កាល​ពី​ថ្ងៃ​អង្គារ ទី ២ មីនា នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត FBI លោក Christopher Wray បាន​និយាយ​ថា លោក​ចាត់​ទុក​កុបកម្ម​វាយ​សម្រុក​ចូល​វិមាន​កាពីតូល​កាល​ខែ​មករា​ថា ​ជា «ភេរវកម្ម​ក្នុង​ស្រុក» ហើយ​អំពើ​ជ្រុល​និយម​ដោយ​ហិង្សា​បែប​នេះ​កំពុង​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក​ចំពោះ​មុខ​ព្រឹទ្ធសភា​ជា​លើក​ដំបូង​តាំង​កុបកម្ម ៦ មករា លោក Wray បាន​និយាយ​ថា៖ «ខ្ញុំ​រន្ធត់​ណាស់ ដែល​អ្នក​ជា​​មេ​ដឹកនាំ​ជាប់​ឆ្នោត​របស់​ប្រទេស​យើង ត្រូវ​បាន​ធ្វើ​ឱ្យ​រងគ្រោះ​នៅ​ទី​នេះ​ក្នុង​សាល​ទាំង​នេះ»។ លោក​បាន​បន្ត​ទៀត​ថា៖«ការ​វាយ​ប្រហារ​នោះ ការ​ឡោមព័ទ្ធ​នោះ ​​គឺ​ជា​ឥរិយាបថឧក្រិដ្ឋ ហើយ​ឥរិយាបថ​បែប​នេះ​ហើយ ដែល​យើង ​FBI ចាត់​ទុក​ថា ​ជា​អំពើ​ភេរវកម្ម​ក្នុង​ស្រុក។ វា​មិន​មាន​កន្លែង​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ទេ ហើយ​ការ​អត់ឱន​នឹង​ធ្វើ​ឱ្យ​មាន​ការ​សើច​ចំអក​ដល់​នីតិរដ្ឋ​របស់​ប្រទេស​យើង»។

ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក Wray នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​អាមេរិក គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សាកសួរ​របស់​សភា ដែល​ផ្ដោត​ទៅ​លើ​ការ​ឆ្លើយតប​របស់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ទៅ​នឹង​កុបកម្ម ៦ មករា។

សមាជិក​សភា​បាន​សួរ​ចម្លើយ​លោក Wray អំពី​ការ​បរាជ័យ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ការ​ប្រាស្រ័យ​ទាក់ទង ដែល​អាច​កើត​មាន​មុន​ពេល​មាន​កុបកម្ម។ ពួក​គេ​ក៏​បាន​សង្កត់​ធ្ងន់​លើ​ការ​គំរាមកំហែង​ហិង្សា​ពី​ក្រុម​រើសអើង​ពណ៌​សម្បុរ ក្រុម​ប្រដាប់​អាវុធ និង​ក្រុម​ជ្រុល​និយម​ក្នុង​ស្រុក​ផ្សេង​ទៀត។

«ថ្ងៃទី ៦ មករា មិនមែន​ជា​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​តែ​ឯង​ទេ។ បញ្ហា​នៃ​អំពើ​ភេរវកម្ម​ក្នុង​ស្រុក​បាន​រីក​រាលដាល​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​វា​នឹង​មិន​បាត់​ភ្លាមៗ​ទេ»។ លោក Wray បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​បែប​នេះ ហើយ​បន្ត​ទៀត​ថា៖ «នៅ FBI យើង​បាន​ប្រកាស​អាសន្ន​រឿងនេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

លោក Wray ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា មក​ដល់​ពេល​នេះ FBI បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជាង ២៧០ នាក់ ​ពាក់ព័ន្ធ​នឹង​កុបកម្ម​ហិង្សា​នេះ ដោយ​មាន​មនុស្ស​ជាង ៣០០ នាក់​ទៀត ​កំពុង​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស ហើយ​ជនសង្ស័យ​ច្រើន​ទៀត កំពុង​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ជា​រៀង​រាល់ថ្ងៃ។ លោក​បាន​ហៅ​សាធារណជន​អាមេរិក​ថា ​ជា «ដៃគូ​ដ៏​អស្ចារ្យ​បំផុត» របស់ FBI ក្នុង​ការ​ស៊ើប​អង្កេត ដែល​មក​ដល់​ពេល​នេះ​បាន​បញ្ជូន​ព័ត៌មាន​ជំនួយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ជាង ២៧០ ០០០។

លោក Wray បាន​និយាយ​ថា៖ «ឥឡូវ​នេះ​យើង​ដឹង​ច្បាស់​ថា មនុស្ស​មួយ​ចំនួន​មក​ក្រុង​វ៉ាស៊ីនតោន​ជា​មួយ​នឹង​ផែន​ការ និង​គោល​បំណង​ចូលរួម​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត ដែល​យើង​អាច​ទុក​បាន​ថា ​ជា​អំពើ​ភេរវកម្ម​ក្នុង​ស្រុក»។

