នៅ​រយៈពេល ​២ ​ថ្ងៃ​ជាប់​គ្នា ​បុគ្គលិក​សុខាភិបាល​អាមេរិក​ ២ រូប ​ដែល​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​តែ​មួយ​នៅ​រដ្ឋ​ Alaska បាន​ចេញ​រោគ​សញ្ញា​ប្រតិកម្ម​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​ប៉ុន្មាន​នាទី ​ក្រោយ​ពី​ពួក​គេ​បាន​ទទួល​វ៉ាក់សាំង ​Covid-19 ​ផលិត​ដោយ​ក្រុមហ៊ុន​ Pfizer/BioNTech។

ករណី​ទី១ ​គឺ​បាន​កើត​ឡើង​នៅ​​ថ្ងៃ​អង្គារ ទី ​១៥​ ដោយ​បុគ្គលិក​សុខាភិបាល​ទី១ ​គឺ​ជា​ស្ត្រី​វ័យ​កណ្ដាល​ដែល​មិន​មាន​ប្រវត្តិ​អាល្លែកហ្ស៊ី។​ ក្នុង​រយៈពេល ​១០​ នាទី ​បន្ទាប់​ពី​ទទួល​វ៉ាក់សាំង ស្ត្រី​ម្នាក់​នេះ​មាន​ប្រតិកម្ម​អាណាហ្វីឡាក់ទិច ​ដោយ​មាន​រោគ​សញ្ញា​កន្ទួល​លើ​មុខ ​និង​ដង​ខ្លួន ​ការ​ពិបាក​ដក​ដង្ហើម​ និង​​ចង្វាក់​បេះដូង​កើន​ឡើង។

បុគ្គលិកទី​១ ដំបូង​ត្រូវ​ចាក់​ថ្នាំ ​Epinephrine (Adrenaline) ​ដែល​ជា​ថ្នាំ​ស្តង់ដា​សម្រាប់​​ព្យាបាល​ប្រតិកម្ម​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ។​ រោគ​សញ្ញា​របស់​ស្ត្រី​ម្នាក់​ត្រូវ​បាន​ធូរ​ស្បើយ ប៉ុន្តែ​ក្រោយ​មក​លេច​ចេញ​ជា​ថ្មី ​ហើយ​ត្រូវ​បាន​​បន្ត​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ​Steroid ​និង​ដាក់​ព្យួរ​ថ្នាំ ​Epinephrine បន្ថែម។ ​នៅ​ថ្ងៃ​ពុធ​ លោកស្រី​បាន​ធូរស្បើយ​រោគសញ្ញា​ហើយ​​​បាន​ផ្ដាច់​ថ្នាំ​តែ​វេជ្ជ​​បណ្ឌិត​​បញ្ជា​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ ​ដើម្បី​ធ្វើ​ការ​តាមដាន​។

រី​ឯ​ករណី​ទី​២ ​គឺ​បាន​កើត​ឡើង​​​នៅ​ថ្ងៃ​ពុធ ទី ​១៦​ ដោយ​បុគ្គលិក​​សុខាភិបាល​ទី២ ​បាន​ចេញ​​​រោគ​សញ្ញា ​ហើម​ភ្នែក​វិល​មុខ​ និង​​រមាស់​បំពង់​ក ​១០ នាទី ​ក្រោយ​ពី​បាន​ទទួល​វ៉ាក់​សាំង។ លោក​ត្រូវ​បាន​គេ​នាំ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ ហើយ​ព្យាបាល​ជាមួយ ​EpinephrinePepcid ​និង ​Benadryl។​

មន្ទីរពេទ្យ​មិន​បាន​សន្និដ្ឋាន​ថា​ ប្រតិកម្ម​នេះ ​គឺ​ជា​ប្រតិកម្ម​អាណាហ្វីឡាក់ទិច​ទេ ហើយ​លោក​បាន​សះស្បើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ហើយ​បាន​អនុញ្ញាត​ឱ្យ​ចេញ​វិញ​។

កាល​ពី​យប់​ថ្ងៃពុធ ​មន្ទីរពេទ្យ ​Bartlett​ នៅ​ទីក្រុង ​Juneau ​រដ្ឋ​ Alaska ​បាន​ផ្ដល់​វ៉ាក់សាំង​ជូន​​បុគ្គលិក​សុខាភិបាល​ចំនួន ​១៤៤ ​រូប ​ហើយ​បាន​បង្ហាញ​ថា ​ពួក​គេ​នឹង​បន្ត​ផែនការ​ចាក់​វ៉ាក់សាំង ដោយ​មិន​ប៉ះពាល់​ដោយ​ករណី​អាល្លែកហ្ស៊ី​ទាំង ២ នេះ​​​​ទេ។

