កាលពីថ្ងៃសៅរ៍ ទី ៣០ មករាជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ាត្រូវបានផ្លាស់ទៅរស់នៅកោះដាច់ស្រយាលមួយនៅឈូងសមុទ្របេងហ្គាល់។ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២០ ក្រុមរ៉ូហ៊ីងយ៉ាប្រមាណជាង ៦ ៧០០ នាក់ ត្រូវបានប្រទេសបង់ក្លាដែស ផ្លាស់ឱ្យទៅរស់នៅកោះBhasan Char ប្រទេសបង់ក្លាដែស។ ក្រុមសិទ្ធិមនុស្សមួយចំនួនបានធ្វើការរិះគន់ទៅប្រទេសបង់ក្លា ដែសពាក់ព័ន្ធនឹងការធ្វើបំផ្លាស់ទីនេះ ដោយសារបង់ក្លាដែសមិនទាន់ទទួលបានការអនុញ្ញាតពីអង្គការសហប្រជាជាតិនៅឡើយទេ។
ប្រទេសបង់ក្លាដែស បានបំផ្លាស់ទីក្រុមរ៉ូហ៊ីងយ៉ាទៅកោះដាច់ស្រយាលទោះបីជាមានការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សក៏ដោយ។ បង់ក្លាដែសបានលើកឡើងថា ការបំផ្លាស់ទីក្រុមរ៉ូហ៊ីងយ៉ានេះគឺ ធ្វើដោយការស្ម័គ្រចិត្តប៉ុណ្ណោះមិនមានការបង្ខំឡើយ។ ការបំផ្លាស់ទីក្រុមរ៉ូហ៊ីងយ៉ានេះជាផ្នែកមួយនៃកម្មវិធីដែលរដ្ឋាភិបាលបង់ក្លាដែសនិយាយថា មានគោលបំណងដើម្បីសម្រួលដល់ការប្រមូលផ្តុំគ្នានៅជំរំជនភៀសខ្លួនដែលមានប្រជាជនច្រើន។
គួរបញ្ជាក់ផងដែរថា ក្រុមរ៉ូហ៊ីងយ៉ាគឺជាជនជាតិភាគតិចមូស្លីមដែលពុំមានសញ្ជាតិជាក់លាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការជម្លៀសក្រុមជនជាតិភាគតិច ពីប្រទេសមីយ៉ាន់ម៉ានេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៧ នៅពេលអំពើហិង្សាបានផ្ទុះឡើងនៅរដ្ឋរ៉ាក់ឃីន (Rakhine) ប្រទេសមីយ៉ាន់ម៉ា ដោយបានជំរុញឱ្យមនុស្សជាង ៧៤២ ០០០ នាក់ ភៀសខ្លួនទៅប្រទេសបង់ក្លាដែស។
ក្រុមអង្គការសិទិ្ធមនុស្សមានការព្រួយបារម្ភពីស្ថានភាព និងបរិយាកាសរស់នៅរបស់ក្រុមរ៉ូហ៊ីងយ៉ានៅតំបន់កោះនោះ។ អង្គការសិទ្ធិមនុស្សបានលើកឡើងថា ការបំផ្លាស់ទីក្រុមរ៉ូហ៊ីងយ៉ានេះប្រហែលជាអាចមានការបង្ខំឱ្យផ្លាស់ទៅរស់នៅកោះដែលអាចងាយនឹងរងគ្រោះដោយសារទឹកជំនន់។
នៅពេលប្រទេសបង់ក្លាដែស ចាប់ផ្តើមកម្មវិធីនេះនៅដើមខែធ្នូ ឆ្នាំ ២០២០ អង្គការសហប្រជាជាតិបាននិយាយនៅពេលនោះថា ខ្លួនមិនបានចូលរួមក្នុងការរៀបចំការផ្លាស់ប្តូរលំនៅរបស់ក្រុមជនរ៉ូហ៊ីងយ៉ានោះទេ ហើយព័ត៌មានដែលទទួលបានទាក់ទងនឹងផែនការនេះ គឺនៅមានកម្រិតនៅឡើយ។
បន្ទាប់ពីបញ្ជូនក្រុមភៀសខ្លួនលើកទី២ តាមនាវាកងទ័ពជើងទឹកនៅឯសមុទ្រចិនក្រសួងការបរទេសបានប្រឆាំងនឹងការលើកឡើងរបស់អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសបង់ក្លាដែសបាននិយាយថា ការលើកឡើងរបស់អង្គការសហប្រជាជាតិ គឺជាព័ត៌មានមិនពិត និងបានបដិសេធពីការចោទប្រកាន់ថាជនភៀសខ្លួនក្រុមរ៉ូហ៊ីងយ៉ានេះត្រូវបានបញ្ជូនទៅកោះនោះ ដោយមានការបង្ខំ។
ជាការឆ្លើយតបទៅការលើកឡើងរបស់អង្គការសហប្រជាជាតិរដ្ឋមន្ត្រីការបរទេសបង់ក្លាដែសលោក Abdul Momen កាលពីខែធ្នូ ឆ្នាំ ២០២០ បាននិយាយថា អង្គការសហប្រជាជាតិគួរតែធ្វើការវាយតម្លៃ និងផ្ទៀងផ្ទាត់បរិយាកាសដែលក្រុមរ៉ូហ៊ីងយ៉ារស់នៅក្នុងរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ាសិនមុនពេលអនុវត្តការវាយតម្លៃការរស់នៅរបស់ពួកគេនៅ Bhasan Char។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Reuters។
ក្រុមរ៉ូហ៊ីងយ៉ាមួយចំនួនបាននិយាយថា ការធ្វើការបំផ្លាស់ទីទៅកោះនោះ គឺពួកគាត់ធ្វើដោយបង្ខំចិត្តដោយសារនៅជំរំភៀសខ្លួនដែលពួកគាត់រស់នៅពីមុនមានអំពើហិង្សាកើតឡើង ជាញឹកញាប់ដែលបង្ខំឱ្យមានការសម្រេចចិត្តផ្លាស់លំនៅបែបនេះ។
ការប៉ុនប៉ងជាច្រើនក្នុងការធ្វើមាតុភូមិនិវត្តន៍ក្រុមរ៉ូហ៊ីងយ៉ាទៅប្រទេសមីយ៉ាន់ម៉ាវិញ ប៉ុន្តែទទួលបានបរាជ័យបន្ទាប់ពីជនភៀសខ្លួនទាំងនោះបាននិយាយថា ពួកគេមានការភ័យខ្លាចចំពោះការវិលត្រឡប់ទៅវិញ។
កាលពីខែធ្នូ ឆ្នាំ ២០១៩ អង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា បញ្ឈប់ការញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងក្រុមរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចដទៃទៀត។ ការអំពាវនាវនេះបានបញ្ជាក់ពីការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានធ្ងន់ធ្ងរដែលក្រុមមូស្លីមរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចដទៃទៀតរងគ្រោះដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា៕