ក្រុងបាងកក៖ គណបក្សភឿថៃ បាននិយាយកាលពីថ្ងៃអាទិត្យថាលោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន-អូចា ត្រូវតែបញ្ជាក់ឲ្យច្បាស់ថា រដ្ឋាភិបាលមិននៅពីក្រោយសុន្ទរកថាដ៏ចម្រូងចម្រាសរបស់ប្រមុខកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong ប្រឆាំងនឹងការសិក្សា និងកិច្ចការនយោបាយ។
អ្នកនាំពាក្យគណបក្សភឿថៃ លោក បានថ្លែងថា លោកឆ្ងល់ថា តើលោកឧត្តមសេនីយ៍ត្រូវបានណែនាំឲ្យថ្លែងសុន្ទរកថារបស់លោក ដោយអ្នកណាម្នាក់ ក្នុងជួររដ្ឋាភិបាល ដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណៈចេញពីប្រជាប្រិយភាពដែលកំពុងធ្លាក់ចុះរបស់រដ្ឋាភិបាលដែរ ឬយ៉ាងណា?
លោក Anusorn បានថ្លែងថា៖ «លោកឧត្តមសេនីយ៍ ប្រាយុធ ត្រូវតែបង្កើតគណៈកម្មាធិការមួយធ្វើការតាមដានបញ្ហានោះ ដើម្បីធានាចំពោះសាធារណជនថា រដ្ឋាភិបាលនេះ មិនបានប្រើប្រាស់កងទ័ពជាឧបករណ៍នយោបាយទេ ហើយថាកងទ័ពនោះមិនព្យាយាមគាំទ្ររដ្ឋាភិបាល ដើម្បីឲ្យបាត់បង់អព្យាក្រឹតភាពរបស់ខ្លួនទេ»។
ជាការឆ្លើយតបនោះលោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន-អូចា កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យគណបក្សទាំងអស់ចូលរួមក្នុងកិច្ចការនយោបាយស្ថាបនា ខណៈសង្គ្រាមពាក្យសម្តីរវាងប្រមុខកងទ័ព និងគណបក្សអនាគតឆ្ពោះទៅមុខ បន្តបង្កឲ្យមានបញ្ហានោះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា បើគ្មានការចូលរួមនយោបាយស្ថាបនាទេ កំណែទម្រង់នយោបាយក៏មិនអាចបន្តទៅមុខបានដែរ។ លោកបានថ្លែងទៀតថា៖ «បច្ចុប្បន្ននេះ ប្រជាជនអាចបែងចែក [រវាងភាពត្រឹមត្រូវ និងកំហុសឆ្គងបាន]។ ប្រសិនបើយើងធ្វើការរួមគ្នាទេ ប្រទេសរបស់យើងនឹងរីកចម្រើនខ្លាំង និងប្រកបដោយនិរន្តរភាពថែមទៀតផង។ ទាំងអ្នកនយោបាយជំនាន់មុន និងជំនាន់ក្រោយ ត្រូវតែប្រឹងប្រែងធ្វើការរួមគ្នាទោះបីមាននរណាម្នាក់មាននិន្នាការរិះគន់ប្រទេសរបស់ពួកគេផ្ទាល់ដែលនាំឲ្យពួកគេរិះគន់ខ្លួនពួកគេផ្ទាល់ក្តី»៕ BKP/PS