ក្រុង​បាងកក៖ ​ក្រុម​សាស្ត្រាចារ្យ​​ក្រុម​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ និង​ក្រុម​មេ​ដឹកនាំ​និស្សិត​បាន​ជឿ​ជាក់​ថា​ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជា​ពិសេស​ ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នឹង​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចូលរួម​ជា​បន្ត​បន្ទាប់​ ដោយសារ​ការ​ពន្យារពេល​​ការ​បោះ​ឆ្នោត ​ដើម្បី​ឱ្យ​សរសេរ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឡើង​វិញ​។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​សាស្ត្រាចារ្យ​ខ្លះ​បាន​ថ្លែង​ថា ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បាន​​ធ្វើ​ឱ្យ​មាន​កំហុស​មួយ​ ដោយសារ​ការ​អំពាវនាវ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​របប​រាជាធិបតេយ្យ​ ដែល​បាន​ធ្វើ​ឱ្យ​ក្រុម​មនុស្ស​អព្យាក្រឹត​នៅ​ឆ្ងាយ​ពី​ពួក​គេ​ ដូច្នេះ​ហើយ​បាន​ធ្វើ​ឱ្យ​យុទ្ធនាការ​របស់​ពួក​គេ​ចុះ​ខ្សោយ​ ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ នៅ​ក្នុង​ប្រទេស​​នេះ​។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​សមាជិក​សភា​ និង​សមាជិក​ព្រឹទ្ធសភា​ បាន​អនុម័ត​សំណើ​មួយ​ ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ​ ដើម្បី​សិក្សា​អំពី​ការ​ប្រកាស​ធ្វើ​វិសោធនកម្ម​ច្បាប់​​មាត្រា ៦​ តាមរយៈ​ការ​បោះ​ឆ្នោត​មួយ​ ដែល​មាន​សំឡេង​គាំទ្រ ៤៣២​ ទល់ ​២៥៥ ​សំឡេង​ ដោយ​អនុប្បវាទ ​២៨ ​សំឡេង​។​

ជា​ការ​ពិត​ណាស់​ ការ​បោះ​ឆ្នោត​ស្តីពី​ថា​ តើ​ត្រូវ​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​ ​៦ ​នៅ​ក្នុង​ការ​អាន​ដំបូង​នេះ ​នឹង​ត្រូវ​បាន​ពន្យារ​រយៈពេល ​១ ​​ខែ​ទៀត​។​

ជា​ដំបូង​ការ​អង្គុយ​កៅអី​រួម​គ្នា​របស់​ក្រុម​សមាជិក​សភា ​និង​ក្រុម​ព្រឹទ្ធសភា​ គ្រោង​បោះ​ឆ្នោត​សម្រេច​ថា តើ​​​ត្រូវ​​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​នោះ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែរ​ឬ​ទេ?​​

គណៈកម្មាធិការ​ ដែល​មាន​សមាជិក ​៣១ ​រូប​ នឹង​រួម​បញ្ចូល​ជាមួយ​ក្រុម​សមាជិក​សភា​ មក​ពី​ក្រុម​គណបក្ស​ចម្រុះ​ និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​ ចំណែក​ឯ​ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​វិញ​ បាន​បដិសេធ​មិន​ចួល​រួម​ប្រកាស​ទេ​។​

ក្រុម​សកម្មជន​និស្សិត​ និង​ក្រុម​បាតុករ​ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សភា​ ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ដំណោះស្រាយ​នោះ​ ដោយ​ប្តេជ្ញា​បន្ត​​ការ​តវ៉ា​របស់​ពួក​គេ​៕ BKP/SK