កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​បដិសេដ​មិន​ទទួល​ទោស​ទាក់ទិន​រឿងក្ដី​ពុករលួយ ខណៈ​ដំណើរការ​កាត់ទោស​ពី​បទ​ចោទ​ប្រកាន់​អំពើ​ពុករលួយ​នៅ​តែ​បន្ត​ដដែល នៅ​តុលាការ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​ជា​ក្ដី​សង្ឃឹម​របស់​លោក​ក្នុង​ការ​បន្ត​កាន់​អំណាច ក្រោយ​កាន់កាប់​អំណាច​អស់​រយៈពេល ១២ ឆ្នាំ​មក​នេះ។

កាល​ពី​ឆ្នាំ​មុន លោក Netanyahu ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ឆបោក ​និង​រំលោភ​សេចក្តី​ទុក​ចិត្ត ​និង​ទទួល​សំណូក​ក្នុង​ករណី ៣ ដាច់​ដោយ​ឡែក​ពី​គ្នា។ ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប្រជាជន​អ៊ីស្រាអែល​បាន​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​សប្តាហ៍​ទាមទារ​ឱ្យ​លោក ​Netanyahu លាលែង​ពី​តំណែង ដោយសារ​ការ​ចោទ​ប្រកាន់​ករណី​ពុករលួយ​នេះ ​ហើយ​រិះគន់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​វិបត្ដិ​កូវីដ ១៩។

លោក ​Netanyahu ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ទទួល​យក​កាដូ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​មិត្តភក្តិ​ដែល​មាន​ទ្រព្យ​ស្តុកស្តម្ភ ​និង​ផ្តល់​អំណោយ​ដល់​អ្នក​ធ្វើការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​មាន​ឥទ្ធិពល ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ល្អៗ​ពី​លោក និង​គ្រួសារ​របស់​លោក។ សវនាការ​ចុង​ក្រោយ​ទាក់ទិន​នឹង​ករណី​របស់លោក ត្រូវ​បាន​គេ​ពន្យារពេល​កាល​ពី​ខែ​មុន ដោយសារ​តែ​ការ​ដាក់​កម្រិត​លើ​ការ​ជួបជុំ​សាធារណៈ ដោយសារ​កូវីដ​ ១៩។

មេ​ដឹកនាំ​វ័យ​ចំណាស់​អាយុ ៧១ ឆ្នាំ​រូប​នេះ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា «ការ​ប្រឌិត​គ្មាន​ហេតុផល និង​គួរ​ឱ្យ​អស់​សំណើច» នៅ​ចំពោះ​មុខ​សវនាការ​ដំបូង​របស់​លោក​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​ទៅ និង​អះអាង​ថា លោក​ជា​ជន​រងគ្រោះ ​ខណៈ​គេ​ផ្សេង​កំពុង​វាយប្រហារ​លោក​ដោយ​ដៅ​គោលដៅ​ផ្ទាល់​ទៅ​លើ​មេធាវី​របស់ លោក​ AvichaiMandelblit។

លោក ​Netanyahu បាន​និយាយ​ថា៖ «នរណា​ក៏​ដឹង​ដែរ​ថា រឿង​ក្ដី​របស់​ខ្ញុំ ​គឺ​ជា​ការ​មួលបង្កាច់»។ លោក​បាន​សរសេរ​ថា រដ្ឋអាជ្ញា​មិន​បាន​បំពេញ​ការងារ​បាន​ល្អ​សោះ ទោះ​យ៉ាងណា​លោក​ក៏​បាន​និយាយ​ថា ក្នុង​ដំណាក់កាល​ស្វែងរក​ភ័ស្តុតាង ​ដើម្បី​ការពារ​ខ្លួន​លោក​ផ្ទាល់ គឺ​ចាត់​ទុក​ថា​ជា «ការ​ជ្រៀតជ្រែក»ការ​បោះឆ្នោត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី ដែល​គេ​ចោទ​ប្រកាន់​មាន ៣ ករណីធំ។ ករណី​ធ្ងន់ធ្ងរ​បំផុត ឬ​ហៅ​ម្យ៉ាង​ទៀតថា ករណី ៤ ០០០ ដែល​ក្នុង​នោះ​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ស៊ីសំណូក ​លួច​បន្លំ និង​ការ​បំពាន​លើ​សេចក្តី​ទុកចិត្ត ដែល​ជា​ករណី​គេ​ចោទ​ប្រកាន់​ថា ​លោក ​Netanyahu បាន​ចរចា​ជាមួយ​លោក ShaulElovitch នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍ Bezeq ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ល្អៗ​លើ​វេបសាយ​របស់​លោក គឺ ​Walla ដែល​ជា​វេបសាយ​ព័ត៌មាន​មួយ​ក្នុង​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​លោក និង​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន Bezeq ក្នុង​ពេល​ជាមួយគ្នា។ លោក Elovitch និង​ភរិយា​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ។

