កាល​ពី​ថ្ងៃ​អង្គារ ទី ២៣ មីនា នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ធ្វើ​ការ​សុំទោស​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ទាក់ទង​នឹង​ករណី​បំពាន​ផ្លូវភេទ​នៅ​ស្ថាប័ន​ព័ត៌មាន​មួយ។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ត្រូវ​បាន​គេ​ចោទ​ថា បាន​ព្យាយាម​បង្វែរ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​ចោទ​សួរ​ទាក់ទង​នឹង​វប្បធម៌​ការងារ​នៅ​ក្នុង​សភា។ លោក ​Morrison បាន​ឆ្លើយ​តប​ទៅ​អ្នកសារព័ត៌មាន​នោះ​ថា៖ «អ្នក​ត្រូវ​ដឹង​ថា នៅ​ក្នុង​ស្ថាប័ន​របស់​អ្នក​មាន​អ្នក​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ពី​ការ​យាយី​ស្ត្រី​នៅ​ក្នុង​បន្ទប់​ទឹក ហើយ​បញ្ហា​នោះ​កំពុង​ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​នាយកដ្ឋាន​ធនធាន​មនុស្ស​របស់​អ្នក»។

ក្រោយ​ពី​លោក​បាន​ឆ្លើយ​តប​ទៅ​អ្នក​សារព័ត៌មាន​រូប​នោះ​ហើយ ប្រធាន​ស្ថាប័ន​សារព័ត៌មាន News Corp លោក Michael Miller បាន​បដិសេធ​ការ​លើក​ឡើង​របស់​លោក Morrison ដែល​ថា មាន​បណ្តឹង​ពី​ការ​យាយី​ស្ត្រី​នៅ​ក្នុង​បន្ទប់​ទឹក​នៅ​ស្ថាប័ន​សារព័ត៌មាន។