
នាវា EVERGREEN ជាប់កឿងនៅព្រែកជីកស៊ុយអេ បង្កឱ្យកប៉ាល់ដឹកទំនិញផ្សេងទៀតកកស្ទះ។ AFP
នាវាកុងតឺន័រយក្ស ១ បានជាប់គាំងនៅព្រែកជីកស៊ុយអេ (Suez Canal) ក្រោយមានសម្ទុះខ្យល់បក់ខ្លាំង បណ្ដាលឱ្យមានការរាំងស្ទះដល់ការធ្វើដំណើររបស់កប៉ាល់ដឹកទំនិញជាច្រើនគ្រឿងទៀត។
នាវាកុងតឺន័រយក្ស ដែលមានទម្ងន់ ២២ ម៉ឺនតោន និងប្រវែង ៤០០ ម៉ែត្រនេះ ត្រូវបានគេដាក់ឈ្មោះឱ្យថា មេហ្គាស៊ីប (megaship) ដំណើរការដោយក្រុមហ៊ុន Evergreen ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានជាប់គាំងទ្រឹងនៅជិតចុងភាគខាងត្បូងនៃព្រែកជីកស៊ុយអេ (Suez Canal) កាលពីថ្ងៃអង្គារ កន្លងទៅ។
អាជ្ញាធរនៅព្រែកជីកស៊ុយអេ (SCA) បានឱ្យដឹងថា កប៉ាល់នេះកាច់ចង្កូតលែងកើត ខណៈពេលមានខ្យល់បក់ខ្លាំង និងព្យុះខ្សាច់មួយ ក្នុងពេលធ្វើដំណើរ ដែលបណ្ដាលឱ្យជាប់គាំងនៅចន្លោះព្រែកជីកទៅមុខលែងរួច។
បើយោងតាមសារព័ត៌មាន Bloomberg ការគាំងស្ទះនេះ បានបង្កឱ្យនាវាដឹកទំនិញជាង ១០០ គ្រឿងទៀត ស្ទះទៅមុខមិនរួច និងត្រូវរង់ចាំនាវាយក្សនេះរំដោះខ្លួនរួចសិនទើបអាចទៅមុខបាន។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលអេហ្ស៊ីប ទូកសង្គ្រោះនាវាចំនួន ៨ គ្រឿង បានមកដល់ទីតាំង និងជួយរំដោះនាវា ចេញពីផ្លូវពាណិជ្ជកម្មអាស៊ីអឺរ៉ុបនេះ ដែលមាននាវាដឹកទំនិញឆ្លងកាត់ប្រមាណ ៥០ គ្រឿង ក្នុង ១ ថ្ងៃ។
ក្រុមហ៊ុន GAC ជាក្រុមហ៊ុនសេវាកម្មសម្រួលការធ្វើដំណើរតាមសមុទ្រ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បាននិយាយថា ផ្នែកខ្លះនៃនាវាយក្សនេះត្រូវបានគេរំដោះជាបណ្ដើរៗ ហើយក្រុមការងារក៏បានជួយសម្រួលឱ្យមកនៅក្បែរច្រាំងព្រែកជីកវិញដែរហើយ។
ក្រុមហ៊ុន GAC បានឱ្យដឹងថា៖ «នាវាជាច្រើនគ្រឿងក៏ដូចជា ចរាចរណ៍នៅតំបន់ដែលជាប់គាំងនោះ នឹងដំណើរការឡើងវិញ និងត្រូវបានបញ្ជូនទៅទីតាំងមួយផ្សេងទៀតហើយ»។
ក្រុមហ៊ុន Bernhard Schulte Shipmanagement (BSM) ជាក្រុមហ៊ុនទទួលបន្ទុកគ្រប់គ្រងបច្ចេកទេសនាវាបានឱ្យដឹងថា វាបានគាំងជាប់ចន្លោះព្រែកជីក នៅម៉ោងប្រហែល ៥:៤០ នាទី កាលពីថ្ងៃអង្គារ កន្លងទៅ។
ដោយឡែកបើតាមឱ្យដឹងពី អ្នកព្យាករអេហ្ស៊ីបខ្យល់បក់ខ្លាំង និងព្យុះខ្សាច់ ដែលបានបោកបក់តំបន់នោះ កាលពីថ្ងៃអង្គារ មានសម្ទុះរហូតទៅដល់ជិត ៥០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង។ ក្រុមហ៊ុន BSM បានឱ្យដឹងថា នាវិកទាំងអស់មានសុវត្ថិភាព ហើយមិនមានរបាយការណ៍អំពីការរងរបួស ឬការបំពុលបរិស្ថានណាមួយទេ។
លោក Jamil Sayegh អតីតប្រធានក្រុម និងជាអ្នកជំនាញខាងច្បាប់សមុទ្រ ដែលមានបទពិសោធធ្វើនាវាចរណ៍បាននិយាយថា ការជាប់គាំងនេះ អាចនឹងបណ្ដាលមកពីកត្តាខ្យល់បក់ខ្លាំងដែលបានបង្វែរកុងតឺន័រដែលបានបក់បំបែរទិសដៅនាវានោះទៅជាប់នឹងច្រាំងរបស់ព្រែកជីក។
លោកបានបន្ថែមថា កំហុសបច្ចេកទេសរបស់អ្នកបើកបរក៏អាចជាកត្តា ១ ផ្សេងទៀតផងដែរ ព្រោះចាប់តាំងពីនាវាយក្សនេះឆ្លងកាត់តំបន់នេះមកមិន ដែលមានកប៉ាល់ណាមួយ ធ្វើដំណើរមកកៀកជិតនាវាយក្សនេះឡើយ។ លោកបាននិយាយថា នាវាដែលឆ្លងកាត់ព្រែកជីកស៊ុយអេ (Suez Canal) គឺតម្រូវឱ្យមានអាកាសយានិកអេហ្ស៊ីបជួយបង្ហាញផ្លូវ។
អ្នកព្យាករអាកាសធាតុបានប្រាប់មុនថា នឹងមានខ្យល់បក់ខ្លាំងនៅថ្ងៃពុធ ប៉ុន្តែទាំងអាជ្ញាធរព្រែកជីក និងអ្នកធ្វើដំណើរតាមសមុទ្រនៅតែបន្តដំណើរទៅដដែល។
លោក Sayirgh បាននិយាយថា៖ «ប្រសិនបើគេពន្យារពេលនាវានេះ មានន័យថាក្រុមហ៊ុននឹងខាតបង់ទឹកប្រាក់ ៦០ ០០០ ដុល្លារ ក្នុង ១ ថ្ងៃ នៃការពន្យារពេលឯណោះ»។
លោក Lars Jensen នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់សមុទ្របាននិយាយថា ការពន្យារពេលអាចនឹងបង្កើនហានិភ័យនៃការកកស្ទះកប៉ាល់ផ្សេងៗនៅកំពង់ផែអឺរ៉ុប។
លោកបានបន្តថា នៅពេលចរាចរណ៍នៅព្រែកជីកបើកដំណើរការឡើងវិញនេះមានន័យថា ការដឹកជញ្ជូនដែលពន្យារពេលនឹងមកដល់នៅពេលដូចគ្នានឹងទំនិញ ដែលមកតាមក្រោយ ដែលនេះនឹងបង្កឱ្យមានការកកស្ទះនៅកំពង់ផែ៕