កាលពីថ្ងៃអង្គារ ទី ១៧ មីនា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់-អូចា ជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកបានចាក់វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca ក្នុងប្រទេសថៃ ខណៈប្រទេសអឺរ៉ុបមួយចំនួនព្យួរការចាក់វ៉ាក់សាំងនេះ រង់ចាំលទ្ធផលនៃការស៊ើបអង្កេតករណីកកឈាមបន្ទាប់ពីការចាក់។
«មានមនុស្សដែលមានការព្រួយបារម្ភ» លោក ប្រាយុធ និយាយបន្ទាប់ពីការចាក់វ៉ាក់សាំង ហើយបន្តទៀតថា៖ «ប៉ុន្តែយើងត្រូវតែជឿលើក្រុមគ្រូពេទ្យ ជឿលើអ្នកជំនាញវេជ្ជសាស្ត្ររបស់យើង»។ លោកក៏បានបន្ថែមទៀតថា លោក និងរដ្ឋមន្ត្រី ១៥ រូបទៀតមិនទទួលរងផលប៉ះពាល់ពីវ៉ាក់សាំងនេះ ហើយមានសភាពធម្មតាទាំងអស់។
កាលពីសប្ដាហ៍មុនប្រទេសថៃ គឺជាប្រទេសដំបូងគេនៅក្រៅទ្វីបអឺរ៉ុបដែលបានផ្អាកប្រើវ៉ាក់សាំង AstraZeneca ជាបណ្ដោះអាសន្ន។ ប្រទេសឥណ្ឌូនេស៊ី បានសម្រេចផ្អាកដែរ កាលពីថ្ងៃចន្ទនេះ ដោយនិយាយថា ពួកគេកំពុងរង់ចាំរបាយការណ៍ពេញលេញពីអង្គការសុខភាពពិភពលោកទាក់ទងនឹងផលប៉ះពាល់ដែលអាចកើតមាន។
ប៉ុន្តែអាជ្ញាធរសុខាភិបាលថៃបានសម្រេចធ្វើការចាក់វ៉ាក់សាំង AstraZeneca វិញដោយលោក ប្រាយុធ និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកជាបុគ្គលដែលទទួលវ៉ាក់សាំងនេះដំបូងគេក្នុងប្រទេសថៃ។
ប្រទេសមួយចំនួនធំនៅអឺរ៉ុប ដែលរួមមានអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញ បានផ្អាកការចាក់វ៉ាក់សាំង AstraZeneca បន្ទាប់ពីមានការរាយការណ៍អំពីការកកឈាមដែលមានគ្រោះថ្នាក់នៅក្នុងអ្នកបានទទួលមួយចំនួនតូច។
ការផ្អាកនេះធ្វើឡើងបើទោះបីជាក្រុមហ៊ុន Astra Zeneca និងនិយតករអន្តរជាតិដូចជា អង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៃសហភាពអឺរ៉ុបនិយាយថា ទិន្នន័យមិនបានបង្ហាញថាវ៉ាក់សាំងនេះបានបណ្តាលឱ្យមានកំណកឈាមហើយប្រជាជនគួរតែបន្តទទួលវ៉ាក់សាំង។ EMA នឹងរៀបចំកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការពិភាក្សាលទ្ធផលនៃការស៊ើបអង្កេតរបស់ពួកគេ។
ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏បានឱ្យដឹងផងដែរថា ពួកគេនឹងបន្តទៅមុខទៀតជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca។
នៅប្រទេសហ្វីលីពីន អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយថា ប្រទេសរបស់លោកមិនបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងនេះទេ ពីព្រោះអត្ថប្រយោជន៍មានច្រើនជាងហានិភ័យ។ រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីន បានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៥២ ៥០០ ដូស ក្រោមកម្មវិធី COVAX របស់ WHO ហើយចាក់បានចំនួន ១២ ៧៨៨ ដូស។
«នៅមិនទាន់មានទិន្នន័យច្បាស់លាស់ដែលបង្ហាញថា ការកកឈាម គឺបណ្ដាលមកពី AstraZeneca។ ប្រសិនបើទិន្នន័យបែបនេះនឹងចេញមក ប្រហែលជាយើងក៏នឹងបញ្ឈប់ការប្រើប្រាស់ AstraZeneca ដែរ» លោក Roque បាននិយាយបែបនេះ ហើយបន្តទៀតថា៖ «រហូតមកដល់ពេលនេះអ្នកជំនាញរបស់យើងកំពុងនិយាយម្ដងទៀតថា អត្ថប្រយោជន៍ដែលយើងទទួលបានពីការប្រើប្រាស់ AstraZeneca គឺធំជាងផលប៉ះពាល់នៃវ៉ាក់សាំងនេះ»។
រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក Greg Hunt បាននិយាយថា ប្រទេសរបស់លោកនឹងមិនបញ្ឈប់ការចាក់វ៉ាក់សាំងទេ។ រហូតមកដល់ពេលនេះប្រទេសអូស្ត្រាលី បានចាក់វ៉ាក់សាំងនេះដល់ប្រជាជន ប្រមាណ ២០០ ០០០ នាក់ ហើយគ្រោងនឹងនាំចូល និងផលិតវ៉ាក់សាំងនេះចំនួន ៧០ លានដូស។
លោក Hunt បានប្រាប់រដ្ឋសភាអូស្ត្រាលីថា៖ «រដ្ឋាភិបាលដាច់ខាតគាំទ្រការចែកចាយវ៉ាក់សាំង AstraZeneca ហើយមូលហេតុ គឺសាមញ្ញណាស់ គឺដោយសារវា (វ៉ាក់សាំង) ជួយសង្គ្រោះជីវិត និងការពារអាយុជីវិត ហើយការសម្រេចចិត្តបែបនេះ គឺធ្វើឡើងដោយផ្អែកលើយោបល់វេជ្ជសាស្ត្រ។
អ្នកប្រើប្រាស់វ៉ាក់សាំង AstraZeneca ធំជាងគេ គឺប្រទេសឥណ្ឌា។ ក្នុងចំណោមប្រជាជនជាង ២៥,៦ លាននាក់នៅក្នុងប្រទេសឥណ្ឌា ដែលបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ ដង នោះមានមនុស្សជាង ២៣,៤ លាននាក់បានទទួលការចាក់វ៉ាក់សាំង AstraZeneca នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។
មន្ត្រីសុខាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ថា មានព្រឹត្តិការណ៍ប្រតិកម្មមិនល្អសរុបចំនួន ២៣២ ករណី បន្ទាប់ពីការទទួលវ៉ាក់សាំង ក្នុងនោះមានករណីស្លាប់ ៧១ ករណី ប៉ុន្តែមិនមានភ័ស្តុតាងថា វ៉ាក់សាំងបានបង្កឱ្យមានហេតុការណ៍ទាំងនេះទេ។
ក្រុមហ៊ុន AstraZeneca បានបង្កើតមូលដ្ឋានសម្រាប់ផលិតវ៉ាក់សាំងយ៉ាងធំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ក្រុមហ៊ុន AstraZeneca បានធ្វើកិច្ចសន្យាជាមួយនឹងវិទ្យាស្ថានសេរ៉ូមឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបើគិតតាមបរិមាណផលិត ដើម្បីផលិតវ៉ាក់សាំងពួកគេចំនួន ១ ពាន់លានដូស សម្រាប់នាំចេញទៅប្រទេសកំពុងអភិវឌ្ឍន៍។ គិតត្រឹមថ្ងៃទី ៤ ខែមីនា វិទ្យាស្ថានសេរ៉ូមឥណ្ឌាបាននាំចេញវ៉ាក់សាំង AstraZenecaជាង ៤៨,១ លានដូស ដែលក្នុងនោះមាន ១១,៩ លានដូសផ្គត់ផ្គង់ទៅកាន់ COVAX និង ២៨,៨ លានដូសផ្សេងទៀត ជាការនាំចេញពាណិជ្ជកម្ម។ វ៉ាក់សាំងរាប់រយលានដូសទៀត គឺនឹងផលិតនៅអូស្ត្រាលី ជប៉ុន ថៃ និងកូរ៉េខាងត្បូង។
យ៉ាងណាមិញ រដ្ឋាភិបាលថៃបានបញ្ជាទិញវ៉ាក់សាំង AstraZeneca ចំនួន ៦១ លានដូស ដែលភាគច្រើននឹងផលិតក្នុងស្រុកដោយក្រុមហ៊ុន Siam Bioscience របស់ព្រះមហាក្សត្រថៃ។ តែវ៉ាក់សាំងផលិតក្នុងស្រុកនេះមិនត្រូវបានគេរំពឹងថា នឹងមានសម្រាប់ការចាក់រហូតដល់ខែមិថុនា នៅពេលដែលប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមយុទ្ធនាការចាក់ខ្នាតធំរបស់ខ្លួន។ វ៉ាក់សាំងចាក់ជូនលោក ប្រាយុធ គឺជាផ្នែកមួយនៃការនាំចូលវ៉ាក់សាំង AstraZeneca ចំនួន ១១៧ ៣០០ ដូស កាលពីដើមខែនេះ សម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្ន។
ក្រៅពី AstraZeneca ប្រទេសថៃ ក៏បានបញ្ជាទិញវ៉ាក់សាំង Coronavac របស់ក្រុមហ៊ុនចិនចំនួន ២ លានដូសផងដែរ។ មកដល់ពេលនេះប្រទេសថៃ បានទទួលវ៉ាក់សាំងចិននេះចំនួន ២០០ ០០០ ដូស ដោយវ៉ាក់សាំងចំនួន ៨០០ ០០០ ដូសទៀតនឹងមកដល់ចុងខែនេះ ហើយ ១ លានដូសទៀតនឹងមកដល់នៅខែមេសា។ កាលពីចុងខែកុម្ភៈ រដ្ឋបាលម្ហូបអាហារ និងឱសថថៃបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Coronavac ក្នុងគ្រាអាសន្ន៕