កាល​ពីថ្ងៃ​អង្គារ ​ទី​ ១៦​ កុម្ភៈ ប្រទេស​បារាំង ​បាន​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ទាក់ទង​នឹង​ការ​កាត់បន្ថយ​កងទ័ព​នៅ​តំបន់​ Sahel​ នៃ​អាហ្វ្រិក​ខាងលិច។ ​ប្រធានា​ធិបតី​បារាំង​លោក Emmanuel Macron បាន​បដិសេធ​ការ​កាត់​បន្ថយ​កងទ័ព​បារាំង​នៅ​អាហ្វ្រិក​ខាងលិច​ដោយ​និយាយថា​ ការដក​កងទ័ព​ចេញ​ពីតំ​បន់នោះ​អាចជា​កំហុស​មួយ។

ការ​សម្រេច​ចិត្តមិន​ដកកង​ទ័ពចេញ​ពី​តំបន់នោះ ​គឺធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ប្រជុំ​រវាង​ប្រទេស​ចំនួនប្រាំ​ និង​សម្ព័ន្ធមិត្ត​នៅ​តំបន់​ Sahel ។​ បញ្ហា​នៃ​តំបន់​ Sahel បាន​រីករាល​ដាលដល់​តំបន់​ឆ្នេរអាហ្រ្វិក​ខាង​លិច​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​មាន​ទំនាក់ទំនង​ជា​មួយអាល់​កៃដា​និង​រដ្ឋអ៊ិស្លាម។

តំបន់​ភាគខាង​លិច ​Sahel ត្រូវ​បាន​យកចិត្ត​ទុកដាក់​ដោយ​អន្តរជាតិ​ដោយសារ​តែ​ជម្លោះ​អាវុធដែល​មានការ​ចូលរួម​ពី​ក្រុម​ប្រដាប់​អាវុធ​ជា​ច្រើន។ ក្រុម​ប្រដាប់អាវុធ​ទាំងនោះ​មានដូច​ជា​យុទ្ធនាការ​របស់​កងទ័ព​ជាតិដៃ​គូ​អន្តរជាតិ​ក៏ដូច​ជា​កងជីវពល​ក្នុង​តំបន់។

លោក ​Macron​ បាន​និយាយ​ថា វត្តមាន​របស់​បារាំង​នឹង​ពឹង​ផ្អែកទៅ​លើការ​ចូលរួម​របស់​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​ក្រុម ​Takuba Task Force ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​នៅក្នុង​តំបន់​ Sahe​l។

ប្រទេស​ហុងគ្រី​ក្រិក និងស៊ែប៊ី​ មានឆន្ទៈ​ចូលរួម​ជា​មួយ​កម្លាំង​អន្តរជាតិ​ក្នុង​ការដាក់​កងទ័ព​នៅតំបន់​ Sahel។ រីឯ​ប្រទេស​អាល្លឺម៉ង់​ នឹងមិន​ផ្គត់ផ្គង់​កងទ័ព​សម្រាប់​បេសកកម្ម​ប្រយុទ្ធ​នៅតំបន់ ​Sahel ទេ​ ព្រោះខ្លួន​ចង់​ផ្តោតលើ​គម្រោង​អភិវឌ្ឍន៍​ក្នុង​ប្រទេស៕