ការឃុំខ្លួន​ថ្នាក់ដឹកនាំ​ដែល​នៅ​គណបក្ស​ដឹកនាំ​ប្រជាធិបតេយ្យ​បានធ្វើឱ្យ​មានប្រតិកម្ម​ពី​បណ្តា​មេដឹកនាំ​ធំៗ​ទាមទារ​ការដោះលែង​លោកស្រី Aung San Suu Kyi​។

ប្រទេស​មីយ៉ាន់ម៉ា​ត្រូវបាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រធាន​គណបក្ស​ត្រូវបាន​ចាប់ឃុំខ្លួន​។ ប្រទេស​មីយ៉ាន់ម៉ា​នឹងត្រូវ​គ្រប់គ្រង​ដោយ​កម្លាំងយោធា​រយៈពេល ១ ​ឆ្នាំ​។

លោកស្រី Aung San Suu Kyi និង​ថ្នាក់ដឹកនាំ​មួយចំនួន​ត្រូវបាន​ឃុំខ្លួន​ដោយ​កម្លាំង​យោធា​កាលពី​ព្រឹក​ថ្ងៃទី​ ១ កុម្ភៈ​ក្រោយពី​ត្រូវបាន​ចោទ​ថា​មាន​ការក្លែងបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០​។

ក្រោយពី​មានការ​ឃុំខ្លួន​មេដឹកនាំ​គណបក្ស​នោះបាន​ ១ ​ថ្ងៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បានចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឱ្យមាន​ការទទួល​ស្គាល់​លទ្ធផល​ការបោះឆ្នោត​កាលពី​ឆ្នាំមុន​។ បន្ទាប់ពី​មាន​ការប្រកាស​ឱ្យ​ទទួល​ស្គាល់​លទ្ធផល​ការបោះឆ្នោត​នោះ​ហើយ​ក៏មាន​ការជំរុញឱ្យ​ប្រជាជន​បដិសេធ​ការគ្រប់គ្រង​ប្រទេស​ដោយ​កងកម្លាំង​យោធា​ដែរ​។

ក្រៅពី​មាន​ការទាមទារ​ពី​គណបក្ស​កាន់អំណាច​រួចមក​ក៏មាន​ការចេញ​សេចក្តី​ថ្លែងការណ៍​ពី​បណ្តា​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយចំនួន​ផងដែរ​។

ប្រធានាធិបតី​អាមេរិក Joe Biden បាន​និយាយថា ការគ្រប់គ្រង​ប្រទេស​ដោយ​កងយោធា និង​ការឃុំខ្លួន​មន្ត្រី​ស៊ីវិល​គឺជា​ការវាយលុក​ផ្ទាល់​ទៅលើ​ការផ្លាស់ប្តូរ​លទ្ធិប្រជាធិបតេយ្យ​​ និង​នីតិរដ្ឋ​របស់​ប្រទេស​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​លោក​ Biden បាន​និយាយថា​៖ «​យើង​នឹង​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង​នៅ​ទូទាំង​តំបន់ និង​ពិភពលោក​ដើម្បី​គាំទ្រ​ដល់​ការស្តារ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ក៏ដូចជា​ទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ​»​។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony J Blinken ​ក៏បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង និង​បាន​ជំរុញ​ឱ្យ​យោធា​ផ្លាស់ប្តូរ​សកម្មភាព​របស់​ខ្លួន​ជាបន្ទាន់​។ លោក​បាន​និយាយថា​៖ «​យើង​សូម​អំពាវនាវ​ដល់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ឱ្យ​ដោះលែង​មន្ត្រី​រដ្ឋាភិបាល និង​មេដឹកនាំ​សង្គម​ស៊ីវិល​ទាំង​អស់​ហើយ​គោរព​ឆន្ទៈ​របស់​ប្រជាជន​មីយ៉ាន់ម៉ា​»​។

បន្ថែម​ពី​ការអត្ថាធិប្បាយ​របស់​ថ្នាក់ដឹកនាំ​អាមេរិក ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ក៏មាន​ប្រតិកម្ម​ទៅលើ​ព្រឹត្តការណ៍​ដែល​កើតឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែរ​។ អគ្គលេខាធិការ​សហភាព​អឺរ៉ុប​លោក​ Antonio Guterres បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការឃុំខ្លួន​មេដឹកនាំ​របស់​មីយ៉ាន់ម៉ា​នៅមុន​ថ្ងៃ​បើក​សម័យប្រជុំ​សភា​ថ្មី​របស់​ប្រទេស​នេះ​។

