ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ នេះ បានទាមទារឱ្យបញ្ឈប់ការបោះឆ្នោតតាមប្រអប់សំបុត្រ។ ការទាមទាររបស់ប្រធានាធិបតីរូបនេះធ្វើឡើងក្រោមហេតុផលថា របៀបបោះឆ្នោតនេះមានហានិភ័យខ្ពស់ក្នុងការក្លែងសន្លឹកឆ្នោត។
អ្នកវិភាគមួយចំនួនបានគិតថា លោក ត្រាំ ធ្វើបែបនេះ ដើម្បីកាត់បន្ថយការចូលរួមការបោះឆ្នោតឆ្នាំ ២០២០ ដ្បិតលោកមានហានិភ័យខ្ពស់ក្នុងការចាញ់សន្លឹកឆ្នោត។
ការបោះឆ្នោតតាមប្រអប់សំបុត្រប្រព្រឹត្តទៅដោយចែកចាយសន្លឹកឆ្នោតតាមប្រៃសណីយ៍ ទៅដល់បុគ្គលដែលបានចុះឈ្មោះបោះឆ្នោត ក្រោយពីបានគូសសន្លឹកឆ្នោតរួច អ្នកបោះឆ្នោតត្រូវផ្ញើសន្លឹកឆ្នោតនោះឱ្យទៅអាជ្ញាធររៀបចំការបោះឆ្នោតវិញ។
កន្លងមករដ្ឋទាំង ៥០ របស់អាមេរិកបានអនុញ្ញាតឱ្យមានការបោះឆ្នោតដោយប្រអប់សំបុត្រនេះ ចំពោះបុគ្គលដែលមានលក្ខខណ្ឌពិសេសដូចជាទាហានត្រូវឈរជើងនៅបរទេស ឬក៏ពលរដ្ឋអាមេរិកណាដែលមិនអាចវិលត្រឡប់មកបោះឆ្នោតវិញ បានទាន់ពេលឬលក្ខខណ្ឌផ្សេងៗទៀតប្រែប្រួលទៅតាមរដ្ឋនីមួយៗ។ ប៉ុន្តែដោយសារការរាលដាលនៃជំងឺកូវីដ ១៩ រដ្ឋភាគច្រើនបានពង្រីកសិទ្ធិឱ្យប្រជាជនទូទៅបោះឆ្នោតតាមរបៀបនេះ ដើម្បីការពារការរីករាលដាលជំងឺកូវីដ។
នៅថ្ងៃទី ២ ខែកញ្ញា រដ្ឋ North Carolina ក្លាយជារដ្ឋដំបូងគេដែលបានបញ្ជូនសន្លឹកឆ្នោតទៅពលរដ្ឋក្នុងរដូវកាលបោះឆ្នោតឆ្នាំ ២០២០ នេះ។ រដ្ឋទាំងអស់បើកទទួលសន្លឹកឆ្នោតវិញ ចាប់ពីថ្ងៃចែកសន្លឹកឆ្នោតរហូតដល់ថ្ងៃ ៣ ខែវិច្ឆិកាតែរដ្ឋមួយចំនួនដូចជា Pennsylvania និង Michigan មានច្បាប់ហាមមិនឱ្យរាប់សន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រមុនថ្ងៃបោះឆ្នោតទេ។
ត្រឹមថ្ងៃ ២៥ ខែកញ្ញា រដ្ឋចំនួន ៩ និងរដ្ឋធានីវ៉ាស៊ីនតោន(ខៀវ=៧ ក្រហម=១ ស=២) បានសម្រេចប្រើការបោះឆ្នោតតាមប្រអប់សំបុត្រជាសកល ដែលមានន័យថា ពលរដ្ឋគ្រប់រូបក្នុងតំបន់ទាំងនេះនឹងទទួលបានសន្លឹកឆ្នោតតាមប្រៃសណីយ៍។ (រដ្ឋខៀវ=រដ្ឋដែលលម្អៀងទៅរកបក្សប្រជាធិបតេយ្យ។ រដ្ឋក្រហម=រដ្ឋដែលលម្អៀងទៅរកគណបក្សសាធារណរដ្ឋ។ រដ្ឋស=រដ្ឋដែលទទួលឥទ្ធិពលប្រហាក់ប្រហែលគ្នាពីបក្សទាំង ២ ឬគេហៅថា Swing State)
