កាលពី​ថ្ងៃអាទិត្យ រដ្ឋាភិបាល​របស់​ប្រទេស​អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​រៀបចំ​ជំនួយ​បន្ទាន់​សម្រាប់​ប្រទេស​ឥណ្ឌា ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ដោះស្រាយ​ជាមួយ​នឹង​ការកើនឡើង​នៃ​ករណី​កូវីដ១៩។

កាលពី​ថ្ងៃទី ២៥ មេសា ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​បាន​និយាយថា ខ្លួន​កំពុង​វាយតម្លៃ​លទ្ធភាព​នៃ​ការផ្តល់​ម៉ាស៊ីន​អុកស៊ីហ្ស៊ែន​ចល័ត និង​ឧបករណ៍​វេជ្ជសាស្ត្រ​ផ្សេងទៀត​ដើម្បី​ជា​ជំនួយ​ទៅ​ប្រទេស​ឥណ្ឌា។

រីឯ​សហរដ្ឋអាមេរិក​វិញ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ២៥ មេសា​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ដែល​ត្រូវការ​ដើម្បី​បង្កើត​វ៉ាក់សាំង ក៏ដូចជា​ឧបករណ៍​ការពារ​ដល់​ប្រទេស​ឥណ្ឌា។ សហរដ្ឋអាមេរិក​បាន​កំណត់​ប្រភព​នៃ​វត្ថុធាតុដើម​ជាក់លាក់​ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ការផលិត​វ៉ាក់សាំង Covishield របស់​ឥណ្ឌា​ដែល​នឹងត្រូវ​ផ្តល់ជូន​សម្រាប់​ប្រទេស​ឥណ្ឌា​នាពេល​ខាង​មុខ។

ទន្ទឹមនឹងនេះ​ចក្រភព​អង់គ្លេស​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​គ្រឿង​បរិក្ខារ​ពេទ្យ​ជាង ៦០០ ទៅកាន់​ប្រទេស​ឥណ្ឌា​ក្នុង​នោះ​មាន​ទាំង​បំពង់ខ្យល់ និង​ម៉ាស៊ីន​ស្រូបយក​អុកស៊ីហ្ស៊ែន។ ប្រទេស​បារាំង​បាន​និយាយថា ខ្លួន​គ្រោង​នឹង​គាំទ្រ​ដល់​ប្រទេស​ឥណ្ឌា​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ខណៈ​ដែល​ប្រទេស​រុស្ស៊ី​ក៏បាន​សន្យា​ជួយ​ដល់​ប្រទេស​ឥណ្ឌា​តាមរយៈ​ការបញ្ជូន​ឧបករណ៍​វេជ្ជសាស្ត្រ៕