កាលពីថ្ងៃចន្ទ ទី ១៩ មេសា នាយករដ្ឋមន្ត្រីថៃបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ហើយបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅធ្វើជាតំណាងប្រទេសថៃនៅក្នុងកិច្ចប្រជុំនេះ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bangkok Post ។
កិច្ចប្រជុំកំពូលពិសេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នឹងត្រូវកោះប្រជុំនៅរដ្ឋធានីឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ មេសា ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលកំពុងកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការសម្រេចចិត្តនេះមិនត្រូវបានគេដឹងពីហេតុផលជាក់លាក់របស់នាយករដ្ឋមន្ត្រីថៃក្នុងការមិនចូលរួមកិច្ចប្រជុំអាស៊ាននេះឡើយ។ ចំពោះកិច្ចប្រជុំនាពេលខាងមុខនេះរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Don Pramudwinai ព្រមទាំងជាឧបនាយករដ្ឋមន្ត្រីថៃផងនោះ នឹងចូលរួមជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ដទៃទៀត ដើម្បីពិភាក្សាពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា៕