បន្ទាប់​ពី​មាន​បាតុកម្ម​តវ៉ា​ជា​បន្ត​បន្ទាប់ កាល​ពី​ថ្ងៃ​អង្គារ ទី ៩ ខែកុម្ភៈ ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ និង​ប៉ូលិស ​ដែល​បង្ក​ឱ្យ​មាន​ការ​រង​របួស​ស្នាម​ទាំង ២ ភាគី។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​មីយ៉ាន់ម៉ា។

ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​មីយ៉ាន់ម៉ា (Myanmar Radio and Television) បាន​រាយការណ៍​ថា រថយន្ត​ប៉ូលិស ១ គ្រឿង ​ត្រូវ​បាន​បំផ្លាញ​នៅ​ឯ​បាតុកម្ម​នៅ​ទីក្រុង Mandalay។ ការ​រាយការណ៍​នោះ​បាន​បន្ត​ថា ការ​តវ៉ា​នេះ ជា​ការ​រៀបចំ​ឡើង​ដោយ​ប្រជាជន​ដែល​ចង់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​របស់​ប្រទេស​ជាតិ។

ទាក់ទង​នឹង​ប្រតិកម្ម​នៅ​ប្រទេស​មីយ៉ាន់ម៉ា អង្គការ​សហប្រជាជាតិ​មាន​ការ​ព្រួយ​បារម្ភ​ក្រោយ​ពី​មាន​ការ​រាយការណ៍​ថា មាន​ការ​ប៉ះទង្គិច​រវាង​ក្រុម​បាតុករ និង​ប៉ូលិស។ អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា៖ «យោង​តាម​ការ​រាយការណ៍​ពី​ក្រុង Nay Pyi Taw, Mandalay និង​ទីក្រុង​ដទៃ​ទៀត​បាតុករ​ជាច្រើន​នាក់​បាន​រង​របួស​ខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​ការ​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ»។

ប៉ូលិស​បាន​បាញ់​ទឹក ​ដើម្បី​បង្ក្រាប​ក្រុមបាតុករ​នៅ​រដ្ឋធានី ​Nay Pyi Taw រយៈពេល ២ ថ្ងៃ​រួច​មក​ហើយ។ មាន​ការ​រាយការណ៍​ថា ​ក្រុម​ប៉ូលិស​បាន​បាញ់​គ្រាប់​កាំភ្លើង​ជ័រ​ទៅ​លើ​ក្រុម​មនុស្ស​នៅ​ក្នុង​ទីក្រុង ​Nay Pyi Taw បង្ក​ឱ្យ​មាន​អ្នក​របួស​ផង​ដែរ។ រីឯ​នៅ​ទីក្រុង Mandalay វិញ​ក្រុម​ប៉ូលិស​បាន​បង្ក្រាប​បាតុកម្ម​ដោយ​ការ​បាញ់​ទឹក ​ដើម្បី​បំបែក​ក្រុមបាតុករ។ យ៉ាងណាមិញ​ក្រុម​បាតុករ​​ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង Yangon ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​បាតុកម្ម​ចាប់​តាំង​ពី​ថ្ងៃ​​ទី ៦ កុម្ភៈ ប៉ុន្តែ​មិន​មាន​សេចក្តី​រាយការណ៍​ថា មាន​អំពី​អំពើ​ហិង្សា​កើត​ឡើង​ទេ។

ក្រុម​អ្នកតវ៉ា​កំពុង​ទាមទារ​ឱ្យ​មាន​អំណាច​ត្រឡប់​ទៅ​រដ្ឋាភិបាល​ស៊ីវិល និង​កំពុង​ស្វែងរក​សេរីភាព​សម្រាប់​លោកស្រី Aung San Suu Kyi និង​សមាជិក​គណបក្ស​របស់​លោកស្រី​ផ្សេងៗ​ទៀត។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី Aung San Suu Kyi និង​សមាជិក​គណបក្ស​ផ្សេង​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី ១ ខែកុម្ភៈ ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ។

