ក្រុង​កូវ៉ែតៈ ​អ្នក​ការទូត កំពូល​​អាមេរិក​ លោក​ ម៉ៃក៍​ ប៉ុមប៉េអូ កាល​ពី​ថ្ងៃ​ពុធ ​បាន​ស្វះស្វែង​ជំរុញ​ឲ្យ​រណសិរ្ស​រួបរួម​មួយ​ប្រឆាំង​អ៊ីរ៉ង់​នៅ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា​ ដែល​នៅ​ក្នុង​នោះ​នឹង​រួម​មាន​កិច្ច​ចរចា​មួយ​ចំនួន ​ជា​មួយ​សម្ព័ន្ធមិត្ត​សំខាន់​របស់​ក្រុង​វ៉ាស៊ីនតោន​គឺ​ លោក ​នាយក​រដ្ឋមន្ត្រី​ បេន​ចាមីន ​នេតានីយ៉ាហ៊ូ ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​នៅ​​អ៊ីស្រាអែល​។​

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​រូប​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​នៅ​ក្រុង​កូវ៉ែត​ ជា​ទី​ដែល​លោក​ បាន​ជួប​ជា​មួយ​ លោក ​Emir ​Sheikh ​Sabah​al-Ahmad ​Al-Sabah​ មុន​​នឹង​លោក​បន្ត​ដំណើរ​ទៅ​​អ៊ីស្រាអែល ​និង​លីបង់​​។​

លោក​​​ ប៉ុមប៉េអូ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​លើ​យន្តហោះ​ចេញ​ពី​អាមេរិក​ថា ​លោក​នឹង​ពិភាក្សា ​«​អំពី​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​» ​និង​ត្រូវ​ការ​ប្រយុទ្ធ​ប្រឆាំង ​«​ទៅ​នឹង​ការ​គំរាម​កំហែង​ ដែល​បាន​បង្ក​ឡើង​ដោយ​សាធារណរដ្ឋ​អ៊ិស្លាម គឺ ​​អ៊ីរ៉ង់​»​ ជា​មួយ​ក្រុម​មេ​ដឹកនាំ​នៅ​ក្នុង​តំបន់​នោះ​។​

លោក​ បាន​ជំរុញ​ឲ្យ​ដើរ​តួនាទី​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ​សម្រាប់​សម្ព័ន្ធ​មិត្ត​យុទ្ធសាស្ត្រ​មជ្ឈិម​បូព៌ា​ គឺ អង្គការ​ណាតូ​អារ៉ាប់​គាំទ្រ​ដោយ​អាមេរិក​ ដែល​មាន​គោល​បំណង​រួបរួម​ជា​មួយ​សម្ព័ន្ធមិត្ត​អារ៉ាប់​របស់​ក្រុង​វ៉ាស៊ីនតោន​ប្រឆាំង​ក្រុង​​តេអេរ៉ង់​។

បន្ទាប់​ពី​កូវ៉ែត ​លោក ​ប៉ុមប៉េអូ ​នឹង​ហោះ​ទៅ​កាន់​ប្រទេស ​អ៊ីស្រាអែល ​ជា​ទី​ដែល​យុទ្ធនាការ​បោះ​ឆ្នោត​មួយ ​គឺ​នៅ​ក្នុង​​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​របស់​អ៊ីស្រាអែល ​ដោយ​លោក​ នេតានីយ៉ាហ៊ូ ​​កំពុង​​​ធ្វើ​ការ​ប្រជែង​ជា​​មួយ​​គូ​បដិបក្ខ​អ្នក​កណ្តាល​និយម​​​របស់​លោក។

ចំណែក​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់​​ថា ​ខ្លួន​ មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​​​នយោបាយ របស់​អ៊ីស្រាអែល​នោះ​ទេ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​សញ្ញា​មួយ​នៃ​ការ​គាំទ្រ ​លោក​ នេតានីយ៉ាហ៊ូ ​ដែល​កំពុង​តស៊ូ ​ដើម្បី​រក្សា​អំណាច​យ៉ាង​ណែន​នៅ​ក្នុង​ដៃ​របស់​លោក​ ខណៈ​លោក​កំពុង​​ប្រឈម​​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ និង​ការ​កិបកេង​​ប្រាក់​របស់​រដ្ឋ៕ AFP/SK