នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក​ Giuseppe Conte បានលាលែង​ពី​តំណែង​នៅ​ថ្ងៃ​អង្គារ​ទី​ ២៦ មករា​ ជា​សកម្មភាព​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​គោល​បំណង​ដើម្បី​បង្កើន​ឱកាស​របស់​លោក​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​មួយ​។

កាល​ពី​សប្ដាហ៍​មុន​លោក Conte បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ទំនុក​ចិត្ត​នៅ​ក្នុង​សភា​ទាំង​ ២ ដោយ​ជោគជ័យ បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី​លោក Matteo Renzi បាន​បង្ក​ឱ្យ​មាន​វិបត្តិ​នយោបាយ​តាម​រយៈ​ការ​ដក​គណបក្ស Italia Viva របស់​លោក​ចេញ​ពី​សម្ព័ន្ធភាព​កាន់​អំណាច​។

ទោះ​ជា​យ៉ាង​ណា​ការ​បោះឆ្នោត​ទំនុក​ចិត្តបាន​បន្សល់​ទុក​ឱ្យ​លោក Conte បាត់​បង់​ការ​គាំទ្រមួយភាគតូច ហើយ​លោកក៏បរាជ័យ​ក្នុង​ការ​ពង្រឹង​ការ​គាំទ្រ​របស់​លោក​។

ដោយ​មាន​សំឡេង​ភាគច្រើន​ខ្សោយ​លោក Conte ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​លើ​របាយការណ៍​តុលាការ​នៅ​ថ្ងៃ​ពុធ​។ លោក Conte បានស្ថិតនៅក្រោម សម្ពាធ ពីគណបក្ស​សម្ព័ន្ធមិត្ត​ធំ​ៗ​ ២ ឱ្យ​លាលែង​ពី​តំណែង​មុន​ការ​​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ ដើម្បី​មាន​ឱកាស​កាន់​តែ​ប្រសើរ​ក្នុង​ការ​ទទួល​បាន​បញ្ជា​ពី​ប្រធានាធិបតី Sergio Mattarella ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​កាន់​អំណាច​ធំ​ជាង​​មុន​៕