ក្រុង​សេអ៊ូលៈ ​វិទ្យុ​សំឡេង​អាមេរិក ​(VOA) បាន​រាយការណ៍​ថា ​ទីប្រឹក្សា​សនិ្តសុខ​អាមេរិក​ លោក​ ចន​ បូលតុន​ បាន​ថ្លែង​ថា ​ការ​បាញ់​មីស៊ីល​ចម្ងាយ​ជិត​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ ​បាន​រំលោភ​បំពាន​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ និង​បង្ក​ការ​គំរាម​កំហែង​ដល់​កូរ៉េ​ខាង​ត្បូង។

ចាប់​តាំង​ពី​ថ្ងៃទី ​២៥ ​ខែ ​កក្កដា ​ មក​នោះ ប្រទេស ​កូរ៉េ​ខាង​ជើង​ បាន​បាញ់​មីស៊ីល​ចម្ងាយ​ជិត​ជា​បន្តបន្ទាប់​​នៅ​ក្នុង​នោះ​មាន​មីស៊ីល​បាលីស្ទិក​ចំនួន ​៥ ​គ្រាប់ ​ដើម្បី​ប្រឆាំង​នឹង​សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាង​ត្បូង​-អាមេរិក​ ដែល​មើល​ឃើញ​ថា​ ជា​ការ​ហាត់​សម​ ដើម្បី​ឈ្លាន​ពាន​។​

លោក ​បូលតុន​ បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាស​មួយ​ជាមួយ ​VOA ​​កាល​ពី​ថ្ងៃ​ពុធ​ថា៖ ​«ការ​បាញ់​តេស្ត​មីស៊ីល​មួយ​គ្រាប់​ក្រោយ​នេះ យើង​ហៅ​ឈ្មោះ​ថា​ មីស៊ីល ​KN 23​ យើង​គិត​ថា​រយៈ​ចម្ងាយ​របស់​មីស៊ីល​នេះ ​​អាច​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​ទាំង​មូល​ និង​ផ្នែក​ជា​ច្រើន​របស់​ប្រទេស ​ជប៉ុន»។ ​​​

មីស៊ីល KN 23 ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ប្រភេទ​មីស៊ីល​ដូច​គ្នា​នឹង​ប្រភេទ​មីស៊ីល​​បាញ់​ពី​ផ្ទៃ​រាប​ទៅ​លើ​អាកាស​ Iskander ​របស់​រុស្ស៊ី ​ដែល​អាច​ហោះ​បាន​ចម្ងាយ ​៥០០ ​គីឡូ​ម៉ែត្រ។

លោក​ទីប្រឹក្សា​សន្តិសុខ ចន បូលតុន បាន​ថ្លែង​ទៀត​​ថា​ ទោះ​បី​ជា​ការ​បាញ់​តេស្ត​មីស៊ីល​ចម្ងាយ​ជិត​របស់​កូរ៉េ​ខាង​ជើង​រំលោភ​បំពាន​ទៅ​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ក្តី​ ក៏​ពួក​គេ​មិន​បាន​ក្បត់​​កិច្ច​សន្យា​ដែល​លោក​ គីម ជុងអ៊ុន​ បាន​ធ្វើ​ជាមួយ​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ ដែរ ហើយ​​នេះ​​ជា​ការ​បង្ហាញ​​ថា ​ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​ចង់​បើក​ចំហ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង​ដដែល៕​ Yonhap/PSA