ក្រុង​ឡាប៉ាស៖ ​សមាជិក​ព្រឹទ្ធសភា​ម្នាក់​​ប្រកាស​ខ្លួន​ឯង​ថា ​ជា​ប្រធានាធិបតី​ស្តីទី​របស់​ប្រទេស ​បូលីវី ​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ​ដើម្បី​ចូល​កាន់​តំណែង​ដែល​នៅ​ទំនេរ​ ដោយ​ការ​លាលែង​ពី​តំណែង​យ៉ាង​ឆាប់​រហ័ស​របស់​លោក​ អ៊ីវ៉ូ មូរ៉ាល់ស៍​ ដែល​ភ្លាម​ៗ​នោះ​បាន​ថ្កោល​ទោស​ចំពោះ​វិធានការ​នោះ​ថា​ជា ​«​​រដ្ឋ​ប្រហារ​ក្បត់​ជាតិ​» ​មួយ​។​

ក្រុម​សមាជិក​សភា​ ត្រូវ​បាន​កោះ​ឲ្យ​មក​ប្រជុំ ​ដើម្បី​អនុម័ត​ការ​លាលែង​ពី​តំណែង​ និង​គាំទ្រ​អនុ​ប្រធាន​ព្រឹទ្ធសភា​លោកស្រី​ Jeanine ​Anez ​មាន​វ័យ ​៥២ ​ឆ្នាំ​ ធ្វើ​ជា​ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស បូលីវី​។​

ជំនួស​មក​វិញ​ លោកស្រី​ Anez ​បាន​ប្រកាស​ខ្លួន​ឯង​ថា ​ជា​ប្រធានាធិបតី​ស្តីទី​ នៅ​ពេល​កិច្ច​ប្រជុំ​ បាន​បរាជ័យ​ ដោយសារ​សមាជិក​សភា​ចូល​រួម​មិន​គ្រប់គ្រាន់​ ដោយ​មួយ​ចំនួន​ធំ​មិន​ចូលរួម​ប្រជុំ​នៅ​ចំ​ពេល​មាន​ការ​បិទ​ផ្លូវ​ និង​បន្ត​ការ​​តវ៉ា ​ដោយ​ក្រុម​អ្នក​គាំទ្រ​លោក ​មូរ៉ាល់ស៍ ​នោះ​។​

ក្រោយ​មក​ តុលា​ការ​រដ្ឋ​ធម្មនុញ្ញ​ បាន​អនុម័ត​តែងតាំង​លោកស្រី Anez ធ្វើ​ជា​ប្រធានាធិបតី​ស្តីទី​របស់​ប្រទេស ​បូលីវី​។​

លោកស្រី​ Anez ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរក​ថា ​មួយ​ទៅ​កាន់​សភា​ថា​៖ «យើង​ចង់​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មី​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»​ ដោយ​មាន​លោក​ មូរ៉ាល់ស៍ ​តែ​មួយ​គត់​ជា​អ្នក​ប្រឆាំង​បច្ចុប្បន្ន​។​

លោកស្រី​បាន​ថ្លែង​ថា​៖ «​វា​ជា​ការ​ប្តេជ្ញា​ចិត្ត​មួយ​ដែល​យើង​បាន​ធ្វើ​ឡើង ​ដើម្បី​ប្រទេស​យ៉ាង​ពិត​ប្រាកដ​ យើង​នឹង​បំពេញ​បំណង​ជូន​ប្រជាជន​ និង​ប្រទេស​ជាតិ​មួយ​នេះ​»​៕ AFP/SK