ក្រុងហ៊្សេរុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតានីយ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់អ៊ីរ៉ង់ថា មានផែនការវាយប្រហារប្រឆាំងរដ្ឋជីហ្វ ហើយលោកបានថ្លែងថា អ្វីៗគ្រប់យ៉ាងដែលអាចកើតឡើងនឹងត្រូវធ្វើដើម្បីទប់ស្កាត់ពួកគេ។
លោកនាយករដ្ឋមន្ត្រី បេនចាមីន នេតានីយ៉ាហ៊ូ ដែលបានរងការចោទប្រកាន់ពីបទពុករលួយកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេមើលឃើញថា កំពុងតស៊ូដើម្បីជីវិតនយោបាយរបស់លោក បានថ្លែងសុន្ទរកថារបស់លោកនៅពេលដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាមួយកន្លែង នៅក្បែរព្រំដែនជាមួយប្រទេស ស៊ីរី ដែលត្រូវរងការបំផ្លិចបំផ្លាញដោយជម្លោះនោះ។
លោក នេតានីយ៉ាហ៊ូ បានថ្លែងថា៖ «ការឈ្លានពានរបស់អ៊ីរ៉ង់នៅក្នុងតំបន់របស់យើង និងប្រឆាំងយើង នៅតែបន្តនៅឡើយ»។
លោកកំពុងថ្លែងនៅក្នុងថ្ងៃដែលឧត្តមសេនីយ៍អាមេរិកលោក ម៉ាក មីលលី ជាប្រធានសេនាធិការចម្រុះនៅក្នុងប្រទេស ដើម្បីជួបជាមួយសមភាគីអ៊ីស្រាអែលរបស់លោក គឺលោក អាវីវ កូហាវី។
សេចក្តីថ្លែងការណ៍របស់យោធានោះបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទាំង ២ រូប បានពិភាក្សាគ្នា «អំពីបញ្ហាប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់»។
ដោយថ្លែងអំពីតំបន់ហ្គូឡែន ហៃហ៍ដែលបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធអ៊ីស្រាអែលនោះ លោក នេតានីយ៉ាហ៊ូ បានថ្លែងថា៖ «យើងកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់អ៊ីរ៉ង់មិនឲ្យបង្កើតកងកម្លាំងនៅទីនេះ ក្នុងតំបន់របស់យើងជាដាច់ខាត»។
«បញ្ហានេះ បានរាប់បញ្ចូលសកម្មភាពចាំបាច់នានា ដើម្បីរាំងខ្ទប់ការដឹកជញ្ជូនសព្វាវុធដ៏គ្រោះថ្នាក់ពីប្រទេស អ៊ីរ៉ង់ ចូលទៅកាន់ទឹកដីស៊ីរី ទាំងផ្លូវអាកាស និងផ្លូវគោក។
លោកបានបន្ថែមថា៖ «យើងនឹងចាត់វិធានការ ដើម្បីរាំងខ្ទប់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ មិនឲ្យវិលត្រឡប់ទៅអ៊ីរ៉ាក់ និងយេម៉ែនចូលទៅក្នុងមូលដ្ឋានយោធា ដើម្បីធ្វើការវាយប្រហាររ៉ុក្កែត និងមីស៊ីល» ទៅលើទឹកដីអ៊ីស្រាអែលតទៅទៀត។
កាលពីថ្ងៃពុធ អ៊ីស្រាអែលបានអះអាងថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារ «យ៉ាងខ្លាំងក្លា» ទៅលើកងកម្លាំងអ៊ីរ៉ង់ និងស៊ីរី៕ AFP/SK