កាល​ពី​ថ្ងៃ​ពុធ​ទី ១៣ ខែ​មករា នាយក​រដ្ឋមន្ត្រី​ប្រទេស​អេស្តូនី ​លោក JuriRatas បាន​លាលែង​ពី​តំណែង​បន្ទាប់​ពី​ប៉ូលិស​ និង​រដ្ឋអាជ្ញា​បើក​ការ​ស៊ើបអង្កេត​លើ​រឿង​អាស្រូវ​ពុក​រលួយ​ដែល​ពាក់ព័ន្ធ​គណបក្ស​​របស់​លោក ​ជុំវិញ​ការ​ប្រើប្រាស់​ប្រាក់​ឥណទាន​មិន​ត្រឹមត្រូវ​។

លោក​ Ratas បាន​បង្ហោះ​សារ​ទៅ​កាន់​ Facebook ថា៖ «ថ្ងៃ​នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​»។ លោក Ratas បាន​និយាយ​ថា ​លោក​សង្ឃឹម​ថា​ ការ​លាលែង​របស់​លោក​នឹង​ជួយ «បំភ្លឺ​រាល់​កាលៈទេសៈ ​និង​ធ្វើ​ឱ្យ​ឈាន​ដល់​ភាព​ច្បាស់លាស់» តែ​លោក​​បាន​អះអាង​ថា​ លោក​មិន​​បាន ​«ធ្វើ​ការ​សម្រេច​ចិត្ត​ណា​ដែល​មាន​គំនិត​អាក្រក់ ឬ​ខុស​ដោយ​ចេតនា​ឡើយ»។

ការ​ស៊ើប​អង្កេត ​គឺ​ផ្ដោត​លើ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​មាន​ឈ្មោះ​ថា Porto Franco ដែល​បាន​ទទួល​ប្រាក់​ឥណទាន​​​រដ្ឋ​ចំនួន ៣៩ លាន​អឺរ៉ូ​ និង​​បាន​ទទួល​កិច្ច​សន្យា ​ដើម្បី​អភិវឌ្ឍ​ដែន​​ដី​កំពង់ផែ​ចាស់​ពី​អាជ្ញាធរ​​រដ្ឋធានី Tallinn បន្ទាប់​ពី​បាន​​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​គណបក្ស​ Centre របស់​លោក​ Ratas។

យ៉ាងណា​មិញ​ប្រធានាធិបតី​អេស្តូនី​លោកស្រី​ KerstiKaljulaid​ មាន​រយៈពេល ១៤ ថ្ងៃ​ ដើម្បី​​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ ដែល​​ត្រូវ​ការ​អនុម័ត​ដោយ​សភា​។ ​ប្រសិន​បើ​គ្មាន​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ណា​អាច​បញ្ជា​សំឡេង​ភាគ​ច្រើន​ក្នុង​ចំណោម​សមាជិក​​សភា គេ​នឹង​រៀបចំ​ការ​បោះឆ្នោត​ជា​ថ្មី​៕