ក្រុង​ដាក្កា៖ ​តុលាការ​បង់ក្លាដែស​បាន​កាត់​ទោស​ប្រហារ​ជីវិត​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម ​១០ ​នាក់ ​កាល​ពី​ថ្ងៃ​ចន្ទ​ ពី​បទ​វាយ​ប្រហារ​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​កុម្មុយនីស្ត​កាល​ពី ​២ ​ទសវត្សរ៍​កន្លង​ទៅ ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ​៥ ​នាក់​ស្លាប់​។​

នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អស់​ជា​ច្រើន​គ្រាប់​ កាល​ពី​ខែ​មករា​ ឆ្នាំ ​២០០១​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ដាក្កា​ នៅ​ឯ​កន្លែង​ប្រមូល​ផ្តុំ​មួយ​របស់​គណបក្ស​កុម្មុយនីស្ត​បង់ក្លាដែស​ ហើយ​ប៉ូលិស​បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​អង្គការ​ Harkatul Jihad al ​Islami ​(HUJI) ​ត្រូវ​បាន​ហាម​មិន​ឲ្យ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ ក្រោយ​ពី​មាន​ការ​ស៊ើប​អង្កេត​មួយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ​ជុំវិញ​​បញ្ហា​នេះ​​។ ​

ការ​វាយ​ប្រហារ​នោះ​ គឺ​ជា​ប្រតិបត្តិការ​មួយ​ក្នុង​ចំណោម​ប្រតិបត្តិការ​មួយ​ចំនួន ​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ ដែល​សមាជិក​របស់​ពួក​គេ​កំពុង​វិល​ត្រឡប់​មក​កាន់​ប្រទេស ​បង់ក្លាដែស ​វិញ​ ចេញ​ពី​ជម្លោះ​នៅ​ក្នុង​​ប្រទេស ​អាហ្វហ្គានីស្ថាន ​កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ ​២០០០​។​

កាល​ពី​ថ្ងៃ​ចន្ទ​ ​រដ្ឋអាជ្ញា​ក្រុង​ដាក្កា​លោក​ អាប់ឌុលឡាហ៍ អាប៊ូ ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា ​សមាជិក​របស់​​អង្គការ​ HUJI​ ១០ ​នាក់​ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​។​

លោក ​អាប់ឌុលឡាហ៍​ អាប៊ូ ​បាន​ថ្លែង​ថា​៖ «​ពួក​គេ​បាន​បើក​ការ​វាយ​ប្រហារ​ជា​ផ្នែក​ក្រុម​ជីហាដ​របស់​ពួក​គេ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​សកម្ម​ប្រយុទ្ធ​មួយ​នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​។ ​ពួក​គេ​ចង់​បង្កើត​រដ្ឋាភិបាល​គ្មាន​​សាសនា ​និង​បង្ក​ឲ្យ​មាន​អនាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​»​។​

សមាជិក ​២ ​រូប របស់​បក្ស​កុម្មុយនីស្ត​បង់ក្លាដែស​ ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​បញ្ហា​នោះ​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ​​។​

ក្រុម​អ៊ិស្លាម​ជ្រុល​និយម​បាន​កំពុង​កំណត់​គោលដៅ​ទៅ​លើ​ក្រុម​សកម្មជន​មូស្លីម​និយម​កណ្តាល​ និង​ក្រុម​អ្នក​កាន់​សាសនា​ផ្សេងៗ​ នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស​ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ​១៩៩០​។​

ក្រុម​អង្គការ ​HUJI​ និង​ Jamayetul ​Mujahideen ​Bangladesh ​(JMB) ​គឺ​ជា​ក្រុម ​២ ​ដែល​មាន​ឈ្មោះ​ល្បី​បំផុត​ ក្រុម​ទាំង ​២ ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ទាហាន​ជើង​ចាស់​នៅ​ក្នុង​ជម្លោះ​នៅ​ក្នុង​ប្រទេស អាហ្វហ្គានីស្ថាន ​ហើយ​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ជុំវិញ​ការ​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​ នៅ​ក្នុង​ការ​បំផ្ទុះ ​និង​ការ​វាយ​ប្រហារ​គ្រាប់​បែក​នៅ​ប្រទេស ​បង់ក្លាដែស​​។​

ក្រុម​មេ​ដឹកនាំ​កំពូល ​៦ ​នាក់​ផ្សេង​ទៀត​របស់​អង្គការ ​JMB ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​កាល​ពី​ឆ្នាំ ​២០០៧​ ក្រោយ​ពី​បាន​រក​ឃើញ​ថា​ មាន​ទោស​ពី​បទ​វាយ​ប្រហារ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​កាល​ពី​ខែ​សីហា​ ឆ្នាំ ២០០៥​។​

ប្រធាន​អង្គការ ​HUJI ​លោក​ ម៉ូហ្វទី ​អាប់ឌុល​ ហាន់ណាន់​ និង​ដៃ​គូ ​២ ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​កាល​ពី​ខែ​មេសា​ឆ្នាំ ​១០១៧​ ពី​បទ​រៀបចំ​វាយ​ប្រហារ​កាល​ពី​ឆ្នាំ ​២០០៤​ ទៅ​លើ​វិហារ​មូស្លីម​ស៊ូហ្វី​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ​៣ ​នាក់​ស្លាប់​ និង​ឧត្តម​ស្នងការ​អង់គ្លេស​ម្នាក់​ទៀត​ប្រចាំ​នៅ​ក្រុង​ដាក្កា ​បាន​រង​របួស​៕ AFP/SK