ប្រទេសចំនួន ៤៦ កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យបណ្តារដ្ឋសមាជិកនៃអង្គការឃ្លាំមើលអាវុធគីមីសកល (OPCW) ស្តីបន្ទោសប្រទេសស៊ីរីតាមផ្លូវការទូតចំពោះការប្រើប្រាស់ឧស្ម័នពុល និងទីភ្នាក់ប្រព័ន្ធប្រសាទនៅក្នុងសង្គ្រាមជាច្រើនទសវត្សរ៍នៅក្នុងប្រទេសនេះ។
លោកឯកអគ្គរដ្ឋទូតបារាំង Luis Vassy បានស្នើឱ្យដកសិទ្ធិបោះឆ្នោតពីប្រទេសស៊ីរីនៅជំនួបប្រចាំឆ្នាំនៃក្រុមសមាជិកនៃអង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី។
លោក Vassy បាននិយាយថា៖ «យើងមានកាតព្វកិច្ចទទួលខុសត្រូវចំពោះប្រជាជនស៊ីរី»។
សំណើដែលមានការគាំទ្រពីបណ្តាប្រទេសដែលរួមមានអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី ត្រូវបានដាក់ឱ្យបោះឆ្នោតកាលពីព្រឹកថ្ងៃពុធ។
លោក Vassy បាននិយាយថា ការប្រើប្រាស់អាវុធគីមីហាមឃាត់របស់ប្រទេសស៊ីរី «មិនអាចប្រកែកបានទេ» លោកបានស្នើឱ្យបណ្តារដ្ឋសមាជិក OPCW ទាំងអស់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការដកសិទ្ធិពីទីក្រុងដាម៉ាស ដោយនិយាយថា «យើងមិនអាចអនុញ្ញាតឱ្យមានការខ្វែងគំនិតគ្នាទេ»។
ប្រទេសស៊ីរីដែលបានចូលរួមជាមួយអង្គការនេះនៅក្នុងឆ្នាំ ២០១៣ ក្រោយពីត្រូវរងការគំរាមកំហែងពីការវាយប្រហារផ្លូវអាកាសជាការឆ្លើយតបនឹងការវាយប្រហារគីមីទៅលើជាយក្រុងជាច្រើននៃរដ្ឋធានីរបស់ប្រទេសនេះ បានចាត់ទុកវិធានការនេះជាឧបករណ៍ឃោសនា និងបានបដិសេធថាមិនបានប្រើប្រាស់អាវុធគីមីទេ។
សម្ព័ន្ធមិត្តស្មោះត្រង់របស់ទីក្រុងដាម៉ាសគឺរុស្ស៊ី ក៏បានជំទាស់នឹងសំណើនេះដែរ ដោយលោកឯកអគ្គរដ្ឋទូត Alexander Shulgin និយាយថាសំណើនេះបានរំលោភសន្ធិសញ្ញាអាវុធគីមីហើយប្រែក្លាយ OPCW ឱ្យទៅជាឧបករណ៍នៃការដាក់សម្ពាធនយោបាយក្នុងនាមជាអាមេរិក និងក្រុមសម្ព័ន្ធរបស់ពួកគេប្រឆាំងនឹងរដ្ឋទាំងឡាយណាដែលមិនយល់ស្របតាមពួកគេនោះ។
លោក Joseph Manso តំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំនៅ OPCW បានបដិសេធការអះអាងនោះ ដោយបាននិយាយថាទីក្រុងដាម៉ាសកំពុងប្រឈមនឹងការទទួលខុសត្រូវដោយសារប្រទេសស៊ីរីបានរំលោភកាតព្វកិច្ចរបស់ខ្លួនយ៉ាងច្បាស់ និងម្តងហើយម្តងទៀត នៅក្រោមសន្ធិសញ្ញានេះ។
ក្រោយពីចូលរួមជាមួយ OPCW ប្រទេសស៊ីរីបានប្រកាសកន្លែងស្តុកអាវុធគីមីរបស់ខ្លួន និងសារធាតុគីមីដែលសល់ពីមុនរបស់ខ្លួន ដែលត្រូវបានគេយកចេញពីប្រទេសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានចម្ងល់ជាច្រើនអំពីសារធាតុគីមី និងកន្លែងផលិតនានា ដែលមិនអាចត្រូវបានគេកំណត់អត្តសញ្ញាណបាន។
យន្តការស៊ើបអង្កេតមួយដែលត្រូវបានបង្កើតឡើងដោយ OPCW បានស្តីបន្ទោសកងកម្លាំងរដ្ឋាភិបាលស៊ីរីទ្វេដងចំពោះការវាយប្រហារគីមី៕