ក្រុង​ប៉ារីស៖ ​ខណៈ​ដែល​សេវា​រថភ្លើង​ និង​រថភ្លើង​ក្រោម​ដី ​នៅ​តែ​រង​ការ​រំខាន​ ដោយសារ​កូដកម្ម​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​រយៈពេល ​៥ ​ថ្ងៃ​ជាប់​គ្នា ​កាល​ពី​ថ្ងៃ​ចន្ទ​នោះ​ ​រដ្ឋាភិបាល​បារំាង​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កែប្រែ​កំណែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ ដោយ​សុខ​ចិត្ត​ធ្វើ​ការ​ចរចា​ជាមួយ​ក្រុម​​សហជីព​ការងារ ​ដើម្បី​បញ្ចប់​វិបត្តិ​សង្គម។ ​

តំណាង​ជាន់​ខ្ពស់​​ផ្នែក​ប្រាក់​សោធននិវត្តន៍​របស់​រដ្ឋាភិបាល​ លោក Jean-Paul Delevoye និង​រដ្ឋមន្ត្រី​​​​​នៃ​ក្រសួង​សាមគ្គីភាព ​និង​សុខភាព​លោក ​Agnes Buzyn ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ បាន​កោះ​ប្រជុំ​ក្រុម​សហជីព​ការងារ​ ដើម្បី​ពិភាក្សា​បញ្ចប់​ការ​ពិគ្រោះ​យោបល់​រយៈពេល ​១ ​ខែ​ ដើម្បី​ស្វែងរក​មធ្យោបាយ​កែប្រែ​របប​សោធននិវត្តន៍​របស់​ប្រទេស​នេះ​។​ ​​

លោក​ Delevoye បាន​ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ថា៖ ​«ខ្ញុំ​ជឿ​ជាក់​ថា​ស្ថានភាព​នេះ ​មិន​អាច​គ្រប់គ្រង​បាន​តទៅ​ទៀត​ ហើយ​គម្រោង​នេះ ​មាន​ការ​ចាំបាច់​ណាស់​ និង​ថា ​ក្មេង​ជំនាន់​ក្រោយៗ​ដឹង​គុណ​ចំពោះ​ពួក​យើង​»។

លោក​បាន​បន្ថែម​ថា៖ «កិច្ច​ការ​អាទិភាព​ ដែល​បាន​កើត (​ចេញ​ពី​ការ​ចរ​ចា​នោះ) ​គឺ​ការ​ទាមទារ​ឲ្យ​ភាព​ស្មើ​គ្នា និង​សាមគី្គភាព​ ដោយ​បាន​បញ្ជាក់​ថា​ការ​ពិភាក្សា​នោះ ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​ក្រោយ ​ខណៈ​ដែល​ភាព​ខ្វែង​គំនិត​គ្នា​ខ្លះ​នៅ​តែ​កើត​មាន​»។ ​

ដោយ​បាន​យក​សំណើ​នានា​របស់​សហជីព​មក​ពិចារណា​នោះ ​លោក​នាយក​រដ្ឋមន្ត្រី​ Edouard Philippe ​គ្រោង​នឹង​បង្ហាញ​ពី​បែបបទ​នៃ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​នៅ​ថ្ងៃ​ពុធ​នេះ​៕ Xinhua/PSA