាម» ហើយ​លោក​បាន​បន្ថែម​ទៀត​ថា លោក Biden កំពុង​ចោទ​ប្រកាន់​មេ​ដឹកនាំ​រុស្ស៊ី​ពី​អ្វី​​ដែល​លោក​បាន​ប្រព្រឹត្ត​ខ្លួន​ឯង។

លោក Putin ក៏​បាន​ចង្អុល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ទាសភាព​នៅ​អាមេរិក​ការ​សម្លាប់​រង្គាល​ជនជាតិ​ដើម​អាមេរិក និង​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើកទី២ ហើយ​និយាយ​ថា «ត្រូវ​ការ​ម្នាក់ ​ដើម្បី​ស្គាល់​ម្នាក់​ទៀត»។

២៤ ម៉ោង ​បន្ទាប់​ពី​ការ​អត្ថាធិប្បាយ​របស់​លោក Biden រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Anthony Blinken និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Jake Sullivan បាន​ធ្វើ​ការ​រិះគន់​សមភាគី​ចិន ​ជុំវិញ​បញ្ហា​ជា​ច្រើន​ក្នុង​កិច្ចប្រជុំ​ការ​ទូត​ជាន់​ខ្ពស់​ចិន-អាមេរិក​ដំបូង ​តាំង​ពី​លោក​ចូល​កាន់​អំណាច។

លោក​ Blinken បាន​បើក​កិច្ចប្រជុំ​ដោយ​និយាយ​ថា៖ «យើង​នឹង​ពិភាក្សា​ពី​ការ​ព្រួយ​បារម្ភ​ដ៏​ជ្រាលជ្រៅ​របស់​យើង​ជាមួយ​សកម្មភាព​របស់​ចិន​ដែល​រួម​មាន​ស៊ីនជាំង ហុងកុង តៃវ៉ាន់ ការ​វាយប្រ​ហារ​តាម​អ៊ីនធឺណិត​លើ​សហរដ្ឋអាមេរិក និង​ការ​បង្ខិតបង្ខំ​សេដ្ឋកិច្ច​របស់​សម្ព័ន្ធមិត្ត​យើង»។ លោក​បាន​បន្ត​ទៀត​ថា៖ «សកម្មភាព​នីមួយៗ​ទាំង​នេះ គំរាម​កំហែង​ដល់​សណ្ដាប់​ធ្នាប់​ផ្អែក​លើ​ច្បាប់​ដែល​រក្សា​ស្ថិរភាព​ពិភព​លោក»។

ទីប្រឹក្សា​រដ្ឋ​ចិន​លោក Yang Jiechi និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ឆ្លើយតប​វិញ​ដោយ​រិះគន់​អាមេរិក​ថា ថ្កោល​សកម្មភាព​របស់​ចិន ខណៈ​ខ្លួន​មិន​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន​ដែល​រួម​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​អាមេរិក​ដើម​កំណើត​អាស៊ី​ ឬ​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត និង​ភាព​វឹកវរ​នយោបាយ ​បន្ទាប់​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០។

«សហរដ្ឋអាមេរិក​ប្រើ​កម្លាំង​យោធា និង​អនុត្តរភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន ​ដើម្បី​អនុវត្ត​យុត្តាធិការ​ដៃ​វែង និង​បង្ក្រាប​ប្រទេស​ដទៃ​ទៀត» លោក Yang Jiechi បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា៖ «អាមេរិក​រំលោភ​លើ​អ្វី​ដែល​គេ​ហៅ​ថា ​សញ្ញាណ​សន្តិសុខ​ជាតិ ​ដើម្បី​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ធម្មតា ​និង​ញុះញង់​ប្រទេស​មួយ​ចំនួន​ឱ្យ​វាយ​ប្រហារ​ប្រទេស​ចិន»។

