ក្រុងហ៊្សេរុយ​សាឡិមៈ ការិយាល័យ​របស់​​​លោក​បាន​ឲ្យ​ដឹង​​ថា ​ដោយ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​អាមេរិក​​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ និង​គូ​សត្រូវ​អ៊ីរ៉ង់​របស់​ខ្លួន ​កាល​ពី​ថ្ងៃ​ពុធ​ ​លោក​ បេនចាមីន​ នេតានីយ៉ាហ៊ូ ​បាន​ព្រមាន​ថា​ សត្រូវ​របស់​រដ្ឋ​ជី្វហ្វ​កុំចង់​លលេង​​ឲ្យ​សោះ​​។​

លោក​ នេតានីយ៉ាហ៊ូ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​លោក​ ក្រោយ​ពី​លោក​ បាន​ទៅ​ត្រួត-​ពិនិត្យ​មើល​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថា៖ ​«​ខ្ញុំ​បាន​ឮ​ដំណឹង​ពី​ក្រុម​ប្រទេស​ជិត​ខាង​របស់​យើង​នៅ​ភាគ​ខាង​ជើង​ ខាង​ត្បូង ​និង​ខាង​កើត ​ដែល​បាន​គំរាម​កំហែង​ចង់​កម្ទេច​យើង​»​។​

«​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​សត្រូវ​​របស់​យើង​ថា កង​ទ័ព​អ៊ីស្រាអែល​មាន​កម្លាំង​យ៉ាង​ខ្លាំងក្លា​អាច​បំផ្លាញ​អ្នក​ឲ្យ​ខ្ទេច​បាន​។​ អ្នក​កុំ​ចង់​សាកល្បង​ជាមួយ​យើង​អី​​»​។​

ក្រុម​ឧទ្ទាម​​ហេបូឡាហ៍​នៅ​តាម​ព្រំដែន​ភាគ​ខាង​ជើង​អ៊ីស្រាអែល​ ដែល​បាន​គាំទ្រ​ដោយ​អ៊ីរ៉ង់​ មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ប្រទេស ​លីបង់​ និង​មាន​វត្តមាន​នៅ​ស៊ីរី​ ជា​ទី​ដែល​អ៊ីរ៉ង់​មាន​វត្តមាន​ផង​នោះ​។​

ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ គឺ​ក្រុង​ហ្គាហ្សា​ ដែល​ក្រុម​មេ​ដឹកនាំ​អ៊ិស្លាម​ហាម៉ាស​មាន​ការ​គាំទ្រ​ពី​សាធារណរដ្ឋ​អ៊ិស្លាម​នោះ​។​

វិទ្យុ​រដ្ឋ​របស់​អ៊ីស្រាអែល ​បាន​ផ្សព្វផ្សាយ​​ថា​ លោក​ នេតានីយ៉ាហ៊ូ​ បាន​កោះ​ហៅ​រដ្ឋមន្ត្រី​សន្តិសុខ​របស់​លោក​ដើម្បី​ប្រជុំ​សម្ងាត់​​រយៈពេល ​៤ ​ម៉ោង «​នៅ​ក្នុង​ស្រមោល​នៃ​ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ​​ពែក្ស»​។​

វិទ្យុ​នោះ​បាន​​ផ្សាយ​ថា​ អ៊ីស្រាអែល​ជា​លើក​ទី​២ ​ហើយ​នៅ​ក្នុង​រយៈពេល​​១ ​សប្តាហ៍​មក​នេះ​ ដែល​ក្រុម​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​បាន​ជួបជុំ​គ្នា​ ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​​កាល​ពី​ថ្ងៃ​អាទិត្យ​។​

សារព័ត៌មាន ​Walla ​របស់​អ៊ីស្រាអែល ​បាន​និយាយ​ថា​ ក្រុម​រដ្ឋមន្ត្រី​ទាំង​នោះ​ បាន​ពិភាក្សា​គ្នា​​អំពី​ការ​ប្រកាស​របស់​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ចាប់​ពី​ថ្ងៃ​ទី ​២៧​ ខែ ​មិថុនា​ អ៊ីរ៉ង់​នឹង​ដាក់​កម្រិត​ទៅ​លើ​ទំហំ​នៃ​ការ​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​របស់​ខ្លួន​ឡើង​វិញ​ ដែល​មាន​នៅ​ក្នុង​​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​កាល​ពី​ឆ្នាំ ​២០១៥​ ជាមួយ​នឹង​ក្រុម​ប្រទេស​មហា​អំណាច​ពិភព​លោក​​ ចំណែក​ការិយាល័យ​​​​របស់ លោក នេតានីយ៉ាហ៊ូ មិន​បាន​បញ្ជាក់​ពី​ជំនួប​នោះ​ទេ៕ AFP/SK​