ក្រុងហា​ណូយៈ និស្សិត​ជន​ជាតិ​អាមេរិក​​ម្នាក់​​​ ដែល​ត្រូវ​បានចាប់​​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ពី​បទ​«​បង្ក​អសណ្តាប់​ធ្នាប់​សាធារណៈ​»​​​នៅ​កន្លែង​តវ៉ា​ហិង្សា​​នា​ខែ​នេះ​​ បាន​លេច​មុខ​​នៅ​លើ​ទូរទស្សន៍​​រដ្ឋ​ដើម្បី​និយាយ​ថា គាត់​សោក​ស្តាយ​ចំពោះ​ការ​បំពាន​ច្បាប់​ ​ហើយ​នឹង​ចៀស​ចេញ​ឆ្ងាយ​ពី​ការ​​ប្រមូល​ផ្តុំ​តវ៉ា​ណា​មួយ​នា​​​ពេល​អនាគត​។

លោក William Nguyen ត្រូវបានចាប់ខ្លួន​​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា នៅ​ក្នុង​ក្រុង​ហូជីមិញ​​ បន្ទាប់​ពី​ចូល​រួម​មហា​បាតុ​កម្ម​ប្រឆាំង​នឹង​​សំណើ​​បង្កើតតំបន់​សេដ្ឋ​កិច្ច​ពិសេស​​ ដែល​នឹង​ផ្តល់​ការ​ជួល​រយៈ​ពេល​៩៩​ឆ្នាំ​​ដល់​វិនិយោគិន។

​រូប​ភាព​​វី​ដេ​អូ​បង្ហាញ​ថា បុរស​ជន​ជាតិ​អាមេរិក​​អាយុ​៣២​ឆ្នាំ​រូប​នេះ​ ដែល​កើត​នៅ​រដ្ឋ​តិក​សាស(Texas)​ ​ដែល​មាន​របួស​ឈាម​ក្បាល​​​ កំពុង​ត្រូវ​បាន​គេ​អូស​​ដោយ​ក្រុម​បុរស​ស្លៀក​ពាក់​​ស៊ីវិល​តាម​ផ្លូវ​ មុន​ពេល​ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន។ ​

ប៉ូលិស​ បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​ទៅ​លើលោក​​ Nguyen ​ពី​បទ​​«​បង្ក​អសណ្តាប់​ធ្នាប់​​សាធារណៈ» និង​បាន​ចោទ​ប្រកាន់​គាត់​ថា ​បាន​ព្យាយាម​បង្ក​ការ​ខូច​ខាត​ដល់​របង​​​មួយ​ និង​​លើក​រំលំ​រថយន្ត​ប៉ូលិស​​នៅ​លើ​ផ្លូវ​ធំ​​ទៅ​ព្រលាន​យន្ត​ហោះ​។ ​

លោក Nguyen ​ដែល​ជា​​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​ ​Yale បាន​លេច​មុខ​នៅលើ​ទូរទស្សន៍​កាល​ពី​យប់​ថ្ងៃ​ចន្ទ​​ ដើម្បី​និយាយ​ថា លោក​ បាន​បំពាន​ច្បាប់៕ PS