ការ​តវ៉ា​ត្រូវ​បាន​ហាមឃាត់​នៅ​តំបន់​មួយ​ចំនួន​នៃ​ទីក្រុង Yangon និង Mandalay យោង​ទៅ​តាម​បទបញ្ជា​មួយ​ដែល​បាន​ចេញ​កាល​ពី​យប់​ថ្ងៃទី ៨ កុម្ភៈ។ នៅ​តាម​តំបន់​ខ្លះ​ការ​ប្រមូល​ផ្តុំគ្នា​ដែល​មាន​មនុស្ស​លើស​ពី ៥ នាក់​រួម​ទាំង​ការ​ធ្វើ​បាតុកម្ម​ត្រួវ​បាន​ហាម​ឃាត់​រួម​ទាំង​មាន​បម្រាម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចាប់​ពី​ម៉ោង ៨ យប់​ដល់​ម៉ោង ៤ ទៀបភ្លឺ។ អ្នក​ដែល​បំពាន​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ៦ ខែ ​ឬ​ពិន័យ​ជា​ប្រាក់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃទី ៨ កុម្ភៈ បាន​ផ្សព្វផ្សាយ​ថា ក្រុម​បាតុករ​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ស្ថិរភាព​របស់​ប្រទេស។ សេចក្តី​ថ្លែងការណ៍​មួយ​ពី​ក្រសួង​ព័ត៌មាន​ដែល​បាន​រាយការណ៍​នៅ​ស្ថានីយ​ទូរទស្សន៍ MRTV បាន​ប្រកាស​ថា៖ «ប្រជាធិបតេយ្យ​អាច​ត្រូវ​បាន​បំផ្លាញ​ប្រសិន​បើ​គ្មាន​វិន័យ​ត្រឹមត្រូវ។ យើង​នឹង​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ​ដើម្បី​ការពារ​សកម្មភាព​ដែល​រំលោភ​លើ​ស្ថិរភាព​របស់​រដ្ឋ​សុវត្ថិភាព​សាធារណៈ និង​នីតិរដ្ឋ»។

បន្ថែម​ពី​នេះ លោក Min Aung Hlaing បាន​និយាយ​ពី​ភាពចលាចល​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​នៅ​យប់​ថ្ងៃទី ៨ កុម្ភៈ​ថា ការ​លួចបន្លំ​សន្លឹក​ឆ្នោត ​គឺ​ជា​ហេតុផល​ដែល​យោធា​ត្រូវ​ធ្វើ​ការ​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា ​នាពេល​សព្វថ្ងៃ​នេះ។

លោក​បាន​និយាយ​បន្ថែម​ថា របប​យោធា​របស់​លោក​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ដូច​ដែល​បាន​សន្យា ហើយ​ប្រគល់​អំណាច​ដល់​អ្នក​ដែល​ឈ្នះឆ្នោត និង​ពន្យល់​អំពី​គោលនយោបាយ​ដែល​បាន​គ្រោង​ទុក​របស់​យោធា​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​កូវីដ ១៩ និង​សេដ្ឋកិច្ច។

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ​នឹង​ធ្វើ​ការ​ប្រជុំ​នៅ​ថ្ងៃទី ១២ កុម្ភៈ ​ដើម្បី​ពិចារណា​ពី​ផលប៉ះពាល់​នៃ​សិទ្ធិ​មនុស្ស។ ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​ដឹកនាំ​ការ​ស្នើសុំ​សម័យ​ប្រជុំ​ពិសេស​ដែល​នឹង​មាន​ការ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ​ក្នុង​ចំណោម​អ្នក​ការ​ទូត​ទាក់ទង​នឹង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​អាច​នាំ​ឱ្យ​មាន​ដំណោះស្រាយ​ណាមួយ​ពី​អន្តរជាតិ៕