ក្រុងអ៊ីស្តង់ប៊ុលៈ កាលពីថ្ងៃចន្ទ ប្រទេសតួកគី បានវាយប្រហារចំពោះពាក្យសម្តីទ្រគោះបោះបោក និងមិនអាចទទួលយកបានរបស់រដ្ឋមន្ត្រីការបរទេសបារាំង ដែលបានចោទប្រកាន់ប្រធានាធិបតី លោក រ៉េសិប តៃយីប អេរដូហ្គែន ពីបទលេងល្បែងនយោបាយមួយជុំវិញឃាតកម្មលើអ្នកកាសែតឈ្មោះ Jamal Khashoggi។
លោកអេរដូហ្គែន បានថ្លែងកាលពីថ្ងៃសៅរ៍ថា តួកគី បានចែករំលែកការកត់ត្រាជាច្រើនទាក់ទងទៅនឹងឃាតកម្មលើអ្នកកាសែតអារ៉ាប៊ី សាអ៊ូឌីត កាលពីខែមុនជាមួយក្រុងរីយ៉ាដ អាមេរិក បារាំង អង់គ្លេស និងសម្ព័ន្ធមិត្តដទៃទៀត ដោយមិនមានការផ្តល់ព័ត៌មានលម្អិតអំពីឃាតកម្ម ដែលមាននៅក្នុងខ្សែអាត់នោះឡើយ។
នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍បារាំង France 2 កាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian បានថ្លែងថា សម្រាប់ពេលបច្ចុប្បន្ននេះ លោក មិនបានដឹងអំពីព័ត៌មានណាមួយដែលក្រុងអង់ការ៉ាបានផ្តល់ឲ្យនោះទេ។
ដោយត្រូវបានសួរថា តើលោកប្រធានាធិបតីតួកគី កំពុងភូតកុហកឬ? លោក បានឆ្លើយថា លោកអេរដូហ្គែន មានល្បែងនយោបាយដើម្បីលេងនៅក្នុងកាលៈទេសៈនេះ។
សម្តីរបស់លោក បានបង្កឲ្យមានរឿងរ៉ាវយ៉ាងធ្ងន់ធ្ងរនៅក្នុង ក្រុងអង់ការ៉ា៕