កាល​ពី​ថ្ងៃសុក្រ​ទី ១៩​ កុម្ភៈ ​បណ្តា​ប្រទេស​មហាអំណាចមួយ​ចំនួន​បាន​សន្យា​ផ្តល់​វិភាគទាន​ក្នុងការ​ចូលរួម​ទិញ​វ៉ាក់សាំង​ទៅ​ប្រទេស​ដែល​ត្រូវការ​ជំនួយ។

ក្នុង​ជំនួប​តាម​រយៈ​វីដេអូ​ជា​មួយ​មេដឹកនាំ ​G7 ​ប្រធានា​ធិបតី​អាមេរិក​លោក​Joe Biden ​បានសន្យា​ថា ​អាមេរិក​នឹ​ងចូលរួម​វិភាគទាន​ចំនួន៤​ពាន់​លានដុល្លា​រអាមេរិក​ក្នុង​ការ​ទិញ​វ៉ាក់សាំង​កូវីដ ១៩ ជូន​ប្រទេស​ក្រីក្រ។

អធិការ​បតី​អាល្លឺម៉ង់​លោកស្រី​ Angela Merkel​ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​Ursula von der Leyen​ក៏បាន​សន្យា​បង្កើន​វិភាគទាន​របស់​ខ្លួន​ចំនួន​ ១,៥ ពាន់​លាន​ផោន (ជាង ២ លាន ដុល្លារសហរដ្ឋអាមេរិក) ក្នុង​គម្រោង​ COVAX ​ក្នុង​ការ​ទិញ​វ៉ាក់សាំងនេះ​ផងដែរ​។

រីឯ​ប្រធានា​ធិបតី​បារាំងលោក ​Emmanuel Macron បាន​ស្នើឱ្យ​មាន​ការ​ប្រគល់​វ៉ាក់សាំង​ប្រមាណពី​ ៤ ទៅ ៥​ ភាគរយ ​ដែល​សហភាព​អឺរ៉ុបមាន​ទៅ​ប្រទេស​ដែល​ត្រូវ​ការ​ជំនួយ។​លោកស្រី ​Merkel​ ក៏​បាន​បង្ហាញ​ភាព​វិជ្ជមាន​ចំពោះ​គំនិត​នេះ​ផងដែរ៕

នៅដំណាច់ឆ្នាំនេះគម្រោង COVAX មាន​បំណង​ទិញវ៉ាក់សាំង​ ២ ពាន់​លានដូស ​សម្រាប់​ផ្តល់​ទៅ​ប្រទេសដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ចំនួន ៩​២​ ប្រទេស៕