ករណី​មួយទៀត​ឬ​ករណី ២ ០០០ ជា​ករណី ដែល​គេ​ចោទ​ប្រកាន់​លោក Netanyahu ថា ​បាន​ស្វែងរក​ការ​ព្រមព្រៀង​គ្នា​មួយ​ជាមួយ​ម្ចាស់​កាសែត Yediot Aharonot ដោយ​មើល​ឃើញថា​ នឹង​ផ្តល់​ឱកាស​ដល់​លោក ដែល​ឱ្យ​សារព័ត៌មាន​មួយ​នេះ ផ្សព្វផ្សាយ​ព័ត៌មាន​ល្អ​ពី​គាត់ ដើម្បី​ទទួល​បាន​ការ​ពេញចិត្ត​ពី​សាធារណជន​កាន់​តែ​ច្រើន។

ករណី​ទី៣ ឬ​ករណី ១ ០០០ គឺ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក ​Netanyahu និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ទទួល​អំណោយ​ថ្លៃៗ​ពី​បុគ្គល​មានទ្រព្យ​សម្បត្តិ​រួមមាន​បារី​ស្រា​សំប៉ាញ ​និង​គ្រឿង​អលង្ការ​សរុប​ក្នុង​តម្លៃ​ប្រមាណ​ជាង ២១៣ ០០០ ដុល្លារ ​អាមេរិក ​ដើម្បី​ជា​ផលប្រយោជន៍​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ឬ​ទំនោរ​ទៅ​រក​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។

ប្រសិន​បើ​លោក​បាន​ប្រព្រឹត្ត​ពិតមែន លោក Netanyahu អាច​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​សាលក្រម​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អាច​ត្រូវ​ការ​រយៈពេល​យូរ។ យ៉ាងណា​មិញ ក្រោយ​ពី​​បាន​ពន្យារពេល​សវនាការ​ជា​ច្រើន​ដង​មក ចៅក្រម​អាច​នឹង​សម្រេច​នៅ​ក្នុង​សប្តាហ៍​នេះ​ថា ​តើ​ត្រូវ​យល់ព្រម​សំណើ​មួយ​ដែល​លើក​ឡើង​ពី​សំណាក់​មេធាវី​របស់ លោក​ Netanyahu ដោយ​ពន្យារពេល​ការ​កោះហៅ​សាក្សី​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃទី ២៣ ខែមីនា ខាង​មុខ​នេះ។

ប៉ុន្តែ​ទោះ​វិធី​ណា​ក៏​ដោយ​អ្នក​វិភាគ​ជា​ច្រើន​ជឿជាក់​ថា ការ​ជំនុំ​ជម្រះ​នេះ​ប្រហែល​ជា​មិន​មាន​ផល​ប៉ះពាល់​ធំដុំ​ទៅ​លើ​មតិសាធារណៈ​ទេ ពោល គឺ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ។ លោក Dahlia Scheindlin អ្នក​វិភាគ​នយោបាយ ​និង​ជា​អ្នក​ស្ទង់​មតិ​នយោបាយ​របស់​អ៊ីស្រាអែល​បាន​និយាយ​ថា ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ការ​ធ្វើ​ប្រជាមតិ​ក្រៅ​ផ្លូវ​ការ ដែល​មិន​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​លើ​រូប​លោក ​Netanyahu ទេ ប៉ុន្តែ​អ្នក​បោះឆ្នោត​ភាគ​ច្រើន​បាន​យក​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​យក​មក​ដាក់​មុខ។

បណ្ឌិត Scheindlin បាន​និយាយ​ថា៖ «សួរ​ថា តើ​ការ​បើក​សវនាការ​អាច​ផ្លាស់ប្តូរ​គំនិត​របស់​នរណា​ម្នាក់ (ក្នុង​ពេល​សម្រេចចិត្ត​បោះឆ្នោត) បាន​ទេ? មក​ដល់ ឥឡូវ​នេះ ខ្ញុំ​ដូចជា​គិត​មិន​ឃើញ​បែបនេះ​ទេ»?

