អង្គការ​មិនមែន​រដ្ឋាភិបាល ២ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ជា​ច្រើន​បាន​កែ​សម្រួល​សំណើ​ស្ដីអំពី​ការ​សុំ​ឱ្យ​លើកលែង​កម្មសិទ្ធិ​បញ្ញា​លើ​ការ​ផលិត​វ៉ាក់សាំង ដោយ​ស្នើ​ពង្រីក​ឱ្យ​មាន​ការ​លើកលែង​កម្មសិទ្ធិ​បញ្ញា​ឱ្យ​កាន់​តែ​ទូលំទូលាយ​ជាង​នេះ រួមមាន ទាំង​ការ​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​បន្ថែម​ទៀត ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ ១៩។

បណ្ដា​ប្រទេស​ជាង ៦០ បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​កែ​សម្រួល​សំណើ​របស់ខ្លួន​មុន​នឹង​ដាក់​ជូន​ទៅ​ឱ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) ស្តីពី​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ចំពោះ​ការ​ផលិត​វ៉ាក់សាំង និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត ខណៈ​ស្ថានភាព​នៃ​ជំងឺ​កំពុង​រីក​រាលដាល​កាន់​តែ​ខ្លាំង​ឡើង។ នេះ​បើ​យោង​តាម​អង្គការ​មិនមែន​រដ្ឋាភិបាល Doctors Without Borders (MSF) charity និង NGO Knowledge Ecology International (KEI)។

អង្គការ KEI បាន​បោះពុម្ព​ផ្សាយ​នូវ​អ្វី ដែល​ខ្លួន​បាន​និយាយ​ថា ជា​អត្ថបទ​កែ​សម្រួល​ស្ដីអំពី​ការ​ស្នើ​ឱ្យ​មាន​ការ​លើកលែង​កម្មសិទ្ធិ​បញ្ញា។ យ៉ាងណា​មិញ អង្គការ ​WTO មិន​ទាន់​បាន​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ​ភ្លាមៗ​ទេ ប៉ុន្តែ​អ្នក​ការទូត​លោក​ខាង​លិច​ម្នាក់​ដែល​ជំនាញ​ទាក់ទិន​នឹង​ការ​លើកលែង​កម្ម​សិទ្ធិបញ្ញា​បាន​បញ្ជាក់​ថា វា​ជា​ឯកសារ​ពិត ហើយ​ត្រូវ​បាន​ចែកចាយ​ដល់​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ទាំង​អស់​ទៀត​ផង។

នៅ​ក្នុង​អត្ថបទ​ដដែល​នោះ​បាន​និយាយ​ថា ការ​លើកលែង​កម្មសិទ្ធិ​បញ្ញា​គួរ​តែ​គ្រប​ដណ្តប់​លើ​ឧបករណ៍ «ការពារ​ព្យាបាល ​និង​ដប​ផ្ទុក​វ៉ាក់សាំង» ទាំង​អស់​ដែល​ត្រូវ​ការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩។

ដើម្បី​បន្ថែម​ពី​ការ​លើកលែង​កម្មសិទ្ធិ​បញ្ញា​លើ​ការ​ផលិត​វ៉ាក់សាំង​ការ​លើកលែង​នេះ ក៏​គួរ​តែ​រួម​បញ្ចូល​ទាំង​ការ​ព្យាបាល​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ការ​ផលិត​វ៉ាក់សាំង ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ការពារ​ជំងឺ​ផ្សេងៗ រួម​ជាមួយ​សម្ភារ ​និង​សមាសធាតុ ដែល​ត្រូវ​ការ​សម្រាប់​ផលិត​សម្ភារ​ខាង​លើ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ​ការ​លើកលែង​នេះ គួរ​តែ​មាន រយៈពេល​យ៉ាង​ហោចណាស់ ៣ ឆ្នាំ គិត​ចាប់​ពី​កាលបរិច្ឆេទ​ដែល​វា​ចូល​ជា​ធរមាន​ជា​ពេលវេលា​មួយ ដែល​ក្រុមប្រឹក្សា​ទូទៅ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​គួរ​កំណត់​ថា ​តើ​វា​គួរ​តែ​ឈប់​លើកលែង​ ឬ​គួរតែ​អូស​បន្លាយ​ពេលវេលា​ឱ្យ​យូរ​ជាង​នេះ។

ប្រធាន​អង្គការ​មិនមែន​រដ្ឋាភិបាល MSF ប្រចាំ​នៅ​អាស៊ី​ខាងត្បូង​លោកស្រី Leena Manghaney បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖« យើង​មាន​សេចក្តី​រីករាយ​ណាស់ ដែល​បាន​ឃើញ​រដ្ឋាភិបាល​ឧបត្ថម្ភ​នូវ​សំណើ​លើកលែង​សិទ្ធិ​កម្មសិទ្ធិបញ្ញា​ដែល​មាន​គោល​បំណង​លុប​បំបាត់​ឧបសគ្គ​សម្រាប់​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​ទាំង​អស់​ដែល​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​រាត​ត្បាត​នេះ»។

