ប៉ូលិស​មីយ៉ាន់ម៉ា​បាន​ដាក់​ពាក្យ​បណ្ដឹង​លើ​មេ​ដឹកនាំ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​លោកស្រី ​អ៊ុងសាន ស៊ូជី ពី​បទ​ការ​នាំ​ចូល​ឧបករណ៍​សារ​គមនាគមន៍​ខុស​ច្បាប់​ធ្វើ​ឱ្យ​មាន​មូលដ្ឋាន​ឃុំ​ខ្លួន​លោកស្រី​រហូតដល់​ថ្ងៃទី ១៥ កុម្ភៈ សម្រាប់​ធ្វើ​ការ​ស៊ើប​អង្កេត។ នេះ​បើតាម​ឯកសារ​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ពុធ ទី ៣ កុម្ភៈ។

ឯកសារ​នោះ សរសេរ​ថា ប៉ូលិស​បាន​រក​ឃើញ​វិទ្យុ​ទាក់ទង​ចំនួន ៦ ក្នុង​ការ​ឆែកឆេរ​គេហដ្ឋាន​របស់​លោកស្រី​នៅ​រដ្ឋធានី Naypyidaw កាល​ពី​ថ្ងៃ​ចន្ទ ទី ១ កុម្ភៈ ដែល​អះអាង​ថា ឧបករណ៍​ទាំង​នោះ គឺ​ត្រូវ​បាន​នាំចូល​ដោយ​ខុស​ច្បាប់ ហើយ​ប្រើប្រាស់​ដោយ​មិន​មាន​ការ​អនុញ្ញាត។

ប៉ូលិស​បាន​ស្នើសុំ​ការ​ឃុំខ្លួន​លោកស្រី ​អ៊ុងសាន ស៊ូជី គឺ «ដើម្បី​សាកសួរ​សាក្សី​ស្នើសុំ​ភ័ស្តុតាង និង​ស្វែងរក​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​បន្ទាប់​ពី​សាកសួរ​ចុង​ចោទ»។

ប្រសិន​បើ​លោកស្រី​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​លោកស្រី​អាច​ប្រឈម​មុខ​ការ​ជាប់​ពន្ធនាគារ​ជា​អតិបរមា ៣ ឆ្នាំ។

ឯកសារ​មួយ​ផ្សេង​ទៀត បាន​បង្ហាញ​ថា ប៉ូលិស​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លើ​លោក​ប្រធានាធិបតី Win Myint ក្រោម​ការ​ចោទ​ប្រកាន់​ថា ​លោក​បាន​រំលោភ​គោលការណ៍​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ កាល​ពី​លោក​ធ្វើ​យុទ្ធនាការ​បោះឆ្នោត។

ការ​ដាក់​ពាក្យ​បណ្ដឹង​ធ្វើ​ឡើង​បន្ទាប់​ពី​កង​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋ​ប្រហារ និង​ចាប់​ខ្លួន​លោកស្រី ​អ៊ុងសាន ស៊ូជី និង​មន្ត្រី​រដ្ឋាភិបាល​ស៊ីវិល​ផ្សេង​ទៀត។ កង​យោធា​បាន​អះអាង​ថា​ រដ្ឋាភិបាល​ស៊ីវិល​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ក្លែងបន្លំ​ការ​បោះឆ្នោត​ប្រព្រឹត្ត​កាល​ពី​ខែ​វិច្ឆិកា ២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​លោកស្រី ​អ៊ុងសាន ស៊ូជី បាន​ឈ្នះ​អាសនៈ​រដ្ឋសភា​ចំនួន ៣៩៦ ក្នុង​ចំណោម ៤៧។ កាល​ពី​ថ្ងៃ​ចន្ទ ទី ១ កុម្ភៈ កង​យោធា​បាន​ប្រកាស​ថា ​អំណាច​ទាំង​អស់​ត្រូវ​បាន​ផ្ទេរ​ពី​រដ្ឋាភិបាល​ស៊ីវិល​ទៅ​លោក​ឧត្ដមសេនីយ៍ Min Aung Hlaing អគ្គ​មេ​បញ្ជាការ​កង​យោធា​ក្នុង​គ្រាអាសន្ន​រយៈពេល ១ ឆ្នាំ។

សេវាកម្ម​ទូរស័ព្ទ និង​អ៊ីនធឺណិត​ត្រូវ​បាន​បិទ​នៅ​ទីក្រុងធំៗ ហើយ​កាលពី​​ថ្ងៃ​ព្រហស្បតិ៍ ទី ៤ កុម្ភៈ រដ្ឋាភិបាល​យោធា​បាន​បញ្ជា​ឱ្យ​ក្រុម​សេវាកម្ម​អ៊ីនធឺណិត​ទាំង​អស់​ឱ្យ​បិទ​មិន​ឱ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook រហូត​ដល់​ថ្ងៃទី ៧ ដើម្បី​រក្សា​ស្ថិរភាព​ប្រទេស។

