The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នីហ្សេរ​ប្រារព្ធ​ពិធី​កាន់ទុក្ខ ​៣ ថ្ងៃ ឲ្យ​​​មនុស្ស ៦០ នាក់​ស្លាប់ ​ដោយ​ផ្ទុះ​រថយន្ត​ប្រេង

នីហ្សេរ​ប្រារព្ធ​ពិធី​កាន់ទុក្ខ ​៣ ថ្ងៃ ឲ្យ​​​មនុស្ស ៦០ នាក់​ស្លាប់ ​ដោយ​ផ្ទុះ​រថយន្ត​ប្រេង

Content image - Phnom Penh Post
ក្រុម​អ្នក​ស្រុក​ចូល​ទៅ​មើល​រថយន្ត​ដឹក​ប្រេង​ ​ក្រោយ​ផ្ទុះ​បណ្តាល​ឲ្យ​មនុស្ស​ ៦០ នាក់​ស្លាប់។ AFP

នីហ្សេរ​ប្រារព្ធ​ពិធី​កាន់ទុក្ខ ​៣ ថ្ងៃ ឲ្យ​​​មនុស្ស ៦០ នាក់​ស្លាប់ ​ដោយ​ផ្ទុះ​រថយន្ត​ប្រេង

ក្រុង​នី​មេយៈ ​រដ្ឋាភិបាល​បាន​ថ្លែង​ថា ​ប្រទេស ​នីហ្សេរ ​បាន​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​មនុស្ស ​៦០ នាក់ ​រយៈពេល ​៣ ​ថ្ងៃ​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​រថយន្ត ​១ គ្រឿង ​នៅ​ក្បែរ​ព្រលាន​យន្តហោះ​​នៅ​ក្រុង​ណៃអាមី។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ទូរទស្សន៍​រដ្ឋ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ នឹង​ធ្វើ​ការ​បួង​សួង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ក្រុម​ជន​រងគ្រោះ ​នៃ​ឧប្បត្តិ​ហេតុ​ដ៏​ខ្លោចផ្សា​ដែល​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ខណៈ​ហ្វូង​មនុស្ស​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​រថយន្ត​ក្រឡាប់ ​ដើម្បី​ត្រង​យក​ប្រេង​កំពប់​នោះ​។​

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​មន្ត្រី​សន្តិសុខ​លោក​ Hamani ​Adamou ​Abdoul-​Aziz ​បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា​ ចំនួន​អ្នក​ស្លាប់​ពី​ការ​ផ្ទុះ​នោះ​ អាច​នឹង​ទំនង​ជា​កើន​ឡើង​ដោយសារ​តែ​មនុស្ស​មួយ​ចំនួន​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ខ្លួន​ប្រាណ​របស់​ពួក​គេ​ត្រូវ​បាន​ឆេះ​ខ្លោច​។​

រដ្ឋមន្ត្រី​មហា​ផ្ទៃ​លោក​ Mohamed Bazoum ​បាន​ថ្លែង​ថា ​ទាំង​មនុស្ស​ថ្មើរ​ជើង​ និង​ជិះ​ម៉ូតូ​បាន​ប្រញាប់​ប្រញាល់​ទៅ​កាន់​រថយន្ត​នោះ​ ដើម្បី​ត្រង​យក​ប្រេង ​បន្ទាប់​មក​ក៏​បាន​ផ្ទុះ​ឡើង​​តែ​ម្តង​។ ​

យោង​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​នោះ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជិះ​ម៉ូតូ​ម្នាក់​មិន​បាន​ពន្លត់​ម៉ាស៊ីន​ម៉ូតូ​របស់​គាត់​នោះ​ទេ ​ទើប​​បង្ក​ឲ្យ​មាន​ផ្កា​ភ្លើង​ឆាបឆេះ​ឡើង​ដល់​ប្រេង​ចំនួន ​៥ ​ម៉ឺន​លីត្រ​នោះ​។​

អ្នក​បើកបរ​រថយន្ត​ដឹក​ប្រេង ​បាន​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​ថា​ គ្រឿង​ភ្លើង​ម៉ាស៊ីន​មិន​ដំណើរការ​ ដែល​បាន​បណ្តាល​ឲ្យ​លោក​បាត់​បង់​ម្ចាស់​ការ​ក្នុង​​​ការ​បញ្ជា​រថយន្ត​ ហើយ​ជាន់​​ហ្វ្រាំង​បណ្តាល​ឲ្យ​​ក្រឡាប់​តែ​ម្តង​។​

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ លោក ​Boubacar Rabiou Daddy ​បាន​ប្រាប់​ទូរទស្សន៍​មួយ​ថា​ រថយន្ត​បាន​ក្រឡាប់​ ខណៈ​អ្នក​បើកបរ​ បាន​ព្យាយាម​ដើម្បី​បញ្ឈប់​វា​នោះ​។​

លោក ​Boubacar Rabiou Daddy ​បាន​បន្ថែម​ថា ​នៅ​មុន​ពេល​រថយន្ត​ផ្ទុះ​​ហ្វូង​មនុស្ស​មិន​បាន​អើពើ ជាមួយ​ប៉ូលិស​ដែល​បាន​ព្យាយាម​រារាំង​ពួក​គេ​នៅ​ឲ្យ​ឆ្ងាយ​ពី​រថយន្ត​នោះ ទេ​ ហើយ​ពួក​គេ​ថែម​ទាំង​គប់​ដំ​ថ្ម​ទៅ​លើ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ទៀត​ផង​។​

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​ក្លា​នៅ​ផ្លូវ​ RN1 ​នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​បាន​បណ្តាល​ឲ្យ​ឆាប​ឆេះ​រថយន្ត​នោះ​​ទាំង​ស្រុង​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