ក្រុងរីយោដឹហ្សេនេរ៉ូៈ មេបញ្ចាការជាន់ខ្ពស់ម្នាក់ បានថ្លែងពីថ្ងៃចន្ទថា កងទ័ពជើងទឹកអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បី «ធ្វើអ្វីជាចាំបាច់ ដែលត្រូវធ្វើ» នៅប្រទេស វ៉េណេស៊ុយអេឡា ខណៈដែលអាមេរិក បានបង្កើនដាក់សម្ពាធទៅលើប្រទេសញាំញីដោយវិបត្តិមួយនេះ។
ប្រមុខមេបញ្ជាការអាមេរិកខាងត្បូងលោកឧត្តមនាវីឯក Craig Faller បានថ្លែងសុន្ធរកថានៅក្រុងរីយោដឹហ្សេនេរ៉ូថា អាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធនាវាចរណ៍ UNITAS ប្រចាំឆ្នាំរបស់ខ្លួនដែលមានការចូលរួមពីប្រទេសចំនួន ៩ នៅអាមេរិកកណ្តាល អង់គ្លេស ព័រទុយហ្គាល់ និងជប៉ុន។
លោក Faller បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា៖ «ខ្ញុំមិនចង់និយាយលម្អិតអំពីអ្វីដែលយើងកំពុងរៀបចំផែនការ និងអ្វីដែលយើងកំពុងធ្វើនោះទេ ប៉ុន្តែយើងនៅតែត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអនុវត្តគោលនយោបាយរបស់យើង ហើយយើងនៅតែបន្តបោះជំហានរបស់យើងទៅមុខជានិច្ច»។
«កងទ័ពជើងទឹកអាមេរិក គឺជាកងទ័ពដែលមានឥទ្ធិពលខ្លាំងក្លាបំផុតនៅលើពិភពលោក។ ប្រសិនបើយើងសម្រេចលើគោលនយោបាយមួយ ដើម្បីដាក់ពង្រាយទាហានជើងទឹកនោះ ខ្ញុំជឿជាក់ថា យើងនឹងមានសមត្ថភាព ធ្វើអ្វីមួយដែលចាំបាច់ត្រូវធ្វើនោះបាន»។
សុន្ទរកថារបស់លោក បានធ្វើឡើងបានប៉ុន្មានសប្តាហ៍ ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោកកំពុងពិចារណាអំពី «ការរាំងខ្ទប់ ឬដាក់ប្រទេសអាមេរិកកណ្តាលមួយនេះឲ្យនៅឯកោ»។
លោក ត្រាំ បានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេស វ៉េណេស៊ុយអេឡា កាន់តែខ្លាំងឡើងនៅក្នុងខែនេះ ដោយបានបញ្ជាឲ្យបង្កកទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលនៃប្រទេសមួយនេះនៅអាមេរិក៕ AFP/SK