លោកស្រី​ Michelle Bachelet ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​និយាយ​ថា លោកស្រី​មានការ​ភ្ញាក់ផ្អើល​ចំពោះ​របាយការណ៍​ដែលថា​មនុស្ស​ចំនួន​ ៤៥ ​នាក់​ត្រូវបាន​ឃុំខ្លួន និង​ជំរុញ​ឱ្យ​មាន​ការដោះលែង​ពួកគេ​ជាបន្ទាន់​។ លោកស្រី Bachelet និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ពី​ទីក្រុង​ហ្សឺណែវ​ថា មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​ចំពោះ​ការឃុំខ្លួន​មេដឹកនាំ​មីយ៉ាន់ម៉ា និង​បាន​អំពាវនាវ​ឱ្យ​យោធា​បញ្ឈប់​សកម្មភាព​។

ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) បាន​អំពាវនាវ​ឱ្យមាន​ការវិលត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែលជា​សមាជិក​នៃ​ប្លុក​ទាំង​ ១០ ​ប្រទេស​។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​សមាគម​ប្រជាជាតិ​អាស៊ាន​បានសរសេរ​ថា​៖ «​យើង​សូមបញ្ជាក់​ម្តង​ទៀតថា ស្ថិរភាព​នយោបាយ​នៅក្នុង​រដ្ឋ​សមាជិក​អាស៊ាន​គឺ​ចាំបាច់​ដើម្បី​សម្រេចបាន​នូវ​សហគមន៍​អាស៊ាន​ប្រកបដោយ​សន្តិភាព ស្ថិរភាព​ និង​វិបុលភាព​។ យើង​លើក​ទឹកចិត្ត​ដល់​ការបន្ត​ការសន្ទនា ការផ្សះផ្សា និង​ការវិលត្រឡប់​មករក​ភាពប្រក្រតី​វិញ​ស្របតាម​ឆន្ទៈ​ និង​ផលប្រយោជន៍​របស់​ប្រជាជន​មីយ៉ាន់ម៉ា​»​។

ក្រៅពី​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​នេះ​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ក៏​បានចេញ​សេចក្តី​ថ្លែងការណ៍​ប្រតិកម្ម​ផងដែរ ដូចជា ប្រទេស​បារាំង អ៊ីតាលី អេស្ប៉ាញ និង​អាល្លឺម៉ង់​។ បន្ថែម​ពី​ប្រតិកម្ម​ពី​តំបន់​អឺរ៉ុប​នៅ​តំបន់​អាស៊ី មានដូចជា ជប៉ុន ឥណ្ឌា បង់ក្លាដែស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និង​ហ្វីលីពីន​។

ចំណែកឯ​មហាអំណាច​លោក​ខាងកើត​ដូចជា​លោក Dmitry Polyanskiy អនុប្រធាន​អគ្គរដ្ឋទូត​របស់​រុស្ស៊ី​ប្រចាំ​ អ.ស.ប បាន​និយាយថា​ក្រុម​បេសកកម្ម​អ.ស.ប តំណាង​ប្រទេស​រុស្ស៊ី​កំពុងតែ​រង់ចាំ​ការណែនាំ​ពី​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ហើយ​លោក​បន្ថែមថា ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​មាន​ភាព​ «​ស៊ាំញាំ និង​មិនអាច​ទស្សន៍ទាយ​បាន​»​។

រីឯ​ព័ត៌មាន​រដ្ឋ​ចិន​ Xinhua ចេញផ្សាយ​ថា​ប្រទេស​ចិន​ចាត់ទុក​ថា​វា​ជា​រឿង “​កិច្ចការ​ផ្ទៃក្នុង​" ហើយ​ជានិច្ចកាល​រដ្ឋាភិបាល​ចិន​តែងតែ​ប្រកាន់​ជំហរ​អព្យាក្រឹត​លើ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កន្លងមក​ផងដែរ​៕