
លោកប្រធានាធិបតីបារាំង Emmanuel Macron។ រូបថត AFP
វ៉ារ្យ៉ង់ថ្មី ឬវីរុសបំប្លែងប្រភេទថ្មីនៃវីរុសកូវីដ ១៩ ត្រូវបានគេរកឃើញនៅក្នុងតំបន់ Brittany ប្រទេសបារាំង។ ដោយឡែក កាលពីល្ងាចថ្ងៃចន្ទ កន្លងទៅក្រសួងសុខាភិបាលបារាំងបានចេញសេចក្តីថ្លែងការណ៍មួយថា វ៉ារ្យ៉ង់ថ្មីនេះត្រូវបានគេរកឃើញនៅក្នុងករណីឆ្លងជាក្រុមមួយនៅក្នុងទីក្រុង Lannion។
មនុស្ស ៨ នាក់ ក្នុងចំណោមអ្នកឆ្លង ៧៩ នាក់ ត្រូវបានរកឃើញថា មានផ្ទុកវ៉ារ្យ៉ង់ថ្មីដែលមានឈ្មោះហៅក្រៅថា «le variant breton»។ ដំបូងឡើយ តាមរយៈការធ្វើតេស្ដស្ដង់ដាខ្ពស់ (PCR tests) លទ្ធផលបង្ហាញថា អវិជ្ជមាន បើទោះបីមានរោគសញ្ញានៃជំងឺកូវីដ ១៩ ក៏ដោយ។ ប៉ុន្តែក្រោយមកតាមរយៈការវិភាគគំរូឈាម និងជាលិកានៅក្នុងប្រព័ន្ធដង្ហើមទើបស្វែងរកថា វិជ្ជមាន។ ដោយឡែក អ្នកឆ្លងទាំង ៨ នាក់នោះ បានស្លាប់បាត់ទៅហើយ។
គួរបញ្ជាក់ផងដែរថា តេស្ត Polymerase Chain Reaction (PCR) នេះត្រូវបានប្រើ ដើម្បីរកវត្តមានរបស់អង់ទីហ្ស៊ែន ជាជាងវត្តមាននៃការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ។
យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័រប្រទេសបារាំង កំពុងធ្វើការស៊ើបអង្កេតថា តើការផ្លាស់ប្តូរហ្ស៊ែន បណ្តាលឱ្យមានវីរុសបំប្លែងថ្មី ឬយ៉ាងណានោះកាន់តែពិបាកក្នុងការសិក្សា ហើយប្រសិនបើវីរុសថ្មីនេះ មិនអាចតេស្តឃើញដោយតេស្ត Polymerase Chain Reaction (PCR) នោះទេ ចំនួនករណីឆ្លងនឹងកើនឡើងច្រើនជាងនេះជាមិនខាន។
អាជ្ញាធរសុខាភិបាលក្នុងតំបន់ Brittany ភាគពាយព្យនៃប្រទេសបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសិក្សាវ៉ារ្យ៉ង់ថ្មីនេះ នឹងធ្វើឡើងដើម្បីកំណត់ថា តើវ៉ារ្យ៉ង់នេះ មានប្រតិកម្មយ៉ាងដូចម្តេច ចំពោះការចាក់វ៉ាក់សាំង ក៏ដូចជា បញ្ឈប់រាងកាយឱ្យប្រឆាំងនឹងកូវីដ ១៩ មុននឹងឆ្លងជំងឺនេះ»។
នាយកសាខាភ្នាក់ងារសុខភាពសាធារណៈនៅតំបន់ Brittany លោក Stephane Mulliez បានមានប្រសាសន៍ថា ក្រុមការងារពិសេសទប់ទល់នឹងជំងឺកូវីដមួយទើបបានបង្កើតឡើងប្រចាំនៅមន្ទីរពេទ្យធំៗក្នុងតំបន់ ដើម្បីជួយទប់ស្កាត់កុំឱ្យមានការឆ្លងវ៉ារ្យ៉ង់ថ្មីនេះជាងមុន។
