ក្រុងឡុងដ៍៖ ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ស្រី ​ថេ​​រ៉េសា​ ម៉េ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​លោក​ស្រី​ នឹង​ស្វែងរក​កិច្ច​ពិភាក្សា​បន្ថែម​ទៀត​ជា​មួយ​ក្រុង​ប៊្រុចសែល​ ដើម្បី​ស្តារ​កិច្ច​ព្រមព្រៀង​ Brexit របស់​លោក​ស្រី​ឡើង​វិញ​ ប៉ុន្តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មិន​ផ្តល់​អ្វី​ថ្មី​ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​អស់​រយៈ​ពេល​ ១០ ​សប្តាហ៍​ មុន​ពេល​អង់គ្លេស​ចាក​ចេញ​ពី ​EU នោះ​​។

ក្រុម​សមាជិក​សភា​អង់គ្លេស​កាល​ពី​សប្តាហ៍​មុន បាន​ច្រាន​លក្ខខណ្ឌ​នៃ​ការ​ចាក​ចេញ​ ដែល​លោក​ស្រី​ ម៉េ បាន​សម្រេច​ជា​មួយ​ប្លុក​នេះ​ ដោយ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ​អង់គ្លេស​ចាក​ចេញ​ពី​ EU ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ នៅ​​ថ្ងៃ​ទី​ ២៩​ ខែ​មីនា​ ​​ខាង​មុខ​នេះ​។

លោក​ស្រី​ បាន​ឆ្លើយ​តប​ដោយ​ធ្វើ​ការ​ចរចា​ជា​មួយ​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​ក្រោយ​មក ​​ពួក​គេ​បាន​រិះ​គន់​ថា លោក​ស្រី​ មិន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដែល​​បច្ចុប្បន្ន លោក​ស្រី​បាន​បង្វែរ​ការ​ផ្តោត​ទៅ​លើ​ការ​ឈ្នះ​នៅ​ខាង​ភាគី​របស់​លោក​ស្រី​វិញ​។

ក្រុម​សមាជិក​សភា​បក្ស​អភិរក្ស​របស់​លោក​ស្រី និង​ក្រុម​សម្ព័ន្ធមិត្ត​អៀរឡង់​ខាង​ជើង​​របស់​ពួក​គេ​នៅក្នុង​​គណបក្ស​សមាជិក​សហជីព​ប្រជា​ធិបតេយ្យ​ (DUP)​ ​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ការ​ «​គាំទ្រ​»​ ផែន​ការ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប ដែល​បាន​រៀបចំ​ឡើង​ ដើម្បី​បើក​ព្រំដែន​អៀរ​ឡង់​។

លោក​ស្រី​ម៉េ​ បាន​ប្រាប់​សភា​អង់គ្លេស​ថា ​អាច​នឹង​មាន​ការ​​រីក​ចម្រើន​​នៅ​ក្នុង​តំបន់​នេះ​ ដោយ​និយាយ​ថា​៖ «​ខ្ញុំ ​នឹង​ធ្វើ​ការ​ចរចា​បន្ថែម​ទៀត​ទៅ​កាន់​សហការី​នៅ​សប្តាហ៍​នេះ នៅ​ក្នុង​នោះ​រួម​មាន​សមាជិក​​បក្ស​ DUP ​បន្ទាប់​ពី​នោះ​ខ្ញុំ​នឹង​ធ្វើ​ការ​សន្និដ្ឋាន​ដល់​ការ​ពិភាក្សា​ទាំង​អស់​នោះ​ត្រឡប់​ទៅ​កាន់​ EU​ វិញ​»។

លោក​ស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​​ អ្វី​ដែល​លោកស្រី ​​អាច​ស្នើសុំ​​ពី​ក្រុង​ប្រ៊ុចសែល​​ ប៉ុន្តែ​​​​ថា ​លោក​ស្រី​ទន្ទឹង​រង់​ចំា​ទទួល​ព័ត៌មាន​លម្អិត​អំពី​សំណើ​មួយ​ពី​ប្រទេស​ ប៉ូឡូញ ​​​​​​​​ទាក់ទង​នឹង​​ដំណើរ​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ពេល​ខាង​មុខ​នេះ​៕ AFP/SK