រដ្ឋចំនួន ២៤ (រដ្ឋខៀវ=៣ រដ្ឋក្រហម=១៥ រដ្ឋស=៦) បើកសិទ្ធិឱ្យប្រជាជនបោះឆ្នោតតាមប្រអប់សំបុត្រដោយមិនចាំបាច់ដាក់ពាក្យស្នើសុំ។ រដ្ឋចំនួន ១២ ផ្សេងទៀត (រដ្ឋខៀវ=៦ រដ្ឋក្រហម=៣ រដ្ឋស=៣) ទាមទារឱ្យពលរដ្ឋដាក់ពាក្យស្នើសុំ ដើម្បីទទួលបានសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។ មានតែរដ្ឋចំនួន ៥ (រដ្ឋក្រហម=៥) ប៉ុណ្ណោះ ដែលមិនអនុញ្ញាតឱ្យមានការបោះឆ្នោតតាមប្រអប់សំបុត្រ ដោយសារជំងឺ COVID-19។
យ៉ាងណាមិញ លោក ត្រាំ បានខិតខំប្រឹងបន្ថយល្បឿននៃការពង្រីកការបោះឆ្នោតតាមប្រអប់សំបុត្រនេះ ចំពោះពលរដ្ឋទូទៅ ដោយបានដាក់ពាក្យបណ្ដឹងទៅលើកម្មវិធីបោះឆ្នោតតាមប្រអប់សំបុត្រជាសកលរបស់រដ្ឋ Nevada និងរដ្ឋ New Jersey ដោយបានលើកឡើងថា រដ្ឋទាំង ២ បានរំលោភរដ្ឋធម្មនុញ្ញ។
កាលពីខែសីហា សភារដ្ឋ Nevada បានអនុម័តច្បាប់លេខ AB-4 ដែលតម្រូវឱ្យពលរដ្ឋ Nevada គ្រប់រូបទទួលសន្លឹកឆ្នោតតាមសំបុត្រ។ មេធាវីលោក ត្រាំ បានជំទាស់ថា ច្បាប់នេះរំលោភរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ ចៅក្រមសាលាដំបូងបានឯកភាពជាមួយរដ្ឋអាជ្ញារដ្ឋ Nevada ថា ការតវ៉ារបស់លោក ត្រាំ គ្មានមូលដ្ឋាន និងបានបិទបញ្ចប់បណ្ដឹងនៅតុលាការដំបូង ប៉ុន្តែទុកពេល ១០ ថ្ងៃសម្រាប់ប្ដឹងបន្តទៅតុលាការឧទ្ធរណ៍។
លោក ត្រាំ ក៏បានប្ដឹងជំទាស់បទបញ្ជា (Executive Order) របស់អភិបាលរដ្ឋ New Jersey លោក Phil Murphy ដោយបានលើកឡើងថា បទបញ្ជាមិនត្រូវពាក់ព័ន្ធនឹងការបោះឆ្នោតឡើយ។ កាលពីខែមុនលោក Murphy បានចុះហត្ថលេខាលើបទបញ្ជាតម្រូវឱ្យពលរដ្ឋនៃរដ្ឋ New Jersey ភាគច្រើនបោះឆ្នោតតាមប្រអប់សំបុត្រ ហើយក្រោយពីលោក ត្រាំ បានដាក់បណ្ដឹងសភារដ្ឋ New Jersey ក៏បានអនុម័តបទបញ្ជានេះឱ្យក្លាយទៅជាច្បាប់តែម្តង។ បណ្ដឹងរបស់លោក ត្រាំ មិនដំណើរការទៅមុខដោយសារការអនុម័តនេះតែក្រុមមេធាវីរបស់លោកបានកែសម្រួលពាក្យបណ្ដឹងរង់ចាំការសម្រេចរបស់ចៅក្រម។
ក្រៅពីនេះ លោក ត្រាំ បានប្ដឹងកម្មវិធីប្រមូលសន្លឹកឆ្នោតតាមប្រអប់សុវត្ថិភាពដាក់នៅតាមស្រុករបស់រដ្ឋ Pennsylvania ដោយបានអះអាងថា ការធ្វើបែបនេះគឺធ្វើឱ្យប៉ះពាល់ដល់សន្តិសុខការបោះឆ្នោត និងរំលោភសិទ្ធិអ្នកបោះឆ្នោត។ រឿងក្ដីនេះត្រូវបានពន្យារដល់ថ្ងៃទី ៥ ខែតុលា ដោយសារចៅក្រមសាលាដំបូង US កំពុងរង់ចាំការសម្រេចរឿងក្ដីរបស់តុលាការរដ្ឋ Pennsylvania។