លោក Nahum Barnea អ្នក​កាសែត​ជួរមុខ​របស់​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា៖ «មនុស្ស​ភាគ​ច្រើន​បាន​សម្រេច​ចិត្ត និង​ត្រៀម​រួច​ហើយ​ទាក់ទិន​នឹង​ជំនុំ​ជម្រះក្តី​នេះ។ ពួក​គេ​ភាគ​ច្រើន​ជឿជាក់​ថា គាត់​អាច​នឹង​គ្មាន​ទោស ឬ​ទោះបី​ជា​គាត់​មិនមែន​ជា​បុគ្គល​ស្លូតត្រង់​ក៏ដោយ ក៏​គាត់ គឺ​ជា​នាយក​រដ្ឋមន្ត្រី​ដ៏​ល្អ​ម្នាក់ ដែល​មិន​គួរ​ត្រូវ​បាន​គេ​កាត់ទោស​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ សាធារណជន​ភាគ​ច្រើន​បែរ​ជា​ប្រកាន់​នូវ​គំនិត​មួយ​ថា លោក Netanyahu គឺ​ជា​ឧក្រិដ្ឋជន»។

យ៉ាងណា​មិញ ក្រុម​ចលនា​ប្រឆាំង the Black Flags បាន​និយាយ​ថា៖ «ការ​គ្រប់គ្រង​កូវីដ ១៩ មិន​បាន​ល្អ​របស់​រដ្ឋាភិបាល​គឺ​ដោយសារ​តែ​រឿង​ជំនុំជម្រះ​ក្តី​នេះឯង​ដែល​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​អាត្មានិយម​របស់​រដ្ឋាភិបាល ដែល​ខ្វល់​ពី​រឿង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ខ្លួន​សំខាន់​ជាង​ការ​រស់រាន​របស់​ប្រជាពលរដ្ឋ​ទាំង​មូល»។

ប៉ុន្តែ​ចំពោះ​អ្នកគាំទ្រ​លោក Netanyahu ដំណើរការ​ជំនុំ​ជម្រះ​ក្តី​នេះ គឺ​ជា​ភ័ស្តុតាង​មួយ​នៃ​ការ​ឃុបឃិត​គ្នា​បង្កើត​ទ្រឹស្ដី​មិន​មាន​មូលដ្ឋាន ដើម្បី​ប្រឆាំង​នឹង​លោក​ហើយ​រឿង​ដែល​កើត​ឡើង​ក្នុង​ពេល​គេ​ដំណើរ​សវនាការ​នឹង​ផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​ពួក​គេ​វិញ​ថា លោក Netanyahu ពិត​ជា​បុគ្គល​ស្អាតស្អំ។

លោក Osnat Mark សមាជិក​សភា​មក​ពី​គណបក្ស​របស់លោក Netanyahu បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា៖ «​ថ្ងៃ​នេះ​គឺ​ជា​ដំណាក់កាល​មួយ​ទៀត​នៃ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​នយោបាយ​ដែល​គេ​ស្គាល់​ថា ​ជា​ករណី​របស់ Netanyahu។ តុលាការ​ព្យាយាម​ពន្លឿ​នសវនាការ​ឱ្យ​ទៅ​ជិត​ពេល​បោះឆ្នោត ដើម្បី​ធ្វើ​ជា​ឧបករណ៍​បង្ក​បញ្ហា​នយោបាយ»។

គួរបញ្ជាក់​ផង​ដែរ​ថា អ៊ីស្រាអែល​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី៤ របស់​ខ្លួន​នៅ​ថ្ងៃទី ២៣ ខែ​មីនា ខាង​មុខ​នេះ ខណៈ​លោក​កំពុង​ត្រូវ​ដោះស្រាយ​វិបត្តិ​ពិភព​លោក​ផង និង​រឿង​ដែល​គេ​កំពុង​ចោទ​ប្រកាន់​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​របស់​លោក​នាយករដ្ឋមន្ត្រី Netanyahu ផង។

ការ​ស្ទង់មតិ​ជា​បឋម​បាន​បង្ហាញ​ថា តួលេខ​អ្នក​គាំទ្រ​ខាង​គូប្រជែង​របស់​លោក​ខាង​ស្តាំនិយម និង​ក្រុម​ឆ្វេង​និយម​ប្រឆាំង​នឹង​លោក​ហាក់​មាន​ចំនួន​ច្រើន​គួរសម។ លោក Netanyahu គឺ​ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដែល​បាន​កាន់​អំណាច​យូរ​ជាង​គេ ពោល​គឺ​ចាប់​ផ្ដើម​កាន់​ជាប់​រហូត​តាំង​ពី​ឆ្នាំ ២០០៩ បន្ទាប់​ពី​អាណត្តិ​ទី១ របស់​លោក​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ១៩៩៩ មក៕