លោកស្រី​បាន​បន្ថែម​ថា៖ «ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង និង​ការ​ស្លាប់​ដ៏​គួរ​ឱ្យ​ខ្លាច​នៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ការ​គ្រប់គ្រង​ការងារ​ព្យាបាល​ឱ្យ​មាន​សក្តានុពល មាន​ភាព​ចាំបាច់​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បត់បែន​ទៅ​តាម​ស្ថានការណ៍ ​និង​ពេលវេលា ដើម្បី​ធ្វើ​យ៉ាងណា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន»។

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ខែ តុលា​មក​ប្រទេស​ឥណ្ឌា និង​អាហ្វ្រិក​ខាង​ត្បូង បាន​ដឹកនាំ​ឱ្យ​មាន​ការ​ស្នើ​ឱ្យ​អង្គការ WTO ដក​ចេញ​ជា​បណ្តោះអាសន្ន​នៃ​ការ​ការពារ​តក្កកម្ម (ប៉ាតង់) ដោយ​អះអាង​ថា ការ​ធ្វើ​ដូច​នេះ នឹង​ជួយ​ជំរុញ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​និង​ដោះស្រាយ​វិសមភាព​ស្ដីពី​ការ​ទទួល​បាន​ឧបករណ៍​វេជ្ជសាស្ត្រ​មួយ​ផ្នែក​ធំ។

យ៉ាងណា​មិញ ការ​លើក​ឡើង​នូវ​ទស្សនៈ បាន​ប្រឈម​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំៗ និង​ប្រទេស​ម្ចាស់​ផ្ទះ ដែល​បាន​ទទូច​ថា ប៉ាតង់​មិនមែន​ជា​ឧបសគ្គ​ធំ​ក្នុងការ​បង្កើន​ផលិតកម្ម​នោះ​ទេ និង​បាន​ព្រមាន​ថា ចំណាត់​ការ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គំនិត​ច្នៃ​ប្រឌិត​ផង​ដែរ។

ទោះ​យ៉ាងណា​ក្ដី ការ​លើក​ឡើង​នូវ​គោល​គំនិត​នេះ ហាក់​ដូច​មាន​ការ​ផ្លាស់ប្តូរ​កាល​ពី​ដើម​ខែ​នេះ នៅ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន បាន​ចេញ​មុខ​គាំទ្រ​លើកលែង​កម្មសិទ្ធិ​បញ្ញា ឬ​ប៉ាតង់​ជា​សកល​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​ជាមួយ​នឹង​ការ​សម្ដែង​ការ​គំនិត​បើក​ចំហ ​ដើម្បី​ស្វែងរក​ការ​ពិភាក្សា​ស្ដីអំពី​បញ្ហា​នេះ ផង​ដែរ។

ដោយ​ឡែក​នៅ​សភា​អឺរ៉ុប កាល​ពី​សប្ដាហ៍​មុន ក៏​បាន​បោះឆ្នោត​ជំរុញ​ឱ្យ​ទីក្រុង​ប្រ៊ុចសែល គាំទ្រ​នូវ​សំណើ​នេះ​ផង​ដែរ។

ទោះ​យ៉ាងណា​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា មហិច្ឆតា​សម្រាប់​កម្មសិទ្ធិបញ្ញា ឬ​ប៉ាតង់​មាន​លក្ខណៈ​ខុសគ្នា ទៅ​តាម​អ្នក​គាំទ្រ​ដែល​ខ្លះ​អាច​នឹង​គាំទ្រ​ឱ្យ​មាន​ការ​លើកលែង​យូរ និង​ខ្លះ​អាច​នឹង​ផ្តោត​តែ​លើ​ការ​ផលិត​វ៉ាក់សាំង​ប៉ុណ្ណោះ។

គេ​ពិបាក​នឹង​និយាយ​បាន​ថា ​ក្រោយ​សម្រេច​រួច​ប្រទេស​ទាំង​នេះ នៅ​មើល​មុខ​គ្នា​ចំ ឬ​អត់​ទៀត​ណាស់ ប៉ុន្តែ​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​មើល​ឃើញ ហើយ​ថា ជំងឺ​កូវីដ ១៩ នេះ បាន​សម្លាប់​ប្រជាជន ៣,៤ លាន​នាក់​ហើយ​នៅ​លើ​ពិភព​លោក ដូច្នេះ​សេចក្ដី​សម្រេច​យ៉ាង​ណា​នោះ​សុទ្ធតែ​ជា​ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ទាំង​នេះ។

យោង​តាម​អង្គការ ​MSF បច្ចុប្បន្ន មាន​ប្រទេស​ជាង ១០០ ប្រទេស​ហើយ​ដែល​រួម​គាំទ្រ​សំណើ​នេះ រួម​មាន ទាំង​ចិន និង​រុស្ស៊ី​ផង​ដែរ។

ឥឡូវ​នេះ មាន​ប្រទេស​ចំនួន ៦២ បន្ថែម​ទៀត ​គាំទ្រ​នូវ​សំណើ​ផ្លូវ​ការ​នេះ ដោយ​រួមមាន ឥណ្ឌូនេស៊ី ហ្វីជីវ៉ានូអាទូ និង​ណាមីប៊ី ដែល​ទើប​ចូលរួម​នៅ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ៕