មកដល់សព្វថ្ងៃលោក ត្រាំ មិនមានភ័ស្តុតាងច្បាស់លាស់ថា មានការក្លែងបន្លំសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។ ការប្ដឹងរបស់លោកនៅរដ្ឋមួយចំនួនមិនមានការទៅមុខ ហើយបើសិនលោកចង់បញ្ឈប់ការបោះឆ្នោតរបៀបនេះ លោកនឹងត្រូវទៅប្ដឹងតវ៉ានៅគ្រប់ ៥០ រដ្ឋ ខណៈមានតែរដ្ឋចំនួន ៥ ទេ ដែលមិនព្រមពង្រីកការបោះឆ្នោតតាមប្រអប់សំបុត្រ ដោយសារការរាលដាលជំងឺ COVID-19 ធៀបនឹងរដ្ឋចំនួន ៤៥ ផ្សេងទៀតដែលបានពង្រីកសិទ្ធិឱ្យប្រជាជនបោះឆ្នោតតាមរបៀបនេះ។ ដូច្នេះមានភាគរយទាបណាស់ដែលលោក ត្រាំ អាចតវ៉ាបញ្ឈប់របៀបបោះឆ្នោតនេះដោយជោគជ័យមុនថ្ងៃទី ៣ វិច្ឆិកា។
តាក់ទិចដើម្បីបន្តធ្វើជាប្រធានាធិបតី
ក្នុងអត្ថបទវិភាគចុះផ្សាយក្នុងទស្សនាវដ្តី Newsweek អតីតសមាជិកព្រឹទ្ធសភាលោក Timothy E. Wirth និងអ្នកវិភាគនៅ Newsweek លោក Tom Rogers បានលើកឡើងអំពីសេណារីយ៉ូមួយថា លោក Joe Biden នឹងឈ្នះឆ្នោតនៅរដ្ឋសំខាន់ៗចំនួន ៤ Arizna Wisconsin Michigan និង Pennsylvania ដែលមានសភាគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។ ប៉ុន្តែ លោក ត្រាំ អាចនឹងប្រើតាក់ទិចមួយដែលធ្វើឲ្យលទ្ធផលដែលគាត់ចាញ់ឆ្នោតនៅក្នុងរដ្ឋទាំង ៤ ខាងលើនេះ ក្លាយជាចំណុចដែលជួយគាត់ឲ្យបន្តធ្វើជាប្រធានាធិបតីវិញបាន។
តាក់ទិចនេះ គឺថាលោក ត្រាំ ដែលនៅជាប្រធានាធិបតីក្នុងតំណែងនៅឡើយនឹងប្រកាសការស៊ើបអង្កេតទាក់ទងសន្តិសុខជាតិទៅលើការលូកដៃរបស់តួអង្គបរទេសចូលក្នុងការបោះឆ្នោតតាមប្រអប់សំបុត្រ។ សភាសាធារណរដ្ឋក្នុងរដ្ឋទាំង ៤ ប្រកាសផ្អាកការបញ្ជូនអ្នកតំណាងសន្លឹកឆ្នោតទៅ Electoral College លុះត្រាតែការស៊ើបអង្កេតត្រូវបានបញ្ចប់។ បក្សប្រជាធិបតេយ្យនឹងប្ដឹងតវ៉ាឱ្យរដ្ឋទាំង ៤ ឈប់ការផ្អាកបញ្ជូនអ្នកតំណាងសន្លឹកឆ្នោត។ បណ្ដឹងនឹងទៅដល់តុលាការកំពូលដែលអាចនឹងបន្តការផ្អាករបស់រដ្ឋទាំង ៤ រហូតដល់ការបញ្ចប់ការស៊ើបអង្កេតអាចនឹងហួសថ្ងៃជំនួប Electoral College ធ្វើឱ្យសំឡេងឆ្នោតពីរដ្ឋទាំង ៤ត្រូវបានទុកជាមោឃៈ។ ដោយសារបាត់បង់សំឡេងពីរដ្ឋទាំង ៤ គ្មានបេក្ខជនណាមួយទទួលបានសំឡេងគ្រប់ ២៧០។
តាមរដ្ឋធម្មនុញ្ញអាមេរិកបើសិនជាបេក្ខជនណាមួយមិនទទួលបាន ២៧០ សំឡេង ពី Electoral College ទេ នោះសភាតំណាងរាស្រ្តនឹងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីហើយព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងអនុប្រធានាធិបតី តែការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីនៅសភាតំណាងរាស្រ្ត គឺប្រព្រឹត្តទៅដោយបែងចែកសមាជិកទៅតាមរដ្ឋដែលពួកគេតំណាងហើយក្រុមនីមួយៗមានសំឡេងបោះឆ្នោតតែ ១ គត់ ដែលសរុបមានតែ ៥០ សំឡេងប៉ុណ្ណោះ។ រីឯការបោះឆ្នោតជ្រើសតាំងអនុប្រធានាធិបតីនៅព្រឹទ្ធសភាវិញសមាជិកទាំងអស់មានសំឡេងក្នុងការបោះឆ្នោតសរុប ១០០ សំឡេង។
