ក្រុង​រ៉ាម៉ាល់ឡាហ៍៖​ ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​អង្គារ​ បាន​រិះគន់​ក្រុម​មន្ត្រី​អ៊ីស្រាអែល​ ជុំវិញ​សេចក្តី​ថ្លែងការណ៍​នានា​ ដែល​បាន​ប្តេជ្ញា​ចិត្ត​ដាក់​បញ្ចូល​ផ្នែក​ខ្លះ​នៃ​តំបន់​វ៉េសប៊ែង​ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់​អ៊ីស្រា​អែល​។​

អ្នក​នាំពាក្យ​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក​ ណាប៊ីលអាប៊ូ​ រ៉ូ​ឌីណាហ៍​ នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែល​លោក​ បេនចាមីន​ នេតានីយ៉ាហ៊ូ ​និង​ប្រធាន​គណបក្ស ​Blue and ​White-party ​Benny​ Gantz​ថា​៖ «សេចក្តី​ថ្លែងការណ៍​នោះ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​ជា​មូលដ្ឋាន​ និង​ធ្វើ​ឲ្យ​តំបន់​ទាំង​មូល​ធ្លាក់​ចូល​ទៅ​ក្នុង​ដំណាក់​កាល​ជម្លោះ ​និង​អស្ថិរភាព​ដ៏​គ្រោះថ្នាក់​ថ្មី​មួយ​ជាក់​ជា​មិន​ខាន​»​។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ប៉ាឡេស្ទីន​ផ្លូវ​ការ​ វ៉ាហ្វា ​(WAFA) ​​ថា ​ប្រធានាធិបតី​ប៉ាឡេស្ទីន​ បាន​ព្រមាន​ក្រុម​មន្ត្រី​អ៊ីស្រាអែល​ទាំង​អស់​ ដែល​បាន​ធ្វើ​ការ​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​បែប​នេះ​ថា ​ខ្លួន​នឹង​មាន​ផល​វិបាក​យ៉ាង​ខ្លាំង​ ជុំវិញ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទាំងអស់​ និង​ការ​យោគយល់​គ្នា​​រវាង​ភាគី​ទាំង ​២​។​

លោក​ អាប៊ូ រ៉ូ​ឌីណាហ៍ ​បាន​ស្នើសុំ​ឲ្យ​សហគមន៍​អន្តរជាតិ ​«ចាត់​វិធានការ​ឲ្យ​បាន​​ខ្លាំង​ក្លា​ប្រឆាំង​ឥរិយាបថ​របស់​អ៊ីស្រាអែល​បែប​នេះ​​ ដែល​បាន​គំរាម​កំហែង​ដល់​សន្តិភាព​ សន្តិសុខ ​និង​ស្ថិរភាព​របស់​ពិភព​លោក​ទាំង​មូល​ផង​ដែរ​​»​។​

លោក ​ហាហ្ស៊ីម​ ហ្គាសស្ស៊ីម​ ជា​អ្នក​នាំពាក្យ​ក្រុម​ហាម៉ាស​នៅ​ក្នុង​តំបន់​ហ្គាហ្សា​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​«វា​គឺ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ និង​បន្ត​បដិសេធ​សេចក្តី​សម្រេច​របស់​អន្តរជាតិ​ដោយ​​អ៊ីស្រា​អែល​»​៕ Xinhua/SK