ក្រុង​គែរ៖ ​ក្នុង​រយៈពេល​ជាង ​២ ​សប្តាហ៍​ និស្សិត​ជនជាតិ​អេហ្ស៊ីប ​គឺ​កញ្ញា ​យុមណា​ ហាស់ស្សាន​ បាន​រៀបចំ​ដើម្បី​​បន្ត​ធ្វើ​ឲ្យ​ភាសា​ចិន​របស់​នាង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ដោយ​មិន​ចាំបាច់​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​ជា​ប្រចាំ​នៅ​វិទ្យាស្ថាន​ខុងជឺ​នៃ​សាកល​វិទ្យាល័យ​ស៊ីសកាណាល់​ នៅ​ក្នុង​ខេត្ត​អ៊ីសម៉ៃលៀ​ នៅ​ប្រទេស ​អេហ្ស៊ីប​ភាគ​ឦសាន​។​

និស្សិត​អេហ្ស៊ីប​ម្នាក់​នេះ​ បាន​និយាយ​ថា​៖ «​អ្វី​គ្រប់​យ៉ាង​ដែល​នាង​ខ្ញុំ​ត្រូវ​ការ ​គឺ​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន ​១ ​គ្រឿង​ ឡេបថប់ ​១ គ្រឿង​ សៀវភៅ​មេរៀន​របស់​យើង​ ប៊ិច ១ ​ដើម ​និង​សៀវភៅ​សរសេរ ​១ ក្បាល​ ដើម្បី​ចូលរួម​សិក្សា​នៅ​វិទ្យាស្ថាន​ខុងជឺ​តាម​អនឡាញ​ ក្រោយ​ពី​មាន​ការ​ពន្យារ​ពេល​នៅ​តាម​សាលា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ​អេហ្ស៊ីប​»​។​

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​ផ្លូវ​ដង្ហើម​​កូរ៉ូណា​ប្រភេទ​ថ្មី​ចម្លែក​មួយ​នេះ​ រដ្ឋាភិបាល​ប្រទេស អេហ្ស៊ីប​ ជា​បណ្តោះអាសន្ន​បាន​ពន្យារ​ពេល​ឲ្យ​បិទ​សាលា​រៀន​ សាកល​វិទ្យាល័យ ​និង​គ្រប់​សាលា​ទាំង​អស់​បាន​បិទ​ជើង​ហោះ​ហើរ​ និង​សារមន្ទីរ​ និង​កន្លែង​បុរាណវិទ្យា​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​នេះ​។​

ប្រទេស ​អេហ្ស៊ីប ​រហូត​មក​ទល់​ពេល​នេះ​ បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩​ នៅ​ក្នុង​តំបន់​ និង​ក្រុម​ជន​បរទេស​ចំនួន ​៥៣៦ ​នាក់​ នៅ​ក្នុង​នោះ​មាន​មនុស្ស ​៣០ ​នាក់​បាន​ស្លាប់​ និង ​១១៦ ​នាក់ ​បាន​ជា​សះស្បើយ​។​

គណៈ​រដ្ឋមន្ត្រី​ប្រទេស ​អេហ្ស៊ីប ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ដាក់​បម្រាម​គោចរ​នៅ​ផ្នែក​ខ្លះ​រយៈពេល ​២ ​សប្តាហ៍​ នៅ​ទូទាំង​ប្រទេស ​អេហ្ស៊ីប​ ចាប់​ពី​ពេល​ល្ងាច​រហូត​ដល់​ពេល​ព្រឹក​ថា ​ជា​ផ្នែក​សំខាន់​មួយ​នៃ​វិធានការ​បង្ការ​ទុក​ជា​មុន​នៅ​អេហ្ស៊ីប៕ Xinhua/SK​