ក្រុង​ប៉ារីស៖ ​ប្រធានាធិបតី​បារាំង​លោក ​អេម៉ានុយអែល​ ម៉ាក្រុង ​និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ អេនជេឡា​ មឺរកែល ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ តួកគី ​បញ្ចប់​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស ​ស៊ីរី​ភាគ​ឦសាន​។​

លោក ​ម៉ាក្រុង ​បាន​ថ្លែង​ជាមួយ​លោកស្រី ​មឺរកែល ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នោះ​ថា​៖ «​យើង​មាន​បំណង​ប្រាថ្នា​សាមញ្ញ​មួយ​ថា​ ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​នោះ គួរ​តែ​ត្រូវ​បញ្ចប់​​»​។​

លោក​បាន​ព្រមាន​ថា​ ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​របស់​តួកគី​នៅ​ស៊ីរី​ អាច​នឹង​បង្កើត​ឲ្យ​មាន​ស្ថានការណ៍​វិបត្តិ​មនុស្ស​ធម៌​ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ ហើយ​អាច​បង្ក​ឲ្យ​មាន​ក្រុម​រដ្ឋ​អ៊ិស្លាម​កើត​ឡើង​វិញ​ម្តង​ទៀត ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

លោក ​ម៉ាក្រុង​ បាន​បន្ថែម​ថា​៖ «​ការ​ជឿជាក់​របស់​យើង​គឺ​ថា​ គ្រោះ​ថ្នាក់​នៃ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​នេះ​នឹង​​បង្ក​ឲ្យ​មាន​ស្ថានការណ៍​វិបត្តិ​មនុស្សធម៌​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ ហើយ​អាច​ជួយ​ឲ្យ​ក្រុម​រដ្ឋ​អ៊ិស្លាម​រើប​ឡើង​វិញ​ម្តង​ទៀត​នៅ​ក្នុង​តំបន់​»​។​

លោក ​ម៉ាក្រុង​ បាន​ថ្លែង​ថា​ ក្រុង​ប៉ារីស​ និង​ក្រុង​ប៊ែរឡាំង​នៅ​តែ​សម្រប​សម្រួល​​​ ដើម្បី​ផ្តួច​ផ្តើម​គំនិត​ដែល​ពួក​គេ​អាច​នឹង​ចាត់​វិធានការ ​«​នៅ​ប៉ុន្មាន​ម៉ោង​ និង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​» ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រតិបត្តិការ​យោធា​របស់​ប្រទេស ​តួកគី ​នៅ​ស៊ីរី​។​

យោង​តាម​ការិយាល័យ​របស់​លោក ​ម៉ាក្រុង ​បាន​ឲ្យ​ដឹង​ថា​ ប្រមុខ​រដ្ឋ​​បារាំង​បាន​រៀបចំ​កិច្ច​ពិភាក្សា​ក្រោយ​មក​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ មាន​ការ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ការពារ​ជាតិ​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សា​ស្ថានការណ៍​នៅ​ស៊ីរី​ភាគ​​ឦសាន​។​

កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ ​លោកស្រី មឺរកែល​ បាន​អំពាវនាវ​ឲ្យ​បញ្ចប់​កិច្ច​ប្រតិបត្តិការ​យោធា​របស់​តួកគី​នៅ​​ស៊ីរី​ភាគ​​ឦសាន​ជា​បន្ទាន់​៕ Xinhua