ក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ កាលពីថ្ងៃចន្ទ បានបញ្ជាក់អំពីតម្រូវការដើម្បី «ចរចាវិជ្ជមាន» រវាងកូរ៉េ-ខាងត្បូង និងប្រទេស ជប៉ុន ជាសម្ព័ន្ធមិត្តទាំង ២ របស់អាមេរិកដែលបានជាប់គាំងនៅក្នុងជម្លោះយ៉ាងជូរចត់មួយជុំវិញបញ្ហាពាណិជ្ជកម្ម និងប្រវត្តិសាស្ត្រអតីតកាល។
យោងតាមក្រសួងការបរទេសបានឲ្យដឹងថា លោក ម៉ៃក៍ ប៉ុមប៉េអូ បានពិភាក្សាអំពីបញ្ហានោះតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់ជប៉ុន គឺលោក Toshimitsu Motegi ខណៈលោកបានអបអរសាទរសមភាគីរបស់លោកចំពោះការចូលកាន់តំណែងថ្មី និងបានអះអាងជាថ្មីអំពីការពង្រឹងសម្ព័ន្ធមិត្តទ្វេភាគីផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បានថ្លែងថា៖ «រដ្ឋមន្ត្រីការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ បានបញ្ជាក់អំពីតម្រូវការដើម្បីចរចាវិជ្ជមានរវាងប្រទេស ជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង និងដើម្បីកិច្ចសហប្រតិបត្តិការជាមួយក្រុមដៃគូ និងសម្ព័ន្ធមិត្ត នៅក្នុងការធានាសេរីភាព និងបើកចំហអនាគតសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោកស្រីអ្នកនាំពាក្យបានថ្លែងថា លោក ប៉ុមប៉េអូ បាន «បញ្ជាក់ម្តងហើយម្តងទៀត អំពីគោលបំណងចែករំលែកនៃការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបានផ្ទៀងផ្ទាត់ពេញលេញ និងជាលើកចុងក្រោយផងដែរ»។
ទីក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភថា ទំនាក់ទំនងបានជាប់គាំង រវាងទីក្រុងសេអ៊ូល និងក្រុងតូក្យូ នឹងធ្វើប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការទ្វេភាគីប្រឆាំងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងវត្តមានរបស់យោធាចិនចេះតែកើនឡើងឥតឈប់ឈរនៅក្នុងតំបន់ជម្លោះនោះ៕ Yonhap/SK