
លោក Giuseppe Conte គ្រវីដៃ ក្នុងជំនួបជាមួយសមាជិក EU។ AFP
នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោក Giuseppe Conte បានលាលែងពីតំណែងខណៈប្រទេសកំពុងមានការកើនឡើងនៃអស្ថិរភាពនយោបាយ ដែលកំពុងពុះកញ្ជ្រោលស្របពេលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងវិបត្តិសេដ្ឋកិច្ចដ៏សាហាវព្រៃផ្សៃ។ នេះបើយោងតាមសារព័ត៌មាន Financial Times។
លោក Conte បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីជូនដំណឹងដល់រដ្ឋមន្ត្រីទាំងអស់របស់លោកថា លោកសម្រេចលាលែងពីតំណែង និងបានមកជួបជាមួយប្រធានាធិបតីអ៊ីតាលី គឺលោក Sergio Mattarella ដើម្បីប្រគល់លិខិតលាលែងរបស់លោក។
ការសម្រេចចិត្តរបស់លោក Conte ប្រៀបបាននឹងល្បែងនយោបាយមួយរបស់លោកក្រោយពេលដែលរដ្ឋាភិបាលរបស់លោកត្រូវបានគេដកហូតសំឡេងភាគច្រើនពីគណបក្សតូច Italia Viva របស់អតីតនាយករដ្ឋមន្ត្រី Matteo Renzi ក្នុងការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងមិនបានល្អក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩។ បច្ចុប្បន្នរដ្ឋាភិបាលដែលធ្វើការក្នុងការិយាល័យរបស់លោកភាគច្រើនសុទ្ធតែជាក្រុមចម្រុះថ្មីមួយជំនួសដោយក្រុមមន្ត្រីរបស់លោក ដែលត្រូវបានគេដកចេញពីតំណែង។
ដោយមិនមានក្ដីសង្ឃឹមថានឹងទទួលជោគជ័យក្នុងអាណត្តិលោក ហើយមានគោលបំណងចង់បង្កើតចលាចលខាងនយោបាយផង លោកក៏បានលាលែងពីតំណែងទាំងដែលប្រទេសកំពុងប្រឈមមុខនឹងអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ប្រមាណជាង ៨៥ ០០០ នាក់ និងកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២។
ភាពចលាចលផ្នែកនយោបាយនេះក៏បានធ្វើឱ្យមានភាពមិនប្រាកដប្រជាអំពីគម្រោងរបស់ប្រទេសអ៊ីតាលី ក្នុងការចំណាយថវិកាចំនួន ២០០ ពាន់លានអឺរ៉ូ ពីក្នុងមូលនិធិសហភាពអឺរ៉ុបដែលត្រូវចំណាយ ដើម្បីដោះស្រាយការធ្លាក់ចុះសេដ្ឋកិច្ចពីការរាតត្បាតនេះដោយទីក្រុងរ៉ូម ត្រូវចំណាយច្រើនជាងគេ។
បន្ទាប់ពីការលាលែងនេះការិយាល័យរបស់ប្រធានាធិបតីអ៊ីតាលីបាននិយាយថា រដ្ឋាភិបាលរបស់លោក Conte នឹងនៅតែរក្សាតំណែង និងតួនាទីក្នុងរយៈពេលដ៏ខ្លីមួយ ដើម្បីបន្តដំណើរការកិច្ចការក្នុងប្រទេសនេះ ខណៈការពិគ្រោះយោបល់រវាងគណបក្សនយោបាយនានា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃពុធផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Conte មិនដែលមានគណបក្សនយោបាយផ្ទាល់ខ្លួននោះទេ មុនពេលត្រូវបានគេតែងតាំងលោកជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៨។ ការឡើងកាន់តំណែងនេះ គឺត្រូវពឹងផ្អែកលើការគាំទ្ររបស់មេដឹកនាំនៃគណបក្សធំៗ ២នៅក្នុងសម្ព័ន្ធភាពបច្ចុប្បន្នរបស់លោកគឺ ចលនាផ្កាយ ៥ និងគណបក្សប្រជាធិបតេយ្យ។
