ក្រុងហ្គាហ្សាៈ ​ក្រសួង​សុខា​ភិបាល ​ប៉ាឡេស្ទីន​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ពល​រដ្ឋប៉ាឡេស្ទីន​បី​នាក់ ​បាន​ស្លាប់ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ពី​ទាហាន អ៊ីស្រា​អែល ​បាញ់​​នៅ​ក្នុង​អំឡុង​ការ​តវ៉ា​នៅ​តំបន់ ​ហ្គា​ហ្សា​​។

ការ​ស្លាប់​របស់​​ពួក​គេ​ នាំ​ឲ្យ​ចំនួន​ពល​រដ្ឋ​ប៉ាឡេ​ស្ទីនដែលស្លាប់ ឡើងដល់ ​៦២​ នាក់​ ដោយ​សារ​អ៊ីស្រាអែល​បាញ់ ​កាល​ពី​ថ្ងៃ​ចន្ទ​ សប្តាហ៍​មុន ​នៅ​ពេល​ពល​រដ្ឋ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​ បានធ្វើ​ការ​​តវ៉ា ​ខណៈ​អាមេរិក​ រើ​ស្ថាន​ទូត​របស់​ខ្លួន​ពី​ក្រុង​តែល ​អាវីវ ​ទៅ​កាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិម​ ជា​ផ្លូវ​ការ​នោះ។​​​​​

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​សៅរ៍​ក្រសួង​ ដែល​គ្រប់​គ្រង​ដោយ​ឧទ្ទាម​ហា​ម៉ាស​ បាន​ថ្លែង​ថា​ បុរស​ទាំង​បី​នាក់​នោះ​គឺ ​ Mohammed Mazen Alyan ​មាន​វ័យ​២០​ឆ្នាំ Moein Abdel-Hamid Al-Saai ​មាន​វ័យ​៥៨​ឆ្នាំ​និង​ Ahmed Samara​ មាន​វ័យ ២១ ​ឆ្នាំ​។

ក្រសួង​នោះ​បាន​ឲ្យ​ដឹង​ថា Alyan ​ត្រូវ​រង​របួស​នៅ​ភាគ​ខាង​កើត​នៃ​ជំរំ​ជន​ភៀស​ខ្លួន​ Al-Bureij ខណៈ​ប្រភព​សុខា​ភិបាល​ បាន​រាយ​ការណ៍​ថា Al-Saai ​ត្រូវ​រង​របួស​នៅ​ភាគ​ខាង​កើ​ត​ក្រុង​ ហ្គាហ្សា​។ ​

Samara ​ត្រូវ​រង​របួស​នៅ​ភាគ​ខាង​កើត​ក្រុង​ Jabalia​ នៅ​ភាគ​ខាង​ជើង​ដែន​ដី​ប៉ា​ឡេ​ស្ទីន​៕ PSA