ការ​ចាប់​ខ្លួន​មន្ត្រី​ស៊ីវិល​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ជាច្រើន។ បុគ្គលិក​នៅ​មន្ទីរពេទ្យ​រដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ឈប់​ធ្វើ​ការ ឬ​ពាក់​ខ្សែបូ​ពណ៌​ក្រហម​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​តវ៉ា។ ពួក​គេ​បាន​ចោទ​ប្រកាន់​កងទ័ព​ថា ​បាន​ដាក់​ផល​ប្រយោជន៍​របស់ខ្លួន​ពី​មុខ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាលដាល​ជំងឺ​កូវីដ ១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣ ១០០ នាក់​មក​ហើយ ជា​តួលេខ​មួយ​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​គឺ​គ្រាន់​តែ​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​មួយ​នេះ ដែល​ពោរពេញ​ទៅ​ដោយ​ការ​តស៊ូ​ដណ្ដើម​ការ​គ្រប់គ្រង​រវាង​ស៊ីវិល និង​យោធា។

ប្រទេស​មីយ៉ាន់ម៉ា ដែល​កាល​ពី​មុន​មាន​ឈ្មោះ​ថា ភូមា បាន​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ ១៩៤៨ តែ​រដ្ឋាភិបាល​ស៊ីវិល​ត្រូវ​បាន​ផ្ដួល​រលំ​ដោយ​កង​យោធា​នៅ​ឆ្នាំ ១៩៦២ ដែល​កាន់​អំណាច​ផ្ដាច់ការ​រហូត​ដល់​ឆ្នាំ ២០១០។

ការ​បះបោរ​មួយ​នៅ​ឆ្នាំ ១៩៨៨ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​យោធា​រៀបចំ​ការ​បោះឆ្នោត​ជា​លើក​ដំបូង​នៅ​ឆ្នាំ ១៩៩០ ដែល​ការ​បោះឆ្នោត​នេះ​ត្រូវ​បានឈ្នះ​ដោយ​គណបក្ស NLD ប៉ុន្តែ​សមាជិក​សភា​ជាប់​ឆ្នោត​ដែល​រួមមាន ​អ៊ុងសាន ស៊ូជី ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អស់​មុន​ពួក​គេ​ចូល​កាន់​អំណាច។ នៅ​ឆ្នាំ​បន្ទាប់​លោកស្រី ​អ៊ុងសាន ស៊ូជី បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព ខណៈ​ពេល​ដែល​លោកស្រី​ជាប់​ឃុំ​នៅ​គេហដ្ឋាន។

នៅ​ឆ្នាំ ២០១០ នាយ​ឧត្ដមសេនីយ៍ Than Shwe បាន​ប្រកាស​ថា ប្រទេស​នេះ នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​មេ​ដឹកនាំ​ស៊ីវិល តែ​បាន​ធានា​ថា ​យោធា​នឹង​រក្សា​អំណាច​ជាច្រើន ដូច​ជាការ​គ្រប់គ្រង​ក្រសួង​សំខាន់ៗ​ជាដើម។ ពួក​គេ​បាន​ដោះលែង​អ្នក​ទោស​នយោបាយ ដែល​រួម​ទាំង​សមាជិក​សភា​គណបក្ស NLD។

លោកស្រី ​អ៊ុងសាន ស៊ូជី ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​កាល​ពី​ឆ្នាំ ២០១២ ឱ្យ​ក្លាយ​ជា​ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា។ នៅ​ឆ្នាំ ២០១៥ គណបក្ស NLD បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​សភា​ដែល​កាល​នោះ កង​យោធា​បាន​គោរព​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។

លោកស្រី​ អ៊ុងសាន ស៊ូជី​ ខណៈ​ដែល​មាន​ប្រជាប្រិយ​ក្នុង​ចំណោម​ពុទ្ធសាសនិក​ភាគ​ច្រើន​នៅ​មីយ៉ាន់ម៉ា​បាន​មើល​ឃើញ​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់​លោកស្រី​ធ្លាក់​ចុះ ដោយសារ​ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​លោកស្រី​ទៅ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​កាន់​សាសនា​អ៊ិស្លាម។ នៅ​ឆ្នាំ ២០១៧ កងទ័ព​មីយ៉ាន់ម៉ា​បាន​បង្កើន​ការ​បង្ក្រាប​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​ឈាន​ដល់​ការ​សម្លាប់​រង្គាល។

លោកស្រី​ អ៊ុងសាន ស៊ូជី មិន​បាន​ថ្កោល​ទោស​សកម្មភាព​នេះ​ទេ ហើយ​រួម​ទាំង​ចូលរួម​ក្នុង​ការ​ការពារ​កង​ទ័ព​ថែមទៀត៕