បើ​ទោះបី​ជា​វ៉ាក់សាំង ​Pfizer/BioNTech​ ត្រូវ​បាន​បង្ហាញ​​ថា​ មាន​សុវត្ថិភាព​ និង​មាន​ប្រសិទ្ធភាព​ប្រហែល ៩៥ ​ភាគរយ​ ក្នុង​ការ​សាកល្បង​ដោយ​មាន ការ​ចូល​រួម​ពី​អ្នកចូល​រួម​ចំនួន ៤៤ ០០០ នាក់​ក៏​ដោយ ​ក៏​​ករណី​អាល្លែកហ្ស៊ី​ទាំង​នេះ​​អាច​ប៉ះពាល់​ដល់​ភាព​ទុក​ចិត្ត​ទៅ​លើ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ។ អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​ អាច​នឹង​មាន​ការ​រឹត​បន្តឹង​ការ​ណែនាំ​លើ​ការ​ផ្ដល់​វ៉ាក់សាំង ដើម្បី​ធានា​សុវត្ថិភាព​នៃ​អ្នក​ទទួល​វ៉ាក់សាំង។

កាល​ពី​សប្ដាហ៍​មុន ​ចក្រភព​អង់គ្លេស​បាន​ហាម​ឃាត់​ជន​ដែល​មាន​ប្រវត្តិ​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​មិន​ឱ្យ​ទទួល​វ៉ាក់សាំង​នេះ ​ក្រោយ​បុគ្គលិក​សុខាភិបាល ​២ រូប​ បាន​ប្រតិកម្ម​អាណាហ្វីឡាក់ទិច ហើយ​បាន​កំណត់​ឱ្យ​ការ​ផ្ដល់​វ៉ាក់សាំង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​កន្លែង​ដែល​មាន​ឧបករណ៍​ជួយ​សង្គ្រោះ។

ករណី​ទាំង ២ នេះ ​គឺ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​ពិភាក្សា​ដោយ​​គណៈកម្មការ​ប្រឹក្សា​យោបល់​របស់ ​FDA ដែល​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ពិភាក្សា​ថា​ តើ​គួរ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ក្រុមហ៊ុន Mordena ​ក្នុង​គ្រា​អាសន្ន​ដែរ ​ឬ​ទេ? ​បើ​ទោះបី​ជា​​វ៉ាក់សាំង ​Pfizer​ និង​វ៉ាក់សាំង​ Morderna​ គឺ​ជា​វ៉ាក់សាំង​ប្រភេទ​ mRNA ​ទាំង ២ ​​ហើយ​មាន​គ្រឿង​​ផ្សំ​ស្រ​ដៀង​គ្នា​គេ​មិន​ទាន់​​ដឹង​ថា ​វ៉ាក់សាំង ​Morderna ​នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អាល្លែកហ្ស៊ី​ដូច​វ៉ាក់សាំង ​Pfizer/BioNTech ​ដែរ ​ឬ​ទេ?

បញ្ហា​មួយ​ទៀត​ដែល ​Pfizer ​បាន​ប្រឈម ​គឺ​បញ្ហា​កង្វះ​វត្ថុ​ធាតុដើម​សម្រាប់​ផលិត​វ៉ាក់សាំង​ពួក​គេ ​ហើយ​នឹង​ធ្វើ​ការ​កាត់​បន្ថយ​គោលដៅ​ផលិតកម្ម។​ កាល​ពី​ខែ​សីហា ​ក្រុមហ៊ុន​ Pfizer បាន​និយាយ​ថា​ ពួក​គេ​មាន​គោលដៅ​ផលិត​វ៉ាក់សាំង​ចំនួន ​១០០ ​លានដូស​ ត្រឹម​ដំណាច់​ឆ្នាំ ២០២០។

យ៉ាង​ណា​មិញ ​កាល​ពីថ្ងៃ​ពុធ​ក្រុមហ៊ុន​ចិន​ Shanghai Fosun Pharmaceutical Group​ បាន​បញ្ជា​ទិញ​វ៉ាក់សាំង ​Pfizer/BioNTech ​ចំនួន ​១០០ លាន​ដូស ​សម្រាប់​ចែកចាយ​ក្នុង​ប្រទេស​ចិន​ ខណៈ​ពេល​ដែល​បេក្ខជន​វ៉ាក់សាំង​ចិន​ផ្សេង​ទៀតដូច​ជា ​Sinovac និង ​Sinopharm ​គឺ​កាន់​តែ​ខិត​ជិត​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​ប្រទេស។

បារាំង​ក៏​បាន​បញ្ជា​ទិញ​យក​វ៉ាក់សាំង ​Pfizer/BioNTech ​ផង​ដែរ ​ខណៈ​ពេល​ដែល​អាល្លឺម៉ង់​ ជំរុញ​សហភាព​អឺរ៉ុប​ឱ្យ​អនុញ្ញាត​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន៕