ក្នុង​ការ​ថ្លឹងថ្លែង​ពី​ទំហំ​នៃ​ការងារ​របស់ FBI លោក Wray បាន​និយាយ​ថា ចំនួន​នៃ​ការ​ស៊ើបអង្កេត​ភេរវកម្ម​ក្នុង​ស្រុក​បាន​កើន​ឡើង​ពី​ប្រមាណ ១ ០០០ នៅ​ពេល​ដែល​លោក​ឡើង​កាន់​តំណែង​ជា​នាយក​នៅ​ឆ្នាំ ២០១៧ ដល់​ប្រហែល ១ ៤០០ នៅ​ចុង​ឆ្នាំ​មុន​ដល់​ប្រហែល ២ ០០០ នាពេល​ឥឡូវ​នេះ។ លោក​បាន​និយាយ​ថា ចំនួន​នៃ​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​ក្រុម​រើសអើង​ពណ៌​សម្បុរ និង​ក្រុម​ជ្រុល​និយម​ផ្សេង​ទៀត​បាន​កើន​ឡើង​ជិត​បី​ដង។

សំណួរ​ភាគ​ច្រើន​របស់​សមាជិក​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​អង្គារ ​គឺ​ផ្ដោត​លើ​ការ​ចែកចាយ​របាយការណ៍​ថ្ងៃទី ៥ ខែមករា សរសេរ​ដោយ​ការិយាល័យ FBI នៅ​ទីក្រុង Norfolk រដ្ឋ Virginia ដែល​ក្នុង​នោះ បាន​ដាស់​តឿន​ឱ្យ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​មាន​ការ​ប្រុងប្រយ័ត​អំពើ​ហិង្សារ​កើត​ឡើង​នៅ​ថ្ងៃ ៦ មករា ដោយសារ​ពួក​គេ​បាន​រក​ឃើញ​ការ​បង្ហោះ​តាម​អ៊ីនធឺណិត​ជា​ច្រើន​ដែល​អះអាង​ថា ​នឹង​មាន «សង្គ្រាម» នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​បន្ទាប់។

ថ្នាក់​ដឹកនាំ​ប៉ូលិស​វិមាន​កាពីតូល​បាន​និយាយ​ថា ​ពួក​គេ​មិន​បាន​ដឹង​អំពី​របាយការណ៍​នេះ រហូត​ដល់​កុបកម្ម​បាន​កើត​ឡើង​ទៅ ហើយ​អតីត​ស្នងការ​បាន​និយាយ​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​ពី ​FBI ជាមុន ដែល​បង្ហាញ​ថា​ នឹង​មាន​អំពើហិង្សា​នៅ​ថ្ងៃ​នោះ។

លោក Wray បាន​និយាយ​ថា​ FBI បាន​ចែកចាយ​របាយការណ៍​នេះ តាម​ក្រុម​ការងារ​ប្រឆាំង​ភេរវកម្ម​ពិភាក្សា​នៅ​ប៉ុស្តិ៍​បញ្ជាការ​មួយ​ទីក្រុង​វ៉ាស៊ីនតោន បង្ហោះ​ទៅ​បណ្ដាញ​ទំនាក់ទំនង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ទូទាំង​ប្រទេស ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​បាន​ទទួល។ តែ​លោក​បាន​និយាយ​ថា ​មាន​ការ​សោកស្ដាយ​ណាស់​ដែល​អំពើហិង្សា​បាន​កើត​ឡើង ហើយ​ FBI កំពុង​ពិនិត្យ​ទៅ​លើ​អ្វីដែល​ពួក​គេ​អាច​ធ្វើ​បាន​ខុស​ពី​មុន។

យ៉ាងណា​មិញ កុបកម្ម​ថ្ងៃ ៦ មករា បាន​សម្លាប់​មនុស្ស​ចំនួន ៥ នាក់ ដែល​ក្នុង​នោះ​មាន​ប៉ូលិស​មួយ​រូប និង​បាតុករ ១ រូប ​ដែល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់។ ក្រុម​បាតុករ​បាន​វាយ​សម្រុក​ចូល​អគារ​កាពីតូល ខណៈ​ពេល​ដែល​សមាជិក​សភា​ទាំង ២ កំពុង​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​ការ​បោះឆ្នោត ដែល​លោក Joe Biden បាន​ឈ្នះ។

១ សប្ដាហ៍​ក្រោយ​មក​សភា​តំណាង​អាមេរិក​បាន​បោះឆ្នោត​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី Donald Trump ពី​បទ​ញុះញង់​ឱ្យ​មាន​កុបកម្ម ដោយ​និយាយ​ថា ​កុបកម្ម​នេះ​ត្រូវ​បាន​បង្កដោយ​ការ​អះអាង​របស់​លោក Trump ថា​ការ​បោះឆ្នោត​ត្រូវ​បាន​គេ​ក្លែងបន្លំ​ឱ្យ​លោក​ចាញ់ និង​ការ​ជំរុញ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ឱ្យ​ទៅ​តវ៉ា​នៅ​វិមាន​កា​ពីតូល។ កាល​ពី​ថ្ងៃទី ១៣ កុម្ភៈ ​ព្រឹទ្ធសភា​បាន​បោះឆ្នោត​លើកលែង​ទោស​លោក ​Trump៕