ក្រុងហ្សាការតាៈ ប៉ូលិសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា ពួកគេកំពុងស៊ើបអង្កេតទៅលើរបាយការណ៍ជាច្រើនដែលថា យ៉ាងហោចណាស់បាតុករម្នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិច ដែលបានផ្ទុះឡើងនៅកណ្តាលក្រុងហ្សាការតានៅពេលយប់ ក្រោយពីមានការប្រមូលផ្តុំមួយប្រឆាំងទៅនឹង ជូកូ វីដូដូ ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីឥណ្ឌូនេស៊ីជាថ្មី។
ក្រុមអាជ្ញាធរបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករឲ្យចេញពីទីប្រជុំជនក្រុងហ្សាការតាកាលពីព្រឹកថ្ងៃពុធ ខណៈបាតុករខ្លះ មិនព្រមចាកចេញពីតំបន់នោះទេ ហើយបានដុតកាំជ្រួច និងគប់ដុំថ្មទៅលើប៉ូលិស។
យោងតាមអ្នកកាសែត AFP ម្នាក់ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្រុមបាតុករខ្លះ បានដុតតូបនៅក្នុងផ្សារអស់ជាច្រើន និងរថយន្តមួយចំនួនទៀត ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
ភ្លាមៗនោះ នៅមិនទាន់បានដឹងច្បាស់ថា តើមានក្រុមបាតុករ ឬប៉ូលិសប៉ុន្មាននាក់ បានរងរបួសទេ។
ប៉ុន្តែអ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូនេស៊ី លោក Dedi Prasetyo បានថ្លែងថា ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតរបាយការណ៍ខ្លះថា មានបាតុករម្នាក់បានស្លាប់ដោយគ្រាប់កាំភ្លើង ទោះបីជា លោកបានបដិសេធថា ប៉ូលិសមិនបានបាញ់គ្រាប់កាំភ្លើងពិតទេ ហើយកងកម្លាំងជាង ៣ ម៊ឺននាក់ ត្រូវបានដាក់ពង្រាយ។
លោក Dedi Prasetyo បានបន្ថែមថា៖ «មនុស្សប្រហែល ២០ នាក់ ត្រូវបានចាប់ខ្លួន»៕ AFP/SK