
លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (ឆ្វេង) សមភាគីបង់ក្លាដែស លោកស្រី Shiekh Hasina ក្នុងអំឡុងជំនួបរបស់ពួកគេ។ AFP
ប្រទេសបង់ក្លាដែសថា ស្ថានភាពហាក់នៅប្រក្រតីនៅឡើយ ក្រោយពេលមានការដាក់ពង្រាយឆ្មាំនៅតាមព្រំដែន ដើម្បីជួយរក្សាសណ្តាប់ធ្នាប់ បន្ទាប់ពីមានការតវ៉ា ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ធ្វើឡើងដោយក្រុមអ៊ិស្លាមជ្រុលនិយមប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កន្លងមក។
អ្នកនាំពាក្យក្រុមឆ្មាំព្រំដែនបង់ក្លាដែសនឹងមានតួនាទីជាកម្លាំងយោធាបម្រុងផងនោះ បាននិយាយថា ដើម្បីធានារក្សាច្បាប់ និងសណ្តាប់ធ្នាប់សង្គម ក្រុមកម្លាំងយោធាបម្រុងទាំងនេះ បានដាក់ពង្រាយកងទ័ពតាំងពីយប់ថ្ងៃសុក្រមកម្ល៉េះ។
លោកវរសេនីយ៍ទោ Fayzur Rahman បានមានប្រសាសន៍ថា៖ «ដោយមានការណែនាំពីក្រសួងមហាផ្ទៃ និងជំនួយរដ្ឋបាលស៊ីវិលក្រុមយោធាបម្រុងបានពង្រាយខ្លួននៅតាមព្រំប្រទល់ស្រុកផ្សេងៗគ្នាក្នុងប្រទេស»។ លោក Rahman បានបន្ថែមថា មិនមានរបាយការណ៍ស្ដីអំពីអំពើហិង្សាណាមួយឡើយ ក្រោយការដាក់ពង្រាយកងកម្លាំងទាំងនេះ ពោល «ស្ថានភាពនៅធម្មតា»។
ការតវ៉ាប្រឆាំងនេះ បានចាប់ផ្តើមកាលពីថ្ងៃសុក្រនៅវិហារអ៊ិស្លាមមួយនៅក្នុងរដ្ឋធានីដាកា រួចក៏រីករាលដាលដល់ស្រុកសំខាន់ៗជាច្រើននៅក្នុងប្រទេសអាស៊ីខាងត្បូង (មានប្រជាជនចំនួន ១៦៨ លាននាក់) ក្នុងនោះបណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់ និងជាច្រើននាក់រងរបួស។
មូលហេតុដែលបង្កឱ្យមានការតវ៉ាប្រឆាំងនេះ គឺដោយសារក្រុមសាសនិកជនអ៊ិស្លាមជាច្រើននៅបង់ក្លាដែសបានចោទប្រកាន់នាយករដ្ឋមន្ត្រី Modi ពីបទរើសអើង ស្អប់ខ្ពើមប្រជាជនមូស្លីមភាគតិចនៅឥណ្ឌា ដែលជាប្រទេសកាន់សាសនាហិណ្ឌូភាគច្រើន។ ប្រទេសទាំង ២ បានចេញសេចក្តីថ្លែងការណ៍រួមមួយ អបអរកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ពួកគេ។ យ៉ាងណាមិញរដ្ឋាភិបាលបង់ក្លាដែសមិនបានធ្វើអត្ថាធិប្បាយស្ដីអំពីការតវ៉ានេះទេ។
យ៉ាងហោចណាស់មានអ្នកគាំទ្រក្រុម Hefazat-e-Islam ឬប្រែថាក្រុមការពារអ៊ិស្លាមចំនួន ៤ នាក់ បានស្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុនបន្ទាប់ពីប៉ូលិសបានបើកការបាញ់ប្រហារ ក្រោយមានការចោទប្រកាន់ថា ក្រុមបាតុករនេះបានវាយប្រហារស្ថានីយប៉ូលិសមួយនៅភាគអាគ្នេយ៍នៃទីក្រុង Chittagong។ ដោយឡែកមនុស្សរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងទីក្រុងដាក្កា កាលពីថ្ងៃសុក្រ ក្រោយពេលប៉ូលិសប្រើគ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ទល់នឹងក្រុមបាតុករ។
១ ថ្ងៃ ក្រោយមក កាលពីថ្ងៃសៅរ៍ សមាជិកក្រុមការពារអ៊ីស្លាមរាប់រយនាក់ និងក្រុមដទៃទៀតបានបើកក្បួនធ្វើដំណើរឆ្លងកាត់ក្រុង Chittagong និង Dhaka ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការស្លាប់របស់អ្នកគាំទ្រពួកគេ។
លេខាធិការរៀបចំក្រុមលោក AzizulHaque បានប្រាប់បាតុករនៅក្រុង Chittagong ថា៖ «ប៉ូលិសបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកគាំទ្រសន្តិភាពរបស់ពួកយើង។ យើងនឹងមិនធ្វើឱ្យឈាមរបស់បងប្អូនយើងបាត់បង់ដោយទទេៗឡើយ»។
ទោះជាយ៉ាងណាក្ដី ក្រុមការពារអ៊ិស្លាមបានអំពាវនាវឱ្យមានកូដកម្មទូទាំងប្រទេសបន្ថែមទៀត កាលពីថ្ងៃអាទិត្យដើម្បីប្រឆាំងនឹងការបង្កឱ្យមានមនុស្សស្លាប់នេះ។ ជាមួយគ្នានេះដែរ អង្គការលើកលែងទោសអន្តរជាតិក៏បានរិះគន់ចំពោះសកម្មភាពរបស់ប៉ូលិសនៅ Chittagong ដែលបង្កឱ្យមានមនុស្សស្លាប់នេះផងដែរ។
អ្នកស្រាវជ្រាវនៅអាស៊ីខាងត្បូងនៃប្រទេសស៊ុលតង់ លោក Mohammed Zakaria បាននិយាយថា៖ «សិទ្ធិក្នុងការតវ៉ា ដោយសន្តិវិធីស្ថិតក្រោមការគំរាមកំហែង ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាត ដែលជាហេតុបង្កឱ្យមានការបង្ក្រាបដ៏សាហាវបែបនេះ»។
គួរបញ្ជាក់ផងដែរថា លោក Modi បានមកដល់ទីក្រុងដាក្កា កាលពីថ្ងៃសុក្រកន្លងទៅ ដែលជាដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោកចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតមក ដែលការធ្វើទស្សនកិច្ចនេះ គឺដើម្បីអបអរខួបលើកទី៥០ នៃឯករាជភាពរបស់បង់ក្លាដែស៕