លោក Mark Lowen អ្នកកាសែតជនជាតិអង់គ្លេសបានវិភាគក្នុងសារព័ត៌មាន BBC ថា៖ «ប្រទេសនេះតែងមានវិបត្តិនយោបាយជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះ ហាក់ដូចជាមិនមែនជាពេលវេលាសមស្របមួយ ក្នុងការប្រឈមមុខនឹងបញ្ហានេះទេ ខណៈប្រទេសកំពុងប្រឈមនឹងវិបត្តិពិភពលោកផង និងវិបត្តិសេដ្ឋកិច្ចផង»។
លោកបានបន្តថា៖ «លោក Giuseppe Conte អាចត្រឡប់មកវិញជាមួយរដ្ឋាភិបាលថ្មីដែលគេបានកែសម្រួលរួច ហើយកំពុងតែគេចវេះពីភាពវឹកវរនៃការបោះឆ្នោត ជាពិសេសពេលប្រទេសកំពុងជួបនឹងគ្រាលំបាក។ បន្ថែមលើនេះលទ្ធផលនៃការបោះឆ្នោតជាលើកដំបូងបណ្ដើរៗនេះ បានបង្ហាញឱ្យឃើញពីភាគរយនៃការឈ្នះរបស់លោកតិច។ ដូច្នេះហើយទើប លោក Conte សង្ឃឹមថា លោកអាចនឹងទាក់ទាញអ្នកនយោបាយកណ្តាលបានល្មមគ្រប់គ្រាន់ ដើម្បីរួមគ្នាជាមួយលោកហើយចូលរួមបង្កើតក្រុមចម្រុះថ្មីមួយជាមួយលោក ពេលដែលលោកត្រឡប់មកឆាកនយោបាយវិញ»។
តើអាចនឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀត ក្រោយលោក Conte លាលែងពីតំណែង?
លោក Conte អាចត្រូវបានគេស្នើឱ្យបន្តធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកចាំបាច់ត្រូវកែលម្អគោលនយោបាយខ្លះរបស់លោក និងធ្វើជំនួបថ្មីមួយ ដើម្បីឈ្នះសំឡេងភាគច្រើននៃសមាជិកសភា។ ករណីផ្សេងទៀតគឺថា លោកអាចនឹងបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាដែលមិនចូលបក្សខ្លះឱ្យចូលរួមក្នុងសម្ព័ន្ធភាពថ្មីជាមួយលោក ប្រសិនបើលោក Renzi បដិសេធមិនគាំទ្ររដ្ឋាភិបាលរបស់លោក។
ម្យ៉ាងវិញទៀត គណបក្សសំខាន់ៗនៅក្នុងសម្ព័ន្ធភាពបច្ចុប្បន្នដែលប្រឆាំងនឹងការបង្កើតចលនាផ្កាយ ៥ និងគណបក្សប្រជាធិបតេយ្យឆ្វេង ដែលគាំទ្រលោក Conte អាចនឹងយល់ព្រមបម្រើការនៅក្រោមការដឹកនាំនៃនាយក រដ្ឋមន្ត្រីថ្មី ឬជាមួយគណបក្សថ្មី ១ ឬ ២ ផ្សេងទៀត។
ករណី ១ ទៀត គឺថា លោក Conte អាចនឹងបញ្ចុះបញ្ចូលគណបក្សស្តាំនិយមមួយឬច្រើនឱ្យចូលរួមក្នុងសម្ព័ន្ធភាពថ្មីរបស់លោក។ ប៉ុន្តែករណីនេះ ត្រូវបានគេមើលឃើញថា ទំនងនឹងមិនអាចកើតឡើងទេ ដោយសារគណបក្សស្តាំនិយមកំពុងតែនាំមុខក្នុងលទ្ធផលបោះឆ្នោតមុនថ្ងៃ ដូច្នេះការបោះឆ្នោតបន្តទៅមុខទៀត លទ្ធផលអាចនឹងគាំទ្រពួកទាំងនេះដូចគ្នា៕