លោកបានស្នើថា វិធានការតាមដានវ៉ារ្យ៉ង់ថ្មីនេះ នឹងត្រូវពង្រឹងកាន់តែខ្លាំងឡើងដោយមានភាពប្រយ័ត្នប្រយែងបំផុត «ទោះបីជាមិនមានការបញ្ជាក់ថា អ្នកឆ្លងថ្មីផ្ទុកវ៉ារ្យ៉ង់ថ្មីនេះក៏ដោយ។ យើងត្រូវកំណត់អត្តសញ្ញាណអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកដែលធ្លាប់កើតហើយផងដែរ»។
លោក Pierre Tattevin ប្រធានផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យ Rennes បានប្រាប់ទូរទស្សន៍ BFMTV ថា៖ «វ៉ារ្យ៉ង់នេះ បង្កឱ្យមានផលប៉ះពាល់ដល់ករណីជាច្រើនរាប់សិបនាក់ទៀត ហើយបើធ្ងន់ធ្ងរនោះអាចនឹងបណ្ដាលឱ្យមានអ្នកស្លាប់ថែមទៀតផង»។
ទោះបីជា អាជ្ញាធរសុខាភិបាលបារាំងជឿជាក់ថា វ៉ាក់សាំងដែលកំពុងចែកចាយនឹងមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីនេះ យ៉ាងណាក្ដីបច្ចុប្បន្នប្រទេសនៅទូទាំងពិភពលោកកំពុងព្រួយបារម្ភចំពោះវ៉ារ្យ៉ង់ថ្មីចំនួន ៣ ដែល ទើបតែបំប្លែងចេញពីវីរុសដើមមក។ ឈ្មោះហៅក្រៅ ផ្លូវការ គឺវ៉ារ្យ៉ង់ចេញពីចក្រភពអង់គ្លេសអាហ្វ្រិកខាងត្បូង និងប្រេស៊ីលដែលមានអត្រានៃការឆ្លងខ្ពស់ជាងវីរុសដើម។
ដោយឡែកកាលពីថ្ងៃពុធកន្លងទៅ អ្នកនាំពាក្យរដ្ឋាភិបាល លោក Gabriel Attal បាននិយាយថា រដ្ឋាភិបាលបារាំងនឹងដាក់កំហិតតឹងរ៊ឹងជាងមុនសម្រាប់តំបន់មួយចំនួនរួមទាំងទីក្រុងប៉ារីស ចាប់ពីចុងសប្តាហ៍នេះទៅ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
សេចក្តីប្រកាសនេះបានត្រួសត្រាយផ្លូវសម្រាប់ការទប់ស្កាត់ថ្មី នៅក្នុងតំបន់ប៉ារីស ដែលមានករណីឆ្លងកាន់តែច្រើនឡើង ដែលបណ្ដាលឱ្យមន្ទីរពេទ្យពោរពេញពិបាកនឹងទទួលថែទាំអ្នកឆ្លងទៀត ខណៈករណីឆ្លងក្នុងប្រទេសនេះ កំពុងតែកើនឡើងប្រមាណជាង ៤០០ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់។
ប្រធានាធិបតីបារាំង លោក Emmanuel Macron សង្ឃឹមថា ការចាក់វ៉ាក់សាំងការពារអាចបង្ការមិនឱ្យឆ្លង វ៉ារ្យ៉ង់ថ្មីដែលអាចនឹងធ្វើឱ្យករណីឆ្លងនៅក្នុងប្រទេសនេះកាន់តែច្រើនឡើង។
ដោយឡែក សម្រាប់ដំណើរការចែកចាយវ៉ាក់សាំងក៏យឺតជាងមុនដែរ ដោយសារដំណើរការលទ្ធកម្មរបស់សហភាពអឺរ៉ុបជួបការលំបាកក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ហើយថ្មីៗនេះ ក៏មានការផ្អាកការចាក់វ៉ាក់សាំង AstraZeneca ពីសំណាក់ប្រទេសនៅក្នុងសហភាពអឺរ៉ុបដែលរួមទាំងប្រទេសបារាំង ផងដែរ៕