លោក​ Blinken និង​លោក Sullivan បាន​និយាយ​ទៅ​វិញ​ថា អាមេរិក​មិន​ល្អ​ឥត​ខ្ចោះ​ទេ ​ប៉ុន្តែ​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​បែប​នេះ ​ដោយ​បើក​ចំហ និង​ដោយ​ស្មោះត្រង់។ លោក Sullivan បាន​និយាយ​ថា ឆន្ទៈ​របស់​ជនជាតិ​អាមេរិក​ក្នុង​ការ​ប្រឈម​នឹង​ការ​ខ្វះខាត​របស់​ពួក​គេ​គឺ «ទឹក​ជ្រលក់​សម្ងាត់» នៃ​ភាពជោគជ័យ​របស់​សហរដ្ឋ​អាមេរិក។

លោក​ Blinken ដែល​ទើប​តែ​បាន​បញ្ចប់​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង ​ជាមួយ​លោក Lloyd Austin រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រាប់​លោក Wang Yi និង​លោក Yang Jiechi ថា៖ «ខ្ញុំ​ត្រូវ​តែ​ប្រាប់​អ្នក​ថា ​​អ្វី​ដែល​ខ្ញុំ​ឮ គឺ​ខុសគ្នា​​ពី​អ្វី​ដែល​អ្នក​បាន​ពិពណ៌នា។ ខ្ញុំ​ឮ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​សហរដ្ឋ​អាមេរិក​វិល​ត្រឡប់​មក​វិញ​ហើយ ​ដែល​យើង​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត និង​ដៃគូ​របស់​យើង​ឡើង​វិញ ខ្ញុំ​ក៏​ឮ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សកម្មភាព​មួយ​ចំនួន ​ដែល​រដ្ឋាភិបាល​របស់​អ្នក​បាន​ធ្វើ»។

ភាគី​ទាំង​សង​ខាង​មិន​ព្រម​ដក​ថយ ហើយ​ប្រជែង​គ្នា​ដើម្បី​និយាយ​ពាក្យ​ចុង​ក្រោយ​ចំពោះ​មុខ​កាមេរ៉ា​អ្នក​សារព័ត៌មាន។ លោក Yang Jiechi បាន​និយាយ​ថា មន្ត្រី​អាមេរិក​បាន​និយាយ​ជាមួយ​ភាគី​ចិន​ដោយ​របៀប​និយាយ​មិន​សមរម្យ។ លោក​ក៏​បាន​និយាយ​ទៀត​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​រុញ​អ្នកសារព័ត៌មាន​ឱ្យ​ចេញ​ទៅ​ក្រៅ​បន្ទប់​ ​គឺ​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​មិន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

ក្រោយ​ការ​ប្រជុំ​បាន​បញ្ចប់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក ១ រូប ​បាន​ចោទ​ប្រកាន់​ភាគី​ចិន​ថា​បាន «រំលោភ​ពិធីសារ» ដោយ​មាន​ចេតនា​មក​កិច្ច​ប្រជុំ​នេះ​បង្ហាញ​ភាព​លេច​ធ្លោ​ចំពោះ​កាមេរ៉ា។

ការ​អត្ថាធិប្បាយ​ខ្លាំងៗ​របស់​លោក Biden អំពី​លោក Putin បាន​ឆ្លុះបញ្ចាំង​ពី​ការ​ផ្លាស់ប្ដូរ​គោល​នយោបាយ​ផ្សះផ្សា​ជាមួយ​រុស្សី​របស់​លោក Donald Trump ប៉ុន្តែ​ការ​រិះគន់​ប្រទេស​ចិន ​ដោយ​លោក Blinken និង​លោក Sullivan បង្ហាញ​ពី​ភាព​ដូច​គ្នា​នៃ​គោល​នយោបាយ​ចំពោះ​ក្រុង​ប៉េកាំង ​របស់​រដ្ឋបាល​បច្ចុប្បន្ន និង​រដ្ឋបាល​មុន។

អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​បែប​នេះ​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​ជាមួយ​ចិន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​តាំង​ពី​ពេល​បេសកកម្ម​របស់​ប្រធានាធិបតី Richard Nixon ក្នុង​ការ «បើក»រដ្ឋ​កុម្មុយនីស្ត​ដែល​នៅ​ឯកោ កាល​ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ ហើយ​ចំណង​ទាក់ទង​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​អាច​ធ្លាក់​ដល់​ចំណុច​លំបាក​បំផុត​តាំង​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត៕