ក្រុង​អ៊ីស្លាម៉ាបាដៈ​ លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ អ៊ីមរ៉ាន ​ខាន់​ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ធ្វើ​ការ​ពិភាក្សា​អំពី​ភាព​តានតឹង​នៅ​ក្នុង​តំបន់​កាស្មៀរ​ដែល​មាន​ជម្លោះ ១ ​ថ្ងៃ ​ក្រោយ​ពី​ឥណ្ឌា​រិះគន់​ជំនួប​ដ៏​កម្រ​នេះ​។

ភាព​តានតឹង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ចាប់​តាំង​ពី​ប្រទេស ​ឥណ្ឌា ​កាល​ពី​ដើម​ខែ​នេះ ​បាន​កាត់​យក​​ផ្នែក​នៃ​តំបន់​កាស្មៀរ​ ដែល​ខ្លួន​បាន​គ្រប់គ្រង​ស្វ័យភាព​របស់​ខ្លួន ​ដែល​បាន​នាំ​​ឲ្យ​មាន​ការ​អំពាវនាវ​ពី​ប្រទេស ​ប៉ាគីស្ថាន ​សុំ​ឲ្យ​​សហគមន៍​អន្តរជាតិ ​ដើម្បី​អន្តរាគមន៍​ទៅ​លើ​បញ្ហា​មាន​អាយុ​ ២ ​ទសវត្សរ៍​ហើយ​នោះ​។

លោក ​ខាន់​ បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ ក្រោយ​ពី​ការ​ចរចា​នៅ​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​សុក្រ ​ជា​លើក​ទី១ ​ដែល​ផ្តោត​ទៅ​លើ​តំបន់​ហិមាល័យ​ចាប់​តាំង​ពី​ឆ្នាំ ​១៩៧១ ​ថា៖ ​«​ខ្ញុំ​បាន​ស្វាគមន៍​ជំនួប​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ដើម្បី​ពិភាក្សា​​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នៅ​តំបន់​កាស្មៀរ​នោះ​»។ ​

លោក​បាន​ថ្លែង​ថា​៖ «ការ​ដោះស្រាយ​ការ​ឈឺ​ចាប់​របស់​ប្រជាជន​កាស្មៀរ​ និង​ធានា​ឲ្យ​មាន​ដំណោះ​ស្រាយ​ចំពោះ​ជម្លោះ​នោះ​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គការ​ពិភព​លោក​មួយ​នេះ​»​។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ Shah Mehmood Qureshi ​​បាន​ថ្លែង​ថា ​ប្រទេស ​ប៉ាគីស្ថាន ​កំពុង​បង្កើត​ការិយាល័យ​របស់​កាស្មៀរ​នៅ​រដ្ឋធានី​នានា​នៅ​បរទេស​ ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ការ​គាំទ្រ​ដល់​ពលរដ្ឋ​កាស្មៀរ​។

លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ អ៊ីមរ៉ាន ​ខាន់ បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​មួយ​ជាមួយ​អ្នក​នាំពាក្យ​យោធា​លោក​ Asif Ghafoorថា កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​នេះ ​នឹង​ត្រៀម​ធ្វើ​ការ​​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​បង្ក​​គ្រោះថ្នាក់​ណា​មួយ​របស់​ឥណ្ឌា​បន្ទាប់​ពី​ជំនួប​ជាមួយ​អង្គការ​សហប្រជាជាតិ៕ AFP/PSA