ក្រុង​សេអ៊ូលៈ ​នាយក​រដ្ឋមន្ត្រី​លោក​ ឈុង​ យី​-យុន ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ស្នើ​ឲ្យ​មន្ត្រី​សាធារណៈ​ ត្រូវ​ត្រៀមលក្ខណៈ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ ប្រឆាំង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩​ ដោយ​បាន​ព្រមាន​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​ ដោយសារ​​ការ​មិន​អនុវត្ត​ជា​មួយ​ច្បាប់​គម្លាត​សង្គម​ នឹង​ប្រឈម​មុខ​ជា​មួយ​វិធាន​ការ​វិន័យ​ផ្តន្ទា​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​។​

​លោក ​ឈុង​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​មួយ​នៅ​វិមាន​រដ្ឋាភិ​បាល​ក្រុង​សេអ៊ូល​ថា៖ ​«​នៅ​ក្នុង​ករណី​វិន័យ​ធូររលុង​ នៅ​ក្នុង​វិស័យ​សាធារណៈ ​ដូច​ជា​ករណី​ជា​ច្រើន​ដែល​បុគ្គលិក​ការិយា​ល័យ​សាធារណៈ​ បាន​តេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា​ ដោយសារ​មិន​បាន​អនុវត្ត​វិធាន​ការ​ប្រឆាំង​វីរុស​ យើង​នឹង​ស្វែង​រក​វិធាន​ការ​វិន័យ​ផ្តន្ទា​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ពួក​គេ​»​។​

​លោក​ ឈុង ​បាន​បញ្ជាក់​ថា ​នៅក្នុងថ្ងៃ​បុណ្យ​ឈប់​សម្រាក​ចុង​ឆ្នាំ​មក​ដល់​ គឺ​នៅ​ពេល​វិស័យ​សាធារណ​អាច​ធ្លាក់​ចុះ​ខ្សោយ​វិន័យ​កាន់​តែ​ខ្លាំង​ឡើង​ ជា​ពិសេស​ដោយ​សារ​ការ​អស់កម្លាំង​ជា​បន្ត​បន្ទាប់​ ជុំ​វិញ​ការ​ដោះ​ស្រាយ​ជា​មួយ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩​ ពេញ​មួយ​ឆ្នាំ​។​

​លោក​នាយក​រដ្ឋ​មន្ត្រីបាន​ចេញ​បញ្ជា​ឲ្យ​វិស័យ​សាធារណៈ ​ត្រូវ​អនុវត្ត​យ៉ាង​សកម្ម​ឲ្យ​ធ្វើ​ការ​ពី​ចម្ងាយ​នៅ​ក្នុង​ផ្ទះ​ និង​ទប់​ស្កាត់​រារាំង​ពួក​គេ​មិន​ឲ្យ​ធ្វើ​ការ​ជួប​ជុំ​ជា​លក្ខណៈ​ឯក​ជន​ ធ្វើ​អាជី​វកម្ម​និង​ធ្វើ​ការ​ប្រមូល​ផ្តុំ​ ក្នុង​ចំណោម​ក្រុម​បុគ្គ​លិក​របស់​ពួក​គេ​នៅ​ក្នុង​ក្រុម​ហ៊ុន​។

លោក​ ឈុង ​ក៏​បាន​រំឭក​ឲ្យ​ក្រុម​មន្ត្រី​រួប​រួម​សមត្ថ​ភាព​គ្រប់គ្រង​ជំងឺ​ឲ្យ​បាន​ជោគ​ជ័យ​ទាំង​ស្រុង​ ដើម្បី​ធានា​ធ្វើ​តេស្ត​សមត្ថ​ភាព​អប់​រំ​សិស្ស​សាកល​វិទ្យា​ល័យ ​(CSAT) ​នៅ​ទូ​ទាំង​ប្រទេស​ គឺ​រៀប​ចំ​ធ្វើ​ឡើង​ដោយ​សុវត្ថិ​ភាព​៕ Yonhap/SK