លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ជុំ​ទី​២ ​នៅ​រដ្ឋ​ Georgia បាន​បង្ហាញ​ថា​ បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ទាំង ​២ ​រូប ​ទទួល​ជ័យជម្នះ​លើ​សមាជិក​ព្រឹទ្ធសភា​កាន់​តំណែង​ពី​បក្ស​សាធារណរដ្ឋ​ប្រគល់​ការ​គ្រប់គ្រង​ព្រឹទ្ធសភា​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​។

ជ័យជម្នះ​របស់​លោក Jon Ossoff និង Raphael Warnock បាន​ធានា​ឱ្យ​បក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ ៥០-៥០ ក្នុង​ព្រឹទ្ធសភា​នៅ​អាណត្តិ​ក្រោយ ដោយ​មាន​អនុ​ប្រធានាធិបតី Kamala Harris ដើរ​តួ​ជា​អ្នក​បំបែក​ការ​ជាប់​គាំង​ដោយសារ​សំឡេង​ស្មើ​គ្នា​។

ការ​គ្រប់គ្រង​អង្គសភា​ទាំង ​២ ដោយ​បក្ស​ប្រជាធិបតេយ្យ​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ Joe Biden ធ្វើ​ការ​អនុវត្ត​គោលដៅ​ច្បាប់​ ហើយ​ងាយ​​ស្រួល​ក្នុង​ការ​ធ្វើ​ការ​តែងតាំង​គណៈរដ្ឋមន្ត្រី​ និង​ចៅក្រម​។

លោក​ Biden នឹង​ថ្នាក់​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​បាន​យល់ព្រម​ថា ​ពេល​ដែល​លោក​ចូល​កាន់​តំណែង​សភា​នឹង​អនុម័ត​កញ្ចប់​ថវិកា​ជួយ​សង្គ្រោះ​វិបត្តិ​កូវីដ ១៩​ ដែល​រួម​មាន​ការ​ផ្ដល់​សែក​ ២ ០០០ ដុល្លារ ​ទៅ​កាន់​ពលរដ្ឋ​អាមេរិក​នីមួយៗ។

គួរ​កត់​សម្គាល់​ថា ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ ចៅក្រម​តុលាការ​​កំពូល​លោក​ Stephen Breyer ដែល​មាន​អាយុ ៨២ ឆ្នាំ បាន​រង់ចាំ​ដល់​ពេល​វេលា​ដល់​ពេល​ដែល​អាសនៈ​លោក​អាច​បំពេញ​ដោយ​ចៅក្រម​​សេរី​និយម​តែងតាំង​ដោយ​បក្ស​ប្រជាធិបតេយ្យ​ ទើប​លោក​ចូល​និវត្តន៍​។

សភា​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ​ក៏​ធានា​ឱ្យ​នឹង​អាច​​អនុម័ត​ថវិកា​ជាតិ​ដោយ​គ្មាន​​ការ​គំរាម​កំហែង​បិទ​ទ្វារ​រដ្ឋាភិបាល​ និង​មិន​បាច់​ប៉ះ​ទង្គិច​​ជាមួយ​សភា​ទាក់ទង​នឹង​ការ​កំណត់​បំណុល​ជាតិ​ផង​ដែរ​។

លោក Ossoff នឹង​មាន​អាណត្តិ​ពេញ​ ៦ ឆ្នាំ​ រីឯ​លោក​ Warnock វិញ​ដែល​ឈ្នះ​ការ​បោះឆ្នោត​ពិសេស​ នឹង​បំពេញ​នៃ​អាណត្តិ​នៅ​សល់​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ Johnny Isakson ហើយ​ត្រូវ​ឈរ​ឈ្មោះ​ការ​បោះ​ឆ្នោត​ធម្មតា​នៅ​ឆ្នាំ ​២០២២​៕