ក្រុងឡេហ្គាហ្សពី: កម្អែលភ្នំភ្លើងដ៏ខ្លាំងក្លាបានផ្ទុះឡើងលើអាកាសដូចកាំជ្រួចកម្ពស់ ៧ រយម៉ែត្រពីលើភ្នំ Mayon ជាភ្នំភ្លើងដែលសកម្មបំផុតនៅហ្វីលីពីន កាលពីថ្ងៃអង្គារ ខណៈកម្ទេចកម្ទី ដែលបាញ់សាយភាយខ្ចាត់ខ្ចាយ បានប្រែក្លាយផ្ទៃមេឃពេលព្រឹកឲ្យខ្មៅ និងបានបង្កការភ័យខ្លាចនៅក្នុង ចំណោមក្រុមប្រជាជនក្នុងតំបន់ដែលកំពុងភ័យខ្លាចខ្លាំង។
ក្រុមអ្នកវិទ្យសាស្ត្រសិក្សាពីបាតុភូតផ្ទុះភ្នំភ្លើង និងក្រុមអាជ្ញាធរ ក្នុងតំបន់ បានឲ្យដឹងថា ក្រុមពលរដ្ឋជាង ៤ ម៉ឺននាក់បាននាំគ្នារត់ភៀសខ្លួនរួចជាស្រេចចាប់តាំងពីផ្សែង និងផេះពីបាតុភូតភ្នំភ្លើង បានចាប់ផ្តើមខ្ពុរបាញ់ចេញពីមាត់រណ្តៅភ្នំភ្លើង ដោយក្រុមអ្នកវិទ្យាសាស្ត្រធ្វើការព្រមានពីគ្រោះថ្នាក់នៃការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លានោះ ហើយ ក្រុមអាជ្ញាធរ បានជំរុញឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន។
ភ្នំភ្លើង Mayon បានខ្ពុរកម្អែល និងផេះភ្នំភ្លើង បាញ់ឡើងទៅលើអាកាសកម្ពស់ ៥ គីឡូម៉ែត្រកាលពីព្រឹកថ្ងៃអង្គារ ខណៈការបាចសាចនៃកម្ទេចកម្ទីភ្នំភ្លើងបានបង្កឲ្យមានភាពងងឹតនាពេលថ្ងៃក្នុងតំបន់មួយចំនួន។
លោក Danny Garcia អ្នកនាំពាក្យរបស់ខេត្តអាល់បាយ (Albay) បានថ្លែងប្រាប់ AFP ថា៖ «ពលរដ្ឋជាច្រើនមានការភ័យខ្លាច។ ក្រុមក្មេងៗ មិនយល់ពីអ្វីដែលបានកើតឡើង។ ភ្លាមៗបន្ទាប់មកទៀត វាបានប្រែក្លាយជាខ្មៅហើយលោកអ្នកមិនអាចមើលឃើញថា អ្នកណាខ្លះ មានវត្តមាននៅក្បែរលោកអ្នក»។
កំពូលភ្នំ Mayon នោះ ត្រូវបានគ្របដណ្តប់ដោយចំហាយទឹកដ៏ក្រាស់ឃ្មឹក និងដុំថ្មក្តៅៗ ដោយបង្កើតជាទ្រង់ទ្រាយ ប្លែកៗគ្នានៅលើផ្ទៃអាកាស។
លោក Ed Laguerta អ្នកវិទ្យាសាស្ត្រផ្នែកបាតុភូតភ្នំភ្លើងសិក្សាអំពីភ្នំភ្លើង Mayon មកពីវិទ្យាស្ថានសិក្សាពីបាតុភូតភ្នំភ្លើង និងបាតុភូតរញ្ជួយដីហ្វីលីពីន (Phivolcs) បានថ្លែងប្រាប់ AFP ថា៖ «បាតុភូតបំផ្ទុះភ្នំភ្លើងនោះ មានផ្កាខាត់ណា ឬ ដូចជាសត្វមឹក»។
លោកបន្ថែមថា៖ «ផេះក្តៅបានបាញ់ឡើងលើ ហើយដោយហេតុភ្នំភ្លើងនោះ មានរាងដូចសាជីនោះ លំហូរ ផេះក្តៅហាក់មានលក្ខណៈដូចជាព្រុយសត្វ ឬដៃ ដោយលោកពោលសំដៅការលាយគ្នានៃកម្អែលផេះ ភ្នំភ្លើងក្តៅៗ និងឧស្ម័នដែលហូរធ្លាក់តាមចង្កេះភ្នំភ្លើង Mayon នោះ។ ភ្នំភ្លើង Mayon មានរាងស្ទើរដូចសាជីទាំងស្រុង ទីតាំងចម្ងាយប្រហែល ៣៣០ គីឡូម៉ែត្រនៅតំបន់ភាគអាគ្នេយ៍ នៃក្រុងម៉ានីល ត្រូវបានគេចាត់ទុកថា ជាភ្នំភ្លើងមានសកម្មភាពញឹកញាប់ជាងគេបំផុតនៅក្នុងចំណោមភ្នំភ្លើងសកម្មទាំង ២២ កន្លែង នៅហ្វីលីពីន។
ក្រុមអ្នកវិទ្យាសាស្ត្រសិក្សាពីបាតុភូតភ្នំភ្លើង កាលពីថ្ងៃចន្ទ បានព្រមានពីការផ្ទុះភ្នំភ្លើងប្រកបដោយគ្រោះថ្នាក់ខ្លាំងមួយនៅក្នុងអំឡុងពេលជាច្រើនថ្ងៃ ខណៈភ្នំភ្លើង Mayon បានបាញ់បាចសាចផេះភ្នំភ្លើងទៅលើសហគមន៍ជាច្រើនរយៈពេល ២ សប្តាហ៍បន្ទាប់ពីបាតុភូតនេះ បានចាប់ផ្តើមបង្ហាញសញ្ញានៃភាពចលាចលនោះ។
ក្រុមអាជ្ញាធរ បានបញ្ជាឲ្យក្រុមពលរដ្ឋ ចាកចេញពីតំបន់គ្រោះថ្នាក់ចម្ងាយ ៨ គីឡូម៉ែត្រពីតំបន់ភ្នំភ្លើង ហើយកាលពីថ្ងៃអង្គារ បានបញ្ជាឲ្យបិទសាលា រៀន និងជំនួញផ្សេងៗនៅក្នុងខេត្តអាល់បាយ ជាទីតាំងភ្នំភ្លើង Mayon នោះផ្ទុះ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានបិទព្រលានយន្តហោះក្នុងទីក្រុង ២៕ SN