សម្រាប់អាណត្តិបច្ចុប្បន្នបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើន ២៣២ ធៀបនឹង សំឡេង ១៩៨ របស់គណបក្សសាធារណរដ្ឋក្នុងសភាតំណាងរាស្ត្រ តែបើសិនបែងចែកសមាជិកទៅតាមរដ្ឋដែលពួកគេតំណាងគណបក្សសាធារណរដ្ឋមានក្រុមចំនួន ២៦ ហើយបក្សប្រជាធិបតេយ្យមាន ២៤ ក្រុម។ រីឯនៅព្រឹទ្ធសភាវិញបក្សសាធារណរដ្ឋមានសំឡេងភាគច្រើន ៥៣ ធៀបនឹង ៤៧ សំឡេងរបស់គណបក្សប្រជាធិបតេយ្យ។ សេណារីយ៉ូត្រូវបានបញ្ចប់ដោយលោក ត្រាំ ត្រូវបានសភាតំណាងរាស្រ្តបោះឆ្នោតឱ្យបន្តតំណែងជាប្រធានាធិបតី។
ដើម្បីឱ្យសេណារីយ៉ូនេះប្រព្រឹត្តទៅបានដោយជោគជ័យលោក ដូណាល់ ត្រាំ ត្រូវការការគាំទ្រពីតុលាការកំពូលអាមេរិក។ ជាហេតុគេសង្កេតឃើញថា លោក ត្រាំ និងព្រឹទ្ធសភាប្រញាប់ប្រញាល់ជ្រើសតាំងចៅក្រមថ្មីក្រោយពីមរណភាពរបស់លោកស្រី Ruth Bader Ginsberg។ បេក្ខជនចៅក្រមតុលាការកំពូលរបស់លោក ដូណាល់ ត្រាំ គឺលោកស្រី Amy Coney Barret ដែលជាចៅក្រមអភិរក្សនិយមដែលលោក ត្រាំ បានជ្រើសតាំងទៅតុលាការឧទ្ធរណ៍កាលពីឆ្នាំ ២០១៧។
គួរបញ្ជាក់ថា ការរៀបចំការបោះឆ្នោត គឺជាការទទួលខុសត្រូវរបស់រដ្ឋនីមួយៗ និងតែងតែមានវិធីបោះឆ្នោត និងច្បាប់បោះឆ្នោតខុសៗគ្នា។ ចំពោះការបោះឆ្នោតប្រធានាធិបតីវិញ គេប្រើប្រព័ន្ធ Electoral College ដែលរដ្ឋនីមួយៗត្រូវបានអនុញ្ញាតឱ្យមានសំឡេងឆ្នោតសមាមាត្រនឹងចំនួនប្រជាជនដែលសំឡេងសរុបមាន ៥៣៨។ ក្រោយពីការបោះឆ្នោតខែវិច្ឆិកា គេនឹងមានការជួបប្រជុំ Electoral College នៅខែធ្នូ ដែលរដ្ឋនីមួយៗត្រូវបញ្ជូនតំណាងសន្លឹកឆ្នោតស្មើនឹងចំនួនសំឡេងរបស់រដ្ឋ។ ដើម្បីក្លាយជាប្រធានាធិបតីបេក្ខជនត្រូវតែទទួលសំឡេងភាគច្រើន ២៧០ ក្រោយកិច្ចប្រជុំ Electoral College។
រដ្ឋចំនួន ៣៨ មានរដ្ឋមន្ត្រីទទួលបន្ទុកការបោះឆ្នោត (Secretary of State) ១ រូបៗ សម្រាប់ដឹកនាំរៀបចំការបោះឆ្នោត ហើយរដ្ឋចំនួន ១២ ផ្សេងទៀត មានគណ:កម្មការរៀបចំការបោះឆ្នោតប្រចាំរដ្ឋនីមួយៗ។ ប៉ុន្តែអភិបាល និងសភារដ្ឋនៅតែមានឥទ្ធិពលលើស្ថាប័នទាំងនេះ៕