ក្រុង​ឡុង​ដ៍ៈ លោកស្រី​នាយក​រដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ កាល​ពី​ថ្ងៃ​ចន្ទ បាន​ព្រមាន​ក្រុម​សមាជិក​សភា​ប្រឆាំង​នឹង ប្រជាមតិ​លើក​ទី ២ សម្រាប់​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប (EU) ដោយ​បាន​ថ្លែង​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​នយោបាយ​អង់គ្លេស។

យោងតាម​សម្តី​ដកស្រង់​ពី​សុន្ទរកថា​របស់លោក​ស្រី​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​នោះ លោកស្រី​គ្រោង​ថ្លែង​ប្រាប់​សភា​ថា៖ «ចូរ​យើង​កុំ​ក្បត់​ពាក្យ​សន្យា​ជាមួយ​ប្រជាជន​អង់គ្លេស​តាមរយៈ​ការ​ធ្វើ​ប្រជាមតិ​មួយ​ទៀត​នោះ»។

លោកស្រី បាន​ថ្លែងថា៖ «ការបោះឆ្នោត​មួយទៀត នឹង​បង្ក​ការប៉ះពាល់​ដល់​សុចរិត​ភាព​នៃ​គោល​នយោបាយ​របស់​យើង»។

លោកស្រី​បន្ថែមថា ការបោះឆ្នោត​លើក​ទី ២ នឹង​ទំនងជា​ធ្វើ​ឲ្យ​យើង​លែង​ទៅ​មុខ​រួច។

លោកស្រី បាន​ថ្លែងថា ការធ្វើ​ប្រជាមតិ​មួយទៀត​នោះ នឹងធ្វើ​ឲ្យ​ប្រទេស​របស់​យើង​បែក​បាក់​ថែម​ទៀត ខណៈ​ដែល​យើង​បាន​និង​កំពុង​ធ្វើការ​រួបរួម​គ្នា​នេះ។

អង់គ្លេស បាន​បោះឆ្នោត​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ ២០១៦ និង​គ្រោង​ចាក​ចេញ​នៅ​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០១៩ ថ្វីបើ​លោកស្រី​ម៉េ​​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​សភា​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ចាក​ចេញ​មួយ ដែល​លោកស្រី បាន​សម្រេច​កាល​ពី​ខែ​មុន​ក្តី។

លោកស្រី បាន​ប្រឈម​នឹង​ការអំពាវនាវ​ជាច្រើន​ឲ្យ​ធ្វើ​ប្រជាមតិ​លើក​ទី ២ មួយ​ទៀត​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ប៉ុន្តែ​បាន​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ នឹង​ផ្ទុយ​ពី​លទ្ធផល​ប្រជាមតិ​ឆ្នាំ ២០១៦៕