
អ្នកតវ៉ាធ្វើសញ្ញាម្រាមដៃ៣ក្នុងអំឡុងបាតុកម្មរដ្ឋប្រហារប្រឆាំងរដ្ឋប្រហារយោធានៅក្នុងទីក្រុងដាវ៉េកាលពីថ្ងៃទី៣០ ឧសភា។ AFP
អង្គការសហប្រជាជាតិ (UN) បានព្រមានថា បញ្ហារដ្ឋប្រហារយោធាមីយ៉ាន់ម៉ា និងជំងឺកូវីដ ១៩ នឹងធ្វើឱ្យសេដ្ឋកិច្ច ដែលខំប្រឹងអភិវឌ្ឍអស់ជាង ១ ទសវត្សរ៍រលាយសាបសូន្យ និងអាចធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ាប្រមាណជាង ១២ លាននាក់ធ្លាក់ក្នុងបន្ទាត់ក្រីក្រ។
អង្គការសហប្រជាជាតិ (UN) រៀបរាប់ថា ប្រសិនបើមិនបានត្រួតពិនិត្យផលប៉ះពាល់រួមគ្នានៃវិបត្តិទាំងនេះ ប្រជាជន ២៥ លាននាក់ ឬជិតពាក់កណ្តាលប្រជាជនមីយ៉ាន់ម៉ាប្រមាណ ៥៤ លាននាក់ អាចនឹងធ្លាក់នៅក្រោមបន្ទាត់ក្រីក្រី (រស់នៅស្ថិតក្រោម ១ ដុល្លារ/ថ្ងៃ) ក្នុងឆ្នាំ ២០២២។
លោកស្រី KanniWignaraja នាយកអង្គការ UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រសាសន៍ថា៖ «ការសិក្សារបស់យើងបានរកឃើញថា ប្រជាជនចំនួនពាក់កណ្តាលនឹងរស់នៅក្នុងភាពក្រីក្រនៅដើមឆ្នាំក្រោយ ដែលនេះ គឺជាការកើនឡើងទ្វេដងនៃកម្រិតក្រីក្រ ដែលយើងបានព្យាករមុនមានជំងឺកូវីដ ១៩»។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (UN) ក៏បានប៉ាន់ប្រមាណថា ការរំខានផ្នែកសេដ្ឋកិច្ចពីរដ្ឋប្រហារ អាចធ្វើឱ្យប្រជាជននៅទីក្រុងដល់ទៅ ៣,៤ លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលក្នុងគ្រោះទុរភិក្ស។
បន្ថែមពីនេះ រដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ៍យោធា លោក Min Aung Hlaing ព្រមទាំងការធ្វើកូដកម្ម និងការតវ៉ាទ្រង់ទ្រាយធំ ដែលបានកើតឡើងជាបន្តបន្ទាប់ និងការបង្ក្រាបដោយហិង្សាពីសំណាក់រដ្ឋាភិបាលយោធា បានធ្វើឱ្យសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាធ្លាក់ដុនដាប និងបានកាត់ផ្តាច់ប្រទេសនេះ ពីកម្មវិធីចែកចាយវ៉ាក់សាំងដល់ប្រទេសខ្លួនផងដែរ។
ភាពវឹកវរនេះក៏បានធ្វើឱ្យប្រជាជនភៀសខ្លួនពាសពេញមីយ៉ាន់ម៉ា និងធ្វើឱ្យមានការព្រួយបារម្ភនិងមានការភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាចិននិងថៃ ដែលនៅជិតខាងផងដែរ។ ជាមួយគ្នានេះដែរ ប្រទេសធំមួយចំនួនក៏បានផ្អាកកម្មវិធីជំនួយស្បៀងអាហារ ក៏ដូចជាកម្មវិធីជំនួយផ្សេងៗទៀតរបស់ខ្លួនទៅកាន់ប្រទេសនេះ ដែលកាន់តែធ្វើឱ្យស្ថានភាពប្រទេសនេះយ៉ាប់យ៉ឺនឡើង។
បើក្រឡេកទៅមើលស្ថានភាពជំងឺកូវីដ១៩ បច្ចុប្បន្នមានចំនួនករណីឆ្លងសរុបជាង ២,៦ លានករណីទូទាំងប្រទេសជាមួយចំនួនអ្នកស្លាប់ ដែលបានកើនឡើងដល់ ៣ពាន់ករណី។ ទោះយ៉ាងណាក្ដី ចំនួននៃការធ្វើតេស្តិ៍ប្រចាំថ្ងៃដែលត្រូវបានអនុវត្តបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីរដ្ឋប្រហារមក ដោយបុគ្គលិកសុខាភិបាលរាប់ពាន់នាក់បានបដិសេធមិនធ្វើការឱ្យរបបយោធា។
១ សប្តាហ៍មុនពេលមានរដ្ឋប្រហារការធ្វើតេស្តកូវីដ ១៩ ជាមធ្យមមានចំនួនជាង ១៧ ០០០ នាក់ ក្នុង ១ ថ្ងៃ។ ចំនួននេះ បានធ្លាក់ចុះមកនៅត្រឹមក្រោម ១ ២០០ នាក់ ក្នុង ១ ថ្ងៃប៉ុណ្ណោះ។
លោក LunZaEn អាយុ ៤៥ ឆ្នាំ ជាប្រជាជនរស់នៅតំបន់តូចមួយ ដែលមានប្រជាជនប្រមាណ ១ ម៉ឺននាក់ បានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters) ពីទីប្រជុំជនដែលមានមនុស្សជាង ១០ ០០០ មួយថា៖ «យើងមិនមានអុកស៊ីហ្ស៊ែនគ្រប់គ្រាន់ទេ ឧបករណ៍វេជ្ជសាស្រ្តអគ្គិសនីគ្រូពេទ្យ ឬរថយន្តសង្គ្រោះបន្ទាន់គ្រប់គ្រាន់ទេ។ ចំនួនបុគ្គលិក ដែលត្រូវធ្វើប្រតិបត្តិការមានតែ ៣ នាក់ប៉ុណ្ណោះ»។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យសាធារណៈនិងវិស័យសុខាភិបាលប្រទេសបានដួលរលំ ក្រោយពេលវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាច្រើន បានចូលរួមធ្វើកូដកម្មនៅក្នុង «ចលនាមិនគោរពតាមច្បាប់ដោយជនស៊ីវិល» ដើម្បីប្រឆាំងនឹងរបបយោធាផងដែរ។
តំណាងរបស់អង្គការសុខភាពពិភពលោក Stephan Paul Jost បាននិយាយថា ពេទ្យចំនួន ១៣ នាក់ ត្រូវបានសម្លាប់ក្នុងរដ្ឋប្រហារ។ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ដែលបង្ហាញពីការវាយប្រហារចំនួន ១៧៩ លើក លើបុគ្គលិកសុខាភិបាល និងមន្ទីរពេទ្យផងដែរ។
បុគ្គលិកសុខាភិបាលប្រហែល ១៥០ នាក់ ត្រូវបានចាប់ខ្លួន។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការាប់រយនាក់ទៀត ត្រូវបានគេចោទប្រកាន់ពីបទញុះញង់ផងដែរ។
ឥឡូវនេះប្រព័ន្ធសុខាភិបាលប្រទេសនេះ អាចនឹងកាន់តែប៉ះពាល់កាន់តែខ្លាំងថែមទៀតជាមួយនឹងរលកវ៉ារ្យ៉ង់ថ្មី ដែលកំពុងសាយភាយពេញប្រទេសឥណ្ឌា ថៃ និងប្រទេសជិតខាងផ្សេងទៀត
ផងដែរ៕