ក្រុង​ប៉ារីស៖ ​ប្រភព​ខ្លះ​ស្និទ្ធ​ទៅ​នឹង​ករណី​នេះ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា ​កងកម្លាំង​សន្តិសុខ​បារាំង​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ចាប់​ខ្លួន​បុរស ​៧ ​នាក់ ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ កំពុង​រៀបចំ​ផែនការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​នៅ​ក្នុង​ប្រទេស ​បារាំង​ និង​កំពុង​រៀបចំ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​មួយ​ចំនួន​នៅ​​អ៊ីរ៉ាក់ ​និង​ស៊ីរី​។​

ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ទីភ្នាក់ងារ​ចារកម្ម ​DGSI​ នៅ​ក្នុង​ប្រទេស ​បារាំង​ នៅ​ក្នុង​ទីក្រុង​ឆ្នេរ​សមុទ្រ​ប្រ៊ីស​ភាគ​ខាង​លិច​ និង​នៅ​ជុំវិញ​តំបន់​ហ្វីនីសស្តឺរី​។​

ប្រភព​មួយ​ក្នុង​ចំណោម​ប្រភព​ខ្លះ​បាន​ថ្លែង​ថា​ បុរស​ខ្លះ​ក្នុង​ចំណោម​បុរស​ទាំង ​៧ ​នាក់​ ​គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ ​«Fiche S» ​របស់​ប្រទេស​ បារាំង​ ដែល​បាន​បង្ក​អសន្តិសុខ​យ៉ាង​ខ្លាំង​ ដោយសារ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​។​

ការ​ស៊ើប​អង្កេត​នឹង​បន្ត​ប្តេជ្ញា​ចិត្ត​ធ្វើ​ឡើង​ថា ​តើ​ក្រុម​ជន​សង្ស័យ​ទាំង​នោះ​ ពួក​គេ​មាន​គម្រោង​រៀបចំ​ផែនការ​ទុក​មុន​យូរ​ប៉ុនណា ដើម្បី​វាយ​ប្រហារ​ និង​ធ្វើ​ដំណើរ​​ទៅ​កាន់​មជ្ឈិមបូព៌ា​នោះ​។​

ប្រទេស ​បារាំង ​បាន​ប្រកាស​អាសន្ន​ក្នុង​កម្រិត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចាប់​តាំង​ពី​មាន​រលក​នៃ​ការ​វាយ​ប្រហារ​ជីហាដ​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ ​២០១៥​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​២៥០ ​នាក់​មក​នោះ​។​

ពលរដ្ឋ​បារាំង​រាប់​សិប​នាក់​ បាន​ចាកចេញ​ពី​ប្រទេស​ទៅ​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​​ស៊ីរី​ និង​អ៊ីរ៉ាក់​ នៅ​មុន​កងកម្លាំង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​បោស​សម្អាត​ក្រុម​បះបោរ​ទាំង​នោះ​ចេញ​ពី​ទឹក​ដី​របស់​ពួក​គេ ​ដែល​គេ​ហៅ​ឈ្មោះ​ថា ​«កាលិហ្វ​» ​កាល​ពី​ឆ្នាំ ​១០១៩​។​

ក្រុម​មេ​ដឹកនាំ ​IS បាន​ជំរុញ​ឲ្យ​ក្រុម​បរិវារ​​នៅ​ក្នុង​ប្រទេស ​បារាំង​ បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​កំណើត​របស់​ពួក​